ក្រុមហ៊ុនធំមួយមកពីប្រទេសចិន គឺក្រុមហ៊ុន BGI International Investment បាននិងកំពុងរៀបចំផ្ទៃដីជាង 2,000ហិកតានៅខេត្តកំពង់ធំសម្រាប់ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដូចជាអង្ករ ផ្លែស្វាយ និងគ្រាប់ស្វាយចន្ទីជាដើម ដែលកិច្ចការនេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BGI International Investment។
លោក He Jian ping ប្រធានក្រុមហ៊ុនបានអះអាងថា គម្រោងវិនិយោគនេះ ផ្តោតសំខាន់ទៅលើគោលបំណងនៃការអភិវឌ្ឍវិស័យកសិកម្មុ និងបានបង្ហាញពីផែនការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការកែច្នៃ វេចខ្ចប់ ពិសេសការបំពេញខ្សែចង្វាក់ផលិតកម្មកសិកម្ម ពីចំណុចផ្តើម រហូតដល់ការនាំចេញតែម្តង ហើយអ្វីដែលសំខាន់នោះ គឺក្រុមហ៊ុនធ្វើពាណិជ្ជកម្ម និងទីផ្សារកសិផលតាមរយៈប្រព័ន្ធអុីនធើណិត ដែលអាចកាត់បន្ថយពេលវេលា ការចំណាយ និងបង្កើនភាពទូលំទូលាយជូនគ្រប់ភាគីពាក់ព័ន្ធ។
លោក He Jian ping បានបញ្ជាក់ផងដែរថា៖“ដើម្បីឱ្យផែនការវិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យ ក្រុមហ៊ុនបានរៀបចំដីជាង 2ពាន់ហិកតានៅខេត្តកំពង់ធំសម្រាប់ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ហើយគម្រោងនេះក៏ទទួលបានការសហការគាំទ្រ ពីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ”។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានថ្លែងថា ចំណងមិត្តភាពយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់ប្រទេសកម្ពុជា ដោយភាគីចិនបានដើរតួយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងការផ្តល់ហិរញ្ញប្បទាន និងបច្ចេកទេសមកដល់កម្ពុជា។
ឯកឧត្តមបានបន្ថែមថា៖“លើវិស័យកសិកម្ម ភាគីចិនក៏បាននិងកំពុងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយភាគីកម្ពុជាផងដែរ ដោយភាគីចិនបានឯកភាពបង្កើនកូតានាំចូលអង្ករពីកម្ពុជារហូតដល់ 400ពាន់តោន។ ទន្ទឹមនឹងនេះរដ្ឋាភិបាលចិន ក៏បានអនុញ្ញាតឱ្យផ្លែចេកអំបូងលឿងរបស់កម្ពុជាធ្វើការនាំចេញឆ្ពោះត្រង់ទៅកាន់ទីផ្សារប្រទេសចិន ហើយសង្ឃឹមថា ផលិតផលកសិកម្មមួយចំនួនទៀត ដូចជាផ្លែស្វាយ ផ្លែមៀន ម្រេច ផ្លែស្រកានាគ ផ្លែដូង និងទឹកមាត់ត្រចៀកកាំដែលភាគីទាំង2 កំពុងធ្វើការចរចាអំពីលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងភូតគាមអនាម័យ នឹងអាចធ្វើការនាំចេញបានក្នុងពេលឆាប់ៗខាងមុខនេះដែរ”។
ឯកឧត្តម បានឱ្យដឹងទៀតថា ទន្ទឹមនឹងនេះ ចំនួននៃការវិនិយោគពីក្រុមហ៊ុនចិនមកលើវិស័យកសិកម្មនៅកម្ពុជា ក៏បាននិងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដូច្នេះឯកឧត្តមរដ្ឋមន្ត្រីគាំទ្រ និងស្វាគមន៍ចំពោះបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនមកលើវិស័យនេះ ដោយត្រូវសំដៅលើការកែច្នៃ វេចខ្ចប់វត្ថុធាតុដើមដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ៕