ការអប់រំកុមារតូចៗ មិនថានៅផ្ទះ ឬនៅសាលារៀនទេ គឺជារឿងសំខាន់ណាស់ដែលអាណាព្យាបាលគួរយកចិត្តទុកដាក់ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះពួកគេកំពុងស្ថិតក្នុងវ័យដែលមានថាមពលខួរក្បាលដ៏អស្ចារ្យ និងគ្មានដែនកំណត់…គ្រាន់តែថា ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពកុមារនេះ វាទាមទារឱ្យអាណាព្យាបាលត្រូវមានការយកចិត្តទុកដាក់ លះបង់ និងមានភាពអត់ធ្មត់ខ្ពស់ទាំងក្នុងការស្វែងយល់ពីពួកគេ។ ថ្ងៃនេះ កាសែតឡារ៉ែន ពាណិជ្ជបានធ្វើបទសម្ភាសមួយជាមួយលោកស្រី ម៉ក់ វាសនា នាយិកាប្រតិបត្តិក្រុមហ៊ុន “តារារះអាស៊ីអាគ្នេយ៍” ដែលផ្គត់ផ្គង់សម្ភារសិក្សាកុមារបែបថ្មី អំពីចំណុចសំខាន់ៗមួយចំនួនក្នុងការជួយអភិវឌ្ឍសមត្ថភាពរបស់កុមារតូច។
1. តើមូលហេតុអ្វីទើបអាណាព្យាបាលគួរយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលកុមារតាំងពីវ័យតូច?
ការបណ្តុះបណ្តាល និងការអប់រំកុមារ គួរចាប់ផ្តើមកាន់តែឆាប់ កាន់តែល្អ។ ជាពិសេស ក្មេងតូចៗវ័យក្រោម3ឆ្នាំ ដោយសារមូលហេតុសំខាន់ 2យ៉ាង៖
មូលហេតុទី1 គឺសរសៃប្រសាទខួរក្បាលក្មេងតូចៗបន្តកើតមានជារៀងរាល់ថ្ងៃបន្ទាប់ពីបានប្រសូតពីផ្ទៃម្តាយ សរសៃប្រសាទទាំងនេះនឹងតភ្ជាប់គ្នាតាមរយៈបទពិសោធ(ពាក្យសម្ដី សកម្មភាព រូបភាព ។ល) ដែលមាតាបិតា និងបុគ្គលជុំវិញផ្តល់ឱ្យ។ ការតភ្ជាប់គ្នានៃសរសៃប្រសាទទាំងនេះនឹងបង្កើនសមត្ថភាពចងចាំនិងភាពឆ្លាតវាងវៃរបស់កុមារលើសពីការស្មាន។ សូមមាតាបិតាធ្វើការសង្កេតមើលបុត្រតូចៗរបស់ខ្លួន ហើយជឿជាក់ចុះថា ពួកគេពិតជាអាចយល់ និងចាប់យកបាននូវភាសា សំឡេង និងរូបភាព មិនថាទាំងអស់នោះជារឿងសាមញ្ញ ឬស្មុគស្មាញនោះទេ។ ពិតណាស់!កុមារតូចៗមិនទាន់អាចបញ្ចេញសមត្ថភាពរបស់ខ្លួនបានភ្លាមៗតាមការចង់បានរបស់មាតាបិតានោះទេក៏ប៉ុន្តែពួកគេអាចទទួលយកបទពិសោធ និងសមត្ថភាពរបស់ពួកគេមកបង្ហាញ ក៏ដូចជាប្រើប្រាស់ក្នុងស្ថានភាពណាមួយនាពេលអនាគតបាន។ សរសៃប្រសាទថ្មីៗទាំងនេះនឹងកាត់បន្ថយបន្តិចម្តងៗនៅពេលកុមារមានវ័យធំឡើង។
មូលហេតុទី2 គឺកុមារតូចៗត្រូវបានគ្របដណ្តប់ ឬក៏ទទួលឥទ្ធិពលខ្លាំងពីខួរក្បាលផ្នែកខាងស្តាំ (ផ្តោតលើរូបភាព អារម្មណ៍) ច្រើនលើសលប់ជាងខួរក្បាលផ្នែកខាងឆ្វេង (ភាសា ការពិចារណា តក្កវិជ្ជា) ដូច្នេះហើយបានជាពួកគេមិនទាន់យល់ពីហេតុផល ការទទួលខុសត្រូវ ឬការបកស្រាយអ្វីច្រើនជាងការទាមទារចំណាប់អារម្មណ៍ ការថ្នាក់ថ្នម និងបំពេញតែចិត្តពួកគេខ្លួនឯងនោះទេ ប៉ុន្តែដោយសារតែហេតុផលនេះហើយទើបការបង្វឹកហាត់ការចងចាំ និងសមត្ថភាពពិសេសរបស់ពួកគេ តាមរយៈរូបភាព ការស្រមើស្រមៃការច្នៃប្រឌិត មានភាពងាយស្រួលខ្លាំងពេលនៅជាកុមារភាព។
ហេតុដូចនេះ ការចាប់ផ្តល់បទពិសោធល្អៗឱ្យកុមារតូចៗ គឺជាទម្លាប់សំខាន់មួយក្នុងការចូលរួមបង្កើនសមត្ថភាព និងសក្តានុពលរបស់ពួកគេ។
2. ចុះអ្វីទៅជាបទពិសោធដែលមាតាបិតាគួរផ្តល់ឱ្យកុមារតូច? តើលោកស្រីអាចផ្តល់ជាឧទាហរណ៍ខ្លះៗបានទេ?
ក្រៅពីការបរិភោគម្ហូបអាហារដែលមានប្រយោជន៍ដល់សុខភាពហើយ ការគេងគ្រប់គ្រាន់ ការលម្ហែកម្សាន្តសប្បាយ ការធ្វើលំហាត់ប្រាណ និងបទពិសោធល្អៗ គឺជារឿងដែលមាតាបិតាគួរយកចិត្តទុកដាក់ក្នុងការផ្តល់ឱ្យកុមារតូចៗ រួមទាំងការប្រស្រ័យទាក់ទងរវាងមាតាបិតា និងបុត្រធិតា ការបណ្តុះបណ្តាលនៅសាលារៀនការប្រៀនប្រដៅ និងអប់រំបន្ថែមនៅផ្ទះទៀតផង។
ចំណុចទី1 គឺការប្រស្រ័យទាក់ទងរវាងមាតាបិតា និងបុត្រធិតា៖ ពាក្យពេចន៍ផ្អែមល្ហែម ការនិយាយលើកទឹកចិត្ត ការថ្នាក់ថ្នម បបោសអង្អែល ដែលមាតាបិតានិយាយ និងធ្វើដាក់បុត្រធិតារបស់ខ្លួនសុទ្ធតែអាចជួយរំញោច និងតភ្ជាប់ប្រព័ន្ធសរសៃប្រសាទទាំងចាស់ និងថ្មីរបស់ពូកគេឱ្យប្រសើរទ្បើងទាំងអស់។ ការចំណាយពេលវេលាស្តាប់ និងឆ្លើយតបនឹងសំនួរ ឬការហៅរបស់ពួកគេ អាចជួយបង្កើនទំនុកចិត្ត និងជំរុញឱ្យពួកគេក្លាហានក្នុងការប្រស្រ័យទាក់ទងជាមួយអ្នកដទៃ។សូមមាតាបិតាបង្ហាញការយកចិត្តទុកដាក់លើការសួរឬការហៅរបស់បុត្រធិតារបស់ខ្លួន មិនថាពួកគេនៅតូចប៉ុនណាក៏ដោយ ព្រោះបើខ្វះខាតទង្វើទាំងនេះ វាអាចនឹងធ្វើឱ្យពួកគាត់បាក់ទឹកចិត្ត ខ្វះជំនឿចិត្ត និងយល់ខុសពីសារៈសំខាន់នៃទំនាក់ទំនងក្នុងគ្រួសារ និងសង្គម។ បន្ថែមលើនេះទៀត ការចេះបង្ហាញពីការមានអធ្យាស្រ័យ ចេះយោគយល់ និងធ្វើជាគំរូល្អឱ្យពួកគេឃើញពីទំនាក់ទំនងដែលមាតាបិតាមាន ឬបានធ្វើជាមួយពួកគេ ក៏ដូចជាអ្នកដទៃដែរនោះ គឺជាការផ្តល់នូវរូបភាពល្អៗនៃទំនាក់ទំនងរវាងសមាជិកគ្រួសារ និងរវាងអ្នកនៅជុំវិញខ្លួន។
ចំណុចទី2 គឺការបណ្តុះបណ្តាលនៅសាលារៀន៖ការអប់រំនៅសាលារៀនពិតជាចាំបាច់ណាស់ក្នុងការផ្តល់ឱកាសដល់កុមារឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងការសម្របសម្រួលខ្លួនជាមួយនឹងបរិស្ថានថ្មីដែលខុសពីនៅផ្ទះរបស់ខ្លួន ដើម្បីត្រៀមខ្លួនជាបណ្តើរៗក្នុងការរស់នៅដោយឯករាជ្យជាមួយនឹងជំនឿចិត្តខ្ពស់។ ហេតុនេះហើយ ការស្វែងយល់អំពីសាលារៀនគឺជាបញ្ហាសំខាន់ណាស់ មុននឹងមាតាបិតាសម្រេចចិត្តបញ្ជូនបុត្រធិតាឱ្យទៅសិក្សានៅសាលាណាមួយ។ ក្នុងន័យនេះកត្តាមួយចំនួនដែលអាណាព្យាបាលគួរយកមកធ្វើជាធាតុផ្សំក្នុងការសម្រេចចិត្តក្នុងរឿងនេះមានដូចជា បរិយាកាស សុវត្តិភាពនៃបរិវេណ ឬឧបករណ៍របស់សាលា អនាម័យម្ហូបអាហារសម្រាប់ក្មេងដែលសម្រាកនៅសាលា ប្រវត្តិរបស់សាលា វិន័យរបស់សាលា គុណភាពរបស់សាលាដែលរួមបញ្ចូលទាំងកម្មវិធីសិក្សា ឧបករណ៍ជំនួយសមត្ថភាព និងបទពិសោធរបស់គ្រូបង្រៀន និងតម្លៃសិក្សាទៅតាមលទ្ធភាពនៃគ្រួសារនីមួយ។ ទាំងអស់នេះ គឺដើម្បីឱ្យប្រាកដក្នុងចិត្តថា បុត្រធិតារបស់លោកអ្នកពិតជាបានទទួលបានការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាពប្រាកដមែន។
ចំណុចទី3 ការអប់រំបន្ថែមនៅផ្ទះ៖ មាតាបិតាជាអ្នកបង្រៀនកូនឱ្យចេះនិយាយ ដើរ រត់ គោរពចាស់ទុំទៅតាមវិវឌ្ឍនាការនៃវ័យរបស់បុត្រធិតារបស់ខ្លួន។ ទាំងនាងខ្ញុំទាំងគេមានចិត្តរំភើបណាស់នៅពេលឮកូនតូចៗរបស់ខ្លួនចេះនិយាយ ជាពិសេស គឹពាក្យដំបូងនៃជីវិតរបស់ពួកគេ។ ហើយក៏សប្បាយចិត្តនៅពេលឃើញពួកគេលូតលាស់ទាំងរូបរាងកាយ និងបញ្ញានិងទទួលបានការអប់រំល្អត្រឹមត្រូវនៅឯសាលារៀន។ក៏ប៉ុន្តែ មាតាបិតាអាចនឹងមិនត្រឹមតែសប្បាយចិត្តនោះទេ ថែមទាំងមានមោទនភាពចំពោះបុត្រធិតារបស់ខ្លួនដែលប្រកបដោយសក្តានុពលខ្ពស់ទៀតផង ប្រសិនបើមាតាបិតាអាចប្រឹងប្រែងធ្វើការអប់រំបន្ថែមនៅផ្ទះទៅឱ្យពួកគេ ជាពិសេសបុត្រធិតាតូចៗ ពីព្រោះការអប់រំបន្ថែមនៅផ្ទះអាចជួយពង្រឹងសមត្ថភាពផ្នែកបញ្ញានិងស្មារតី (តាមរយៈការបញ្ជ្រាបការអប់រំអំពីគុណតម្លៃក្នុងការរស់នៅ) បង្កើនភាពស្និទ្ធស្នាលរវាងមាតាបិតា និងបុត្រធិតា ដែលអាចឱ្យមាតាបិតាក្លាយជាមិត្តជាទីទុកចិត្តរបស់បុត្រធិតាខ្លួនក្នុងការពិភាក្សាបញ្ហាតូច ឬធំដែលពួកគេជួបប្រទះ។ គុណប្រយោជន៍នៃការបើកចំហការពិភាក្សានេះនឹងនាំឱ្យមាតាបិតាស្គាល់និងយល់ពីបុត្រធិតារបស់ខ្លួនបានច្រើន និងអាចជួយផ្តល់ជាមតិយោបល់ល្អៗក្នុងការដោះស្រាយបញ្ហារបស់ពួកគេ។
3. ថ្មីៗនេះលោកស្រីបានផ្សព្វផ្សាយអំពីសម្ភារសិក្សាភាសាអង់គ្លេសបែបថ្មីដែលនាំចូលពីបរទេសតើសម្ភារទាំងនោះអាចចូលរួមក្នុងការបណ្តុះបណ្តាលកុមារយ៉ាងដូចម្តេចដែរ?
ដើម្បីឆ្លើយតបទៅនឹងបញ្ហាកង្វះខាតពេលវេលា និងសម្ភារសិក្សាដែលមានលក្ខណៈអប់រំជាប្រព័ន្ធ សម្រាប់កុមារតូចៗ ក្រុមហ៊ុននាងខ្ញុំបាននាំចូលសម្ភារសិក្សាភាសាបែបថ្មីសម្រាប់ជាជម្រើសមួយក្នុងចំណោមជម្រើសផ្សេងៗទៀតដើម្បីជាជំនួយដល់មាតាបិតាក្នុងការអប់រំកុមារតូចៗអាយុពី 3 ទៅ 8ឆ្នាំបន្ថែមនៅផ្ទះ។ វាជាប្រភេទសៀវភៅអង់គ្លេសដែលអាចប្រើប្រាស់ជាមួយប៊ិចអាន (Walter 3) ដោយអាចប្តូរភាសាអង់គ្លេស និងចិន។ វាត្រូវបានគេរៀបរៀងទ្បើងដោយយកចិត្តទុកដាក់ដោយអ្នកជំនាញអប់រំដែលមានបទពិសោធយូរឆ្នាំ។ ដៃគូរបស់យើងឈ្មោះ ETL Learning ជាបុត្រសម្ព័ន្ធរបស់ Time Publishing Group ដែលជាក្រុមហ៊ុនបោះពុម្ពផ្សាយដ៏ល្បីមួយនៅអាស៊ីប៉ាស៊ីហ្វិក។ ETL Learning កំពុងមានដៃគូប្រហែល20ប្រទេសទូទាំងពិភពលោក។ សម្ភារសិក្សាទាំងនេះមាន 5ឈុត ដែលមាតាបិតាអាចជ្រើសរើសយកឈុតណាមួយក៏បាន ដែលសុទ្ធតែឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ពួកគាត់ទាំងអស់។
ឈុតទី1៖ A Child’s First Library of Learning៖វាជាបណ្ណាល័យដំបូងគេសម្រាប់កុមារដែលគ្របដណ្តប់លើប្រធានបទធំ4 គឺជីវិត វិទ្យាសាស្ត្រ ធម្មជាតិ និងពិភពលោកយើង។ វាអាចផ្តល់អត្ថប្រយោជន៍ដល់កុមារឱ្យទទួលបាននូវចំណេះដឹងទូទៅ តាមរយៈសំណួរ និងចម្លើយ ដែលបង្ហាញតាមរយៈរូបភាពចម្រុះពណ៌ ប្លែកៗ ដែលអាចទាក់ទាញក្មេងៗឱ្យចូលចិត្តមើល និងរៀន ជាមួយប៊ិចអាន (talking pen) ដែលអាចបន្លឺសំឡេងអានរបស់អ្នកជាភាសាដើមបានយ៉ាងច្បាស់។ វាក៏ជួយបង្កើតនូវទម្លាប់ក្នុងការអានសៀវភៅ និងស្រឡាញ់ការសិក្សា ផ្តល់នូវវាក្យស័ព្ទសម្បូរបែប និងអាចបង្រៀនឱ្យកុមារចេះស្វែងរកព័ត៌មាន និងចេះផ្ចង់អារម្មណ៍។
ឈុតទី2៖ English Time៖ ឈុតនេះជាបណ្តុំសៀវភៅដែលបង្រៀនអំពីជំនាញភាសាអង់គ្លេសបានយ៉ាងច្បាស់លាស់។ វាអាចជួយឱ្យកុមារតូចៗសប្បាយរីករាយផង និងទទួលបានចំណេះដឹងខាងផ្នែកភាសាផងទាំងអក្សរ លេខ សញ្ញាណគណិតវិទ្យា គ្រួសារ សម្លៀកបំពាក់ រដូវកាល ទីកន្លែង (ផ្ទះ សាលារៀន ផ្សារ ទីកម្សាន្ត សួនសត្វ រោងភាពយន្ត និងទីក្រុង-ល-) មធ្យោបាយធ្វើដំណើរ និងពណ៌។ល។
ឈុតទី3៖ Early Learning Program៖ ផ្នែកនេះជាផ្នែកដែលបណ្តុះជំនាញជាមូលដ្ឋានសម្រាប់កុមារ។ តាមពិតទៅក្មេងៗគួរតែទទួលបានការបង្ហាត់បង្ហាញពីជំនាញមូលដ្ឋានដំបូងៗច្រើនណាស់ដែលយើងមិនបានចាប់អារម្មណ៍។ ក្នុងនោះរួមមានតាំងពីជំនាញលេខ អក្សរ ពណ៌ ពេលវេលា ជំនាញក្នុងការបង្កើតអ្វីដែលថ្មីៗ ការស្រមើស្រមៃ ការដោះស្រាយបញ្ហា ការគិតបែបស៊ីជម្រៅ (critical thinking) និង social &;emotional skills ជាដើម។
ឈុតទី4៖ Learning Math with Albert៖ ឈុតនេះបង្រៀនអំពីគណិតវិទ្យាតាមវិធីសាស្ត្រប្រទេសសិង្ហបុរី ជាក្បួនដែលត្រូវបានគេចាត់ទុកថា មានប្រសិទ្ធភាពក្នុងការធ្វើឱ្យក្មេងឆាប់យល់ដឹង ចេះ និងចូលចិត្តគណិតវិទ្យា។
ឈុតទី5៖ A Child’s First Library of Values៖ នៅក្នុងផ្នែកនេះមានសៀវភៅរឿងនិទាន 15ក្បាលដែលបង្កប់ដោយអត្ថន័យអប់រំខាងគុណតម្លៃនៃការរស់នៅ ដើម្បីឱ្យក្មេងបានដឹង និងយល់ពីតម្លៃនៃការបើកចិត្តឱ្យទូលាយ ចេះចែករំលែក ទទួលស្គាល់ពីភាពខុសគ្នា រួមទាំងផ្នែកសំខាន់ៗជាច្រើនដែលបណ្តុះផ្នត់គំនិត និងសីលធម៌របស់កុមារតូច។
4. ជាចុងក្រោយតើលោកស្រីមានមតិ ឬយោបល់យ៉ាងណាខ្លះសម្រាប់អាណាព្យាបាល ឬឪពុកម្តាយទាំងឡាយ?
នាងខ្ញុំសូមលើកទឹកចិត្តឱ្យអាណាព្យាបាលទាំងអស់ចំណាយពេលវេលាឱ្យបានច្រើនតាមដែលអាចធ្វើទៅបានជាមួយកូនៗ ជាពិសេសគឺកូនតូចៗ ព្រោះការផ្តល់ភាពកក់ក្តៅ ការបង្កើតភាពស្និទ្ធស្នាល និងការអភិវឌ្ឍពួកគេតាមរយៈការអប់រំបន្ថែមនៅផ្ទះ គឺអាចជួយបង្កើនសក្តានុពលជោគជ័យ ទាំងផ្នែកការសិក្សា ការងារ ទំនាក់ទំនងល្អក្នុងគ្រួសារ និងមនុស្សជុំវិញខ្លួន និងសុខភាពខាងស្មារតីដោយផ្ទាល់ និងចូលរួមចំណែកអភិវឌ្ឍបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពខ្ពស់សម្រាប់ប្រទេសជាតិដោយប្រយោលទៀតផង៕