ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ5 ជាមួយក្រុមហ៊ុនសាងសង់ FIN TECHNIC ដែលពិធីនេះមានការចូលរួមពីលោកPanyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងលោក Perames Vudthitornetiraks នាយកភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ច និងភាគីពាក់ព័ន្ធផងដែរ។
គម្រោងនេះផ្ដោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ដែលរួមមាន៖ អគាររដ្ឋបាលច្រកចូលទ្វារព្រំដែន និងផ្លូវ សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ សំណង់កាត់បន្ថយគ្រោះទឹកជំនន់ និងការជួសជុលកែលម្អផ្លូវចាស់។
គម្រោងនេះគ្រោងចំណាយថវិកាប្រមាណជាង 928លានបាត ស្មើនឹងប្រមាណ 26,42លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ និងប្រើរយៈពេលសាងសង់24ខែ។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងបម្រើតែសេវាដឹកជញ្ជូនប៉ុណ្ណោះ ដោយរក្សាទុកច្រកអន្តរជាតិប៉ោយប៉ែតសម្រាប់បម្រើតែសេវាដឹកជញ្ជូនភ្ញៀវទេសចរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់សមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាព តម្លាភាព និងពិសេសគឺការចំណេញពេលវេលា។
គួររំឭកផងដែរថា កាលពីថ្ងៃទី22 ខែមេសា ឆ្នាំ2019 កន្លងទៅនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ប្រាយុធ ចាន់អូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី3 ផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកម្មវិធីទាំង3 នោះរួម
1- ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ពានស្ទឹងបត់)
2-ការបើកការដ្ឋានសាងសង់អគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ5 និង3- ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើងDMU៕