ការជ្រើសរើសអាជីពការងារ ជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះវាមានឥទ្ធិពលដោយផ្ទាល់ចំពោះដំណើរជីវិតបុគ្គល និងមានឥទ្ធិពលជាច្រើនផងដែរដល់ការអភិវឌ្ឍសង្គមទាំងមូល។ ដើម្បីជំរុញឱ្យការជ្រើសរើសអាជីពកាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរឡើង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំកម្មវិធីមួយឈ្មោះថា “Dr. Job” ដើម្បីចាក់ផ្សាយ និងផ្តល់ចំណេះដឹងជាច្រើនដល់សិស្សនិស្សិតក្នុងការជ្រើសរើសអាជីពការងារ។
ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការដាក់ចេញនូវគម្រោងនេះ ពិតជាមានសារៈសំខាន់ និងទាន់ពេលវេលា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យដំណើរការទីផ្សារការងារនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព តាមរយៈការត្រៀមរៀបចំកម្លាំងពលកម្មប្រកបដោយសក្តានុពល ការកសាងមាគ៌ាអាជីពច្បាស់លាស់ក្នុងជីវិត ការជ្រើសរើសមុខជំនាញសិក្សាស្របតាមតម្រូវការទីផ្សារការងារ ការស្វែងរកការងារប្រកបដោយប្រសិទ្ធភាព និងពិសេសការត្រៀមលក្ខណៈចូលក្នុងទីផ្សារការងារ រួមទាំងបង្កើនលទ្ធភាពក្នុងការទទួលបានការងារកាន់តែងាយស្រួល។ ក្រៅពីនេះ ការរៀបចំផែនការអាជីពល្អ គឺជាមធ្យោបាយដ៏សំខាន់ក្នុងការផ្សារភ្ជាប់សមត្ថភាពរបស់សិស្ស និស្សិត និងកម្មករនិយោជិត ឆ្ពោះទៅរកភាពជោគជ័យនៅថ្ងៃអនាគត។
ឯកឧត្តម អុិត សំហេង មានប្រសាសន៍ថា៖ “មូលហេតុដែលយុវជនចាំបាច់ត្រូវរៀបចំ និងកសាងផែនការអាជីពឱ្យបានល្អ ព្រោះវាអាចជួយកាត់បន្ថយគម្លាតបន្ទាប់ពីក្មួយៗបញ្ចប់ការសិក្សារួចឈានចូលទៅក្នុងទីផ្សារការងារសំដៅទទួលបានការងារកាន់តែឆាប់រហ័ស និងប្រកបដោយភាពប្រកួតប្រជែង”។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថាកម្ពុជាកំពុងព្យាយាមគ្រប់លទ្ធភាពដើម្បីជំរុញឱ្យសិស្សនិស្សិតកាន់តែមានប្រភពព័ត៌មានសំខាន់ៗសម្រាប់អភិវឌ្ឍសមត្ថភាព សម្រាប់ឆ្លើយតបជាមួយរបត់ថ្មីនៃបច្ចេកវិទ្យា និងត្រៀមខ្លួនប្រកួតប្រជែងជាមួយទីផ្សារតំបន់។ ហេតុនេះការជ្រើសរើសជំនាញត្រឹមត្រូវជាផ្នែកមួយក្នុងការជំរុញឱ្យធនធានមនុស្សរបស់យើងក្លាយជាកម្លាំងចលករកាន់តែខ្លាំងក្នុងការអភិវឌ្ឍ និងការប្រកួតប្រជែងក្នុងទីផ្សារការងារ។
គួរបញ្ជាក់ផងដែរថា កម្មវិធីវីដេអូស្តីពីអាជីពនេះបានទទួលការគាំទ្រពីទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) និងទទួលអនុវត្តដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។
ប្រធាន UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកNick Beresford បានលើកឡើងថា ការដាក់ឱ្យដំណើរការវីដេអូ “Dr.Job” នេះបង្ហាញឱ្យឃើញពីកិច្ចសហការល្អរវាងអង្គការកម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ (UNDP) និងទីភ្នាក់ងារជាតិមុខរបរ និងការងាររបស់កម្ពុជា។ ខ្សែវីដេអូនេះមានចំនួន 7វគ្គ ដែលវានឹងអាចចូលរួមដោះស្រាយបញ្ហាគម្លាតជំនាញក្នុងចំណោមយុវជនកម្ពុជា ដែលរារាំងក្នុងការទទួលបានការងារសមរម្យនៅក្នុងទីផ្សារកម្ពុជា។ វាជាផ្នែកមួយក្នុងការជំរុញឱ្យយុវជនចេះរៀបចំផែនការអាជីព ការងារ និងត្រៀមលក្ខណសម្បត្តិឱ្យបានល្អដើម្បីចូលទីក្នុងទីផ្សារការងារដោយប្រើប្រាស់ជំនាញវិជ្ជាជីវៈ និងជំនាញទន់។
កន្លងមកបញ្ហាគម្លាតអាជីពនេះ បានក្លាយជាបញ្ហាមួយដែលគ្រប់ភាគីទាំងអស់កំពុងយកចិត្តទុកដាក់ ខណៈជំនាញដែលមានទីផ្សារខ្ពស់ជាច្រើនត្រូវយុវជនបោះបង់មិនជ្រើសរើស ហើយជ្រើសរើសតែជំនាញណាដែលមានមនុស្សសិក្សាច្រើនដែលធ្វើឱ្យទីផ្សារការងារមានភាពចង្អៀត។ បញ្ហានេះបានធ្វើឱ្យទីផ្សារការងារផ្នែកខ្លះសល់មនុស្សច្រើន តែទីផ្សារការងារខ្លះបែរជាខ្វះអ្នកជំនាញទៅធ្វើការទៅវិញ ដែលពេលខ្លះធ្វើឱ្យអ្នកមិនទាន់មានការងារធ្វើត្រូវបង្ខំចិត្តធ្វើការងារខុសជំនាញជាដើម។ ហេតុនេះការដោះស្រាយ និងការជំរុញការអប់រំពីការជ្រើសរើសជំនាញ គឺជាផ្នែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហានានាដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន៕