ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងកម្ពុជា កាលពីពេលថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការក្នុងទឹកប្រាក់ចំនួន 29.1លានអឺរ៉ូ ឬប្រមាណជិត 33 លានដុល្លារអាមេរិកលើគម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក៏ដូចជាបង្កើនប្រសិទ្ធភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា។
ក្នុងចំណោមហិរញ្ញប្បទានសហប្រតិបត្តិការចំនួន 29.1លានអឺរ៉ូ ក្នុងនោះឥណទានសម្បទានចំនួន 25លានអឺរ៉ូពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍និងហិរញ្ញប្បទានឥតសំណងចំនួន 4.1លានអឺរ៉ូពីសហគមន៍អឺរ៉ុប។
គម្រោងនេះនឹងដាក់ទិសដៅពង្រីក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនី ដើម្បីវិវឌ្ឍទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលបានយ៉ាងច្រើនក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនីទាំងមូល ក៏ដូចជាបង្កើនប្រសិទ្ធភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជាផងដែរ។
កិច្ចព្រមព្រៀងនេះធ្វើឡើងស្របពេលដែលឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបពិភាក្សាការងារទ្វេភាគីជាមួយនាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ អ្នកតំណាងជាន់ខ្ពស់នៃសហគមន៍អឺរ៉ុប និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតរបស់ភាគីបារាំង ស្របពេលដែលគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពី “ចីរភាពបំណុលសម្រាប់ចីរភាពកំណើន: ចីរភាពហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីដើមខែឧសភា ឆ្នាំ2019 កន្លងទៅ។
គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានចូលរួមពិភាក្សាអំពីការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត តម្រូវការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ វិធីសាស្ត្រដែលប្រទេសនីមួយៗយកទៅអនុវត្តដែលអាចទទួលបានហិរញ្ញប្បទានអភិវឌ្ឍន៍ដែលចៀសវាងបានពីការជំពាក់ច្រើនហួសហេតុ ការប្រើប្រាស់ហិរញ្ញប្បទានដោយត្រឹមត្រូវ មានតម្លាភាព និងការ-ទទួលខុសត្រូវ ក៏ដូចជាអាចធានាបាននូវគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការលើកកម្ពស់ភាពជាម្ចាស់ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ សំដៅចូលរួមចំណែកពង្រឹងនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន មានប្រសាសន៍ថា កម្ពុជាបានដាក់ចេញនូវវិធានការមុតស្រួច កែទម្រង់លើគ្រប់វិស័យ ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ចាប់ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទោះបីជាហិរញ្ញប្បទានកសាងហេដ្ឋារចនាសម្ព័ន្ធកម្ពុជានៅមានកម្រិតនៅឡើយក្ដី។
ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បានមានប្រសាសន៍បន្តថា៖“កម្ពុជាស្នើឱ្យមានការចូលរួម និងគាំទ្របន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត តាមរយៈការដាក់ចេញនូវវិធានវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាសកលសមស្រប ដើម្បីធានាបាននូវគុណភាពហេដ្ឋារចនាម្ព័ន្ធរូបវ័ន្តល្អប្រសើរ និងមានចីរភាព”។
បន្ថែមលើកិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា និងបារាំងសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងបារាំងនេះ គណៈប្រតិភូកម្ពុជាក៏បានជួបជាមួយលោកជំទាវ Agnes PANNIERRUNACHER រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង ហើយឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ក៏បានគូសបញ្ជាក់ពីមូលដ្ឋានតថភាពជាក់ស្តែង និងគ្រប់ជ្រុងជ្រោយអំពីហានិភ័យចំពោះការដកជាយថាហេតុនៃការអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) ដោយសហភាពអឺរ៉ុប។
លោកជំទាវ Agnes PANNIER RUNACHER រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំងមានប្រសាសន៍ថា បារាំង និងកម្ពុជា គឺជាមិត្តដ៏ល្អដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយបារាំងនឹងនៅតែបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដោយតម្រង់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់បារាំងឱ្យស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍នានារបស់កម្ពុជាជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈជាដើម។
លោកជំទាវ Agnes PANNIER RUNACHER មានប្រសាសន៍ថា៖“រដ្ឋាភិបាលបារាំងបានយល់ច្បាស់អំពីផលប្រយោជន៍នៃ EBA ចំពោះកម្ពុជា និងបន្តបង្ហាញការពិតរបស់កម្ពុជាចំពោះបញ្ហានេះ”។
ដូចគ្នាដែរ លោក Pierre Amilhat ប្រធាននាយកដ្ឋានអាស៊ីនៃសហភាពអឺរ៉ុបបានឱ្យដឹងថា ការខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកែទម្រង់អភិវឌ្ឍន៍ និងការរីកចម្រើន មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។លោកថ្លែងថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការកម្ពុជា ជាមួយសហភាពអឺរ៉ុប សហភាពអឺរ៉ុប នៅតែតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការទៅលើវិស័យអាទិភាព រួមមានដូចជា វិស័យអប់រំ កសិកម្ម កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ស្របពេលជាមួយគ្នានេះដែរ លោក Remi Riouxនាយកចាត់ការទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានមានប្រសាសន៍ថា ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍មានបំណងនឹងបង្កើនទំហំឥណទានប្រចាំឆ្នាំរបស់ខ្លួនថែមទៀតឱ្យស្របនឹងបរិការណ៍អភិវឌ្ឍន៍នៅកម្ពុជា៕