ការសិក្សាជាផ្នែកដ៏ចម្បងមួយលើកិច្ចអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវិស័យអប់រំ ក៏បានដើរតួនាទីសំខាន់ផងដែរក្នុងការបណ្តុះធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងសង្គម។ តែទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួនក្នុងវិស័យអប់រំបានក្លាយជាចំណុចសំខាន់ដែលទាមទារឱ្យមានការដោះស្រាយពីគ្រប់សមាសភាព ជាពិសេសគឺការបោះបង់ចោលការសិក្សារបស់សិស្សនៅជនបទ។
យោងតាមការវិភាគរបស់អង្គការ UNICEF នៅកម្ពុជាបានបង្ហាញឱ្យឃើញថាកុមារដែលបានចូលរៀននៅថ្នាក់ទី1 ក្នុងឆ្នាំសិក្សា 2014 – 2015 មានឱកាសត្រឹមតែ 31% ប៉ុណ្ណោះក្នុងការបញ្ចប់ថ្នាក់អនុវិទ្យាល័យ។ ការវិភាគនេះគឺផ្តោតលើកត្តារារាំងមួយចំនួនដែលជាឧបសគ្គក្នុងការសិក្សារបស់សិស្ស ហើយហិរញ្ញវត្ថុគឺជាបញ្ហាធំមួយក្នុងចំណោមបញ្ហាប្រឈមទាំងអស់នោះ។
UNICEF បានបង្ហាញផងដែរអំពីស្ថានភាពរបស់សិស្សក្រីក្រមួយចំនួននៅកម្ពុជា ដែលកំពុងខ្វះឯកសណ្ឋាន និងសម្ភារសិក្សាជាច្រើនឆ្នាំមកហើយ ខណៈគ្រួសារត្រូវស្ថិតក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ។ បញ្ហានេះបានជំរុញឱ្យអង្គការមួយនេះសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សហភាពអឺរ៉ុប និងទីភ្នាក់ងារស៊ុយអែតដើម្បីអភិវឌ្ឍន៍អន្តរជាតិ បង្កើតកម្មវិធីអាហារូបករណ៍សម្រាប់ថ្នាក់បឋមសិក្សា ដោយក្រសួងអប់រំមានតួនាទីចម្បងបំផុតក្នុងការអនុវត្តកម្មវិធីនេះ។
អាហារូបករណ៍នេះក៏ជាផ្នែកមួយនៃមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំផងដែរ (CDPF) ដែលវាជួយបង្កើនសមត្ថភាពដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគ្រប់គ្រងកម្មវិធីអាហារូបករណ៍ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យសិស្សានុសិស្សមកពីគ្រួសារក្រីក្រអាចបន្តការសិក្សាបាន។
គួរបញ្ជាក់ថា នៅឆ្នាំសិក្សាឆ្នាំ2015-2016 មានសិស្សានុសិស្សប្រមាណ 160,000នាក់ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យទូទាំងប្រទេសបានទទួលអាហារូបករណ៍ពីរាជរដ្ឋាភិបាល៕