សមាគមម្រេចកំពតបានឱ្យដឹងថា ផលិតកម្មម្រេចខេត្តកំពតដែលជាផលិតផលមួយក្នុងចំណោមផលិតផលតែ 2គត់របស់ប្រទេសកម្ពុជា ដែលទទួលបានការចុះបញ្ជីជាសញ្ញាណបង្ហាញភូមិសាស្ត្រនៅសហភាពអឺរ៉ុបត្រូវបានរំពឹងថា ទិន្នផលនឹងកើនឡើងខ្លាំងក្នុងឆ្នាំនេះ។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត (KPPA)បានមានប្រសាសន៍ឱ្យ ដឹងថា៖ “ទោះជាយ៉ាងណាក៏ដោយ តួលេខនេះត្រូវបានគេមើលឃើញថាទាបជាងឆ្នាំ 2017 នៅពេលដែលឆ្នាំនោះ ផលិតផលជាង 100តោនត្រូវសមាគមផលិតបាន បើទោះបីអាកាសធាតុមិនអំណោយផល ក្នុងរដូវប្រមូលផលក្ដី តែយើងនៅតែរំពឹងថា ទិន្នផលម្រេចកំពតនៅឆ្នាំនេះ នឹងអាចប្រមូលបានចន្លោះពី 80 ឬឈានដល់ប្រហែលជា 90តោន”។
លោកឡាយបានថ្លែងថា រហូតមកដល់ពេលនេះ ក្នុងឆ្នាំនេះយើងប្រមូលផលបានប្រហែល 70%ហើយ ដោយគិតពីពេលចាប់ផ្តើមនៅខែមីនា រហូតដល់ចុងខែមិថុនា។
លោកប្រធានសមាគមបានមានប្រសាសន៍ទៀតថា៖“ មានក្រុមហ៊ុននាំចេញផលិតផលម្រេច3 កំពុងដាក់ពាក្យស្នើសុំចូលរួមក្នុងអង្គការដែលមានក្រុមហ៊ុនចំនួន 35 បានចុះឈ្មោះជាសមាជិក។ យើងសង្ឃឹមថា សមាជិកថ្មីទាំងនេះនឹងជួយយើងពង្រីកទីផ្សាររបស់យើង”។ លោកបានបញ្ជាក់ថា សមាជិកសក្តានុពលទាំងនោះបានបង្ហាញថា ពួកគេម្នាក់ៗបានដាក់ការបញ្ជាទិញពីម្រេចពី 2 ទៅ 10តោនក្នុង 1រដូវកាល។
លោក ងួន ឡាយ បានចង្អុលបង្ហាញថា ម្រេចកំពតប្រមាណជា50% ត្រូវបានដឹកជញ្ជូនទៅសហភាពអឺរ៉ុប ហើយប្រហែល20% ត្រូវបាននាំចេញទៅកាន់បណ្តាប្រទេសដទៃទៀត ដែលភាគច្រើន គឺសហរដ្ឋអាមេរិក កាណាដា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងប្រទេសរុស្ស៊ី និងនៅសល់30% ត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ផលិតផលម្រេចកំពតមាន 3ប្រភេទ គឺម្រេចខ្មៅដែលលក់ក្នុងតម្លៃប្រហែល 15ដុល្លារ ម្រេចក្រហមតម្លៃ 25ដុល្លារ និងម្រេចសតម្លៃ 28ដុល្លារក្នុង 1គីឡូក្រាម។ ប្រធានសមាគម បាននិយាយថាតម្លៃនេះមិនបានផ្លាស់ប្តូរទេក្នុងរយៈពេល 4ឆ្នាំចុងក្រោយនេះ។
គិតត្រឹមដើមឆ្នាំ2019 ផ្ទៃដីដាំដុះម្រេចកំពតមានចំនួន 240ហិកតា ខណៈផ្ទៃដីប្រមូលផលមានជាង100ហិកតា។ តំបន់ដែលអាចផលិតម្រេចកំពតបាន រួមមាន ស្រុកកំពង់ត្រាច ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត ខេត្តកំពត ព្រមទាំងនៅស្រុកដំណាក់ចង្អើរ និងក្រុងកែប ខេត្តកែបផងដែរ។
លោក ងួន ឡាយ បានថ្លែងឱ្យដឹងថា៖ “ថ្វីដ្បិតតែឆ្នាំនេះអាកាសធាតុល្អជាងឆ្នាំមុនមែន ក៏ប៉ុន្តែបញ្ហាប្រឈមសំខាន់របស់កសិករម្រេចកំពតនៅពេលនេះ គឺការខ្វះខាតកម្លាំងពលកម្ម ដែលអាចធ្វើឱ្យចម្ការធំៗមួយចំនួនត្រូវធ្លាក់ចុះទិន្នផល ព្រោះមិនទទួលបានការថែទាំដិតដល់ គឺយើងមកជួបហានិភ័យច្រើនលើរឿងពលកម្ម។ ពលកម្មក្មេងស្រីៗ ភាគច្រើនចូលរោងចក្រ ហើយប្រុសៗដែលមានកម្លាំង ភាគច្រើនចុះទូក ធ្វើសំណង់ និងទៅប្រទេសថៃ ដែលធ្វើឱ្យកម្លាំងពលកម្មថ្លៃខុសពីមុន។ យើងបេះម្រេចតាំងពីតម្លៃ 5ពាន់ 7ពាន់ ឬ1ម៉ឺនរៀល(ក្នុង 1គីឡូក្រាម)ឥឡូវតម្លៃ 1ម៉ឺន 5ពាន់ ទៅ 1ម៉ឺន 7ពាន់ និងកន្លែងខ្លះ 2ម៉ឺនរៀល បានគេធ្វើ”។
ម្រេចកំពតត្រូវបានសហគមន៍ចុងភៅនៅប្រទេសបារាំង និងអឺរ៉ុបទទួលស្គាល់ថា ជាម្រេចដែលមានគុណភាពខ្ពស់ជាងគេលើពិភពលោក។ គុណភាពលើសគេនេះ គឺដោយសារម្រេចកំពតត្រូវបានដាំដុះតាមលក្ខណៈធម្មជាតិ នៅតំបន់ជិតមាត់សមុទ្រ ជាកន្លែងដែលមានបរិស្ថាន និងអាកាសធាតុអំណោយផលល្អ។ ការដាំដុះម្រេចនៅភូមិសាស្ត្រខេត្តកំពតនេះធ្វើឡើងតាមលក្ខណៈប្រពៃណីសុទ្ធសាធ ដោយមិនប្រើប្រាស់ជីគីមី ឬថ្នាំគីមីសម្លាប់សត្វល្អិតឡើយ។
កាលពីឆ្នាំ2016 កន្លងទៅ ម្រេចកំពតត្រូវបានចុះបញ្ជីទទួលស្គាល់ជាទំនិញសម្គាល់ទីតាំងភូមិសាស្ត្រ ភីជីអាយ (PGI) នៅក្នុងទីផ្សារសហភាពអឺរ៉ុប។ ការទទួលស្គាល់នេះ បានជួយប្រយុទ្ធប្រឆាំងនឹងការ-ក្លែងបន្លំផលិតផល និងជួយបង្កើនភាពលេចធ្លោនៃម្រេចកំពតនៅលើទីផ្សារផលិតផលក្នុងសហភាពអឺរ៉ុបក្នុងប្រទេសកម្ពុជា និងក្នុងទីផ្សារដទៃទៀត ដោយសារតែផលិតផលនេះមានបិទស្លាកសញ្ញាបញ្ជាក់គុណភាព ភីជីអាយ។
បច្ចុប្បន្ន សមាគមបានលើកកម្ពស់ផលិតកម្មម្រេចកំពត ដោយធ្វើការជាមួយកសិករចំនួន 457គ្រួសារ ដោយដាំម្រេចលើផ្ទៃដីប្រមាណជាង 200ហិកតា។
ជាក់ស្តែង អភិបាលខេត្តកំពត លោក ជាវ តាយ បានស្នើដល់វិនិយោគិនក្នុង និងក្រៅប្រទេសឱ្យមកបណ្ដាក់ទុនវិនិយោគខាងវិស័យកសិកម្មនៅក្នុងខេត្តកំពត ខណៈខេត្តមួយនេះ ជាខេត្តដែលមានអំណោយផលខ្ពស់ខាងដំណាំកសិកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានការគាំទ្រខ្ពស់ពីអន្តរជាតិផងដែរ ដូចជាម្រេចកំពត ដែលកំពុងល្បីសុះសាយទូទាំងពិភពលោក បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ផលិតផលនេះ ជាផលិតផលសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុប រួចមក។
លោក ជាវ តាយ មានប្រសាសន៍ថា ខេត្តកំពតជាខេត្តមានសក្ដានុពលលើដំណាំនាំចេញមួយចំនួន និងទទួលបានការគាំទ្រពីទីផ្សារក្នុងស្រុក និងបរទេសផងដែរ ដូចជាដំណាំម្រេចកំពតជាដើម ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងកំពុងមានទីផ្សារខ្ពស់ពីអន្តរជាតិ ដែលជាហេតុធ្វើឱ្យកសិករពង្រីកការដាំដុះកាន់តែច្រើន៕