មនុស្សមួយចំនួនដែលមានបញ្ហាក្លិនមាត់មិនល្អ ពួកគេតែងតែរកវិធីដើម្បីបំបាត់វាដូចជា ការដុសសម្អាតធ្មេញភ្លាមៗ ការប្រើឧបករណ៍បាញ់បំបាត់ក្លិនក្នុងមាត់ ការខ្ពុរមាត់ ឬការទំពាស្ករកៅស៊ូជាដើម។ មានមនុស្សមិនច្រើននោះទេដែលជួបនឹងបញ្ហានេះ ហើយព្យាយាមរកមូលហេតុដែលបណ្ដាលឱ្យមានក្លិនមាត់មិនល្អ និងរកដំណោះស្រាយ ដើម្បីបំបាត់វាជារៀងរហូត។ តើអ្នកធ្លាប់គិតទេថា ក្លិនមាត់របស់អ្នកអាចប្រាប់អំពីសុខភាពរាងកាយរបស់អ្នក? ជំងឺទូទៅមួយចំនួន ដែលរោគសញ្ញាអាចត្រូវបានបង្ហាញដំបូងតាមរយៈក្លិនមាត់របស់អ្នក។ ទស្សនាវដ្តី ឡារ៉ែន សូមជម្រាបអំពីជំងឺទាំង6 ដែលមានរោគសញ្ញាដំបូងតាមរយៈក្លិនមាត់ដូចខាងក្រោមនេះ។
1. ជំងឺអញ្ចាញធ្មេញ
គឺជាជំងឺដែលបណ្ដាលឱ្យមានការរលាកហើមដល់អញ្ចាញធ្មេញ ឆ្អឹង និងសាច់ជុំវិញធ្មេញ។ វាបណ្តាលមកពីមេរោគតូចៗ ដែលយើងតែងតែហៅថា បាក់តេរី ដែលតោងជាប់ធ្មេញ និងអញ្ចាញធ្មេញ។ បាក់តេរីទាំងនេះគឺជាកំណកកំបោរដែលតោងជាប់នឹងធ្មេញរបស់អ្នក។ វាមិនមានពណ៌ ស្អិតៗដែលបង្កឡើងពីកត្តាចំណីអាហារ។ បាក់តេរីដែលតោងជាប់ក្លាយជាកំណកកំបោរបានមកពីសារជាតិស្ករ ដែលបំលែងពីចំណីអាហារ វាបង្កើតទៅជាជាតិពុល និងសារធាតុគីមីផ្សេងៗ។ ជាតិពុលទាំងនោះ ធ្វើឱ្យរលាកអញ្ចាញធ្មេញដែលបណ្តាលឱ្យហើម សណ្តក និងងាយចេញឈាមនៅពេលដុសធ្មេញ។ យូរៗទៅវានឹងធ្វើឱ្យធ្មេញរបូតចេញពីអញ្ចាញតែម្តង។
2. ជំងឺរលាកផ្លូវដង្ហើម
ក្លិនមាត់មានភាពមិនប្រក្រតីអាចបណ្តាលមកពីការឆ្លងមេរោគរលាកផ្លូវដង្ហើមដូចជា ជំងឺផ្តាសាយ និងជំងឺរលាកប្រហោងឆ្អឹងមុខសងខាងច្រមុះជាដើម។ វាបណ្តាលមកពីបាក់តេរីជាច្រើន ដែលមាននៅក្នុងរន្ធច្រមុះ និងប្រហោងឆ្អឹងមុខសងខាងច្រមុះដែលធ្វើឱ្យមានក្លិនមិនល្អ។ ក្នុងករណីខ្លះ ក្លិនមាត់របស់អ្នកក៏អាចបង្ហាញអំពីជំងឺដុះសាច់បំពង់កផងដែរ។
3. ជំងឺធាត់
ខ្យល់ដង្ហើមមិនល្អ ត្រូវបានអ្នកស្រាវជ្រាវអះអាងថា មានភាគរយពីជាតិខ្លាញ់ខ្ពស់ ដែលមានសារធាតុមេតាន និងអុីដ្រូសែនច្រើនជាង បើប្រៀបធៀបទៅនឹងអ្នកដែលមានសុខភាពល្អ។ ឧស្ម័នទាំងពីរនេះបណ្តាលឱ្យមានក្លិនស្អុយស្រដៀងនឹងក្លិនបង្គន់ដែរ។ ហើយឧស្ម័នទាំងពីរនេះវាងាយនឹងធ្វើឱ្យរាងកាយរបស់អ្នកវិវឌ្ឍទៅរកភាពធាត់ដោយមិនដឹងខ្លួន។
4. ជំងឺប្រេះមាត់
ជំងឺប្រេះមាត់ គឺជាបញ្ហាមួយដែលបណ្តាលមកពីបញ្ហានៅក្នុងក្រពេញទឹកមាត់ ឬការដកដង្ហើមតាមមាត់។ ប្រសិនបើអ្នកមានជំងឺប្រេះមាត់ ហើយស្ងួតមាត់ ក្លិនមាត់របស់អ្នកនឹងមានក្លិនមិនល្អខ្លាំង រួមជាមួយនឹងរោគសញ្ញាដទៃទៀត។
5. ខ្សោយថ្លើម
ជំងឺថ្លើមអាចកត់សម្គាល់បានយ៉ាងងាយស្រួល ដោយរោគសញ្ញាខ្យល់ដង្ហើមរបស់អ្នកមានក្លិនមិនល្អខ្លាំង។ នៅពេលដែលថ្លើមដំណើរការមិនល្អ ជាតិពុលនៅក្នុងរាងកាយបញ្ចេញមកតាមសួត ដែលបណ្តាលឱ្យក្លិនមានមិនល្អ។ បើអ្នកសង្ស័យខ្លាំង សូមពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើតេស្ត៍ឈាមរកមេរោគថ្លើម។
6. ជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម និងជំងឺអញ្ចាញធ្មេញអាចកើតឡើងជាមួយគ្នា ហើយក៏អាចធ្វើឱ្យជំងឺស្ដែងចេញមកតាមរយៈក្លិនមាត់មិនល្អផងដែរ។ យ៉ាងណាមិញ សញ្ញាព្រមានរបស់ជំងឺអញ្ចាញធ្មេញ មានដូចជា៖
– អញ្ចាញធ្មេញដែលហូរឈាម ក្រោយពីប្រើអំបោះរូសធ្មេញ ឬដុសសម្អាតធ្មេញរួច។
– អញ្ចាញធ្មេញដែលតឹងឈឺ ហើម ឬក្រហម
– សឹកអញ្ចាញធ្មេញ ដែលធ្វើឱ្យធ្មេញមើលទៅវែងជាងមុន
– ក្លិនមាត់មិនល្អ
– មានខ្ទុះចេញមកនៅពេលសង្កត់អញ្ចាញធ្មេញប៉ះគ្នា
– បាត់បង់ធ្មេញ ឬធ្មេញរង្គើ។ល៕