ក្រសួងទេសចរណ៍មានបំណងធ្វើឱ្យគោលដៅទេសចរណ៍ខេត្តកំពតក្លាយជាគោលដៅគំរូខាងគុណភាពផលិតផល ទំនិញ សេវាកម្ម គ្មានទំនិញក្លែងក្លាយ និងគ្មានទំនិញអន់គុណភាព។
នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី8 (ជុំទី2) កាលពីដើមខែឧសភា ឆ្នាំ2019 កន្លងទៅនេះ នៅសាលាខេត្តកំពត ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឱ្យមានការរៀបចំ “វិថីម្ហូបអាហារ” ឬភាសាអង់គ្លេសហៅថា “Food Street” នៅទីតាំងណាមួយក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខឱ្យបានល្អប្រសើរ ហើយ “Food Street” នេះក៏ចាត់ទុកជាផលិតផលទេសចរណ៍អចិន្ត្រៃយ៍មួយសម្រាប់ទីក្រុងកំពតផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ខេត្តកំពតមានសក្ដានុពលខ្ពស់សម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងនោះមានទីក្រុងបេតិកភណ្ឌ រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ច្រើនសម្បូរបែប និងមានតំបន់កសិ-ទេសចរណ៍ទៀតផង។
ឯកឧត្តម ថោង ខុន មានប្រសាសន៍បន្តថា អាជ្ញាធរត្រូវត្រៀមរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកឱ្យបានសម្បូរបែបប្រកបដោយគុណភាព បើអាចធ្វើបានស្នើឱ្យមានការរៀបចំការតាំងលក់សម្លៀកបំពាក់ល្អៗដែលផលិតក្នុងស្រុក ដូចជាផលិតផល outlet ជូនប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ នៅក្នុងពិធីបុណ្យសមុទ្រ ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសបានទិញយកទៅប្រើប្រាស់ក្នុងតម្លៃដ៏សមរម្យមួយ។
ឯកឧត្តម រដ្ឋមន្ត្រីថ្លែងថា៖“នាំគ្នាធ្វើឱ្យគោលដៅទេសចរណ៍កំពត ក្លាយជាគោលដៅគំរូខាងគុណភាពផលិតផល ទំនិញ និងសេវាកម្ម គ្មានទំនិញក្លែងក្លាយ និងអន់គុណភាព ព្រោះវានឹងជួយលើកកម្ពស់ទំនិញក្នុងស្រុក ដើម្បីបង្កើនចំណូលរបស់អ្នកផលិត និងកាត់បន្ថយការនាំចូល”។
ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា ខណៈពេលដែលខេត្តកំពតនឹងរៀបចំពិធីបុណ្យសមុទ្រនៅឆ្នាំនេះ ព្រឹត្តិការណ៍មួយដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនដែលនឹងធ្វើឱ្យខេត្តកំពតក្លាយជាខេត្តគំរូមួយសម្រាប់ការ-លក់ទំនិញក្នុងស្រុក និងបង្កើនម៉ាកផលិតផល “ផលិតនៅក្នុងប្រទេសកម្ពុជា”។
ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា៖“ខេត្តនេះមានសក្តានុពលដ៏អស្ចារ្យនៅក្នុងវិស័យទេសចរណ៍ ព្រោះវាជាទីក្រុងបេតិកភណ្ឌ និងជាគោលដៅទេសចរណ៍ធម្មជាតិដ៏សំខាន់”។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានស្វាគមន៍នឹងការអំពាវនាវរបស់លោករដ្ឋមន្ត្រី។ លោកស្រីមានប្រសាសន៍ថា“ជាមួយនឹងចំនួនភ្ញៀវទេសចរបរទេសដែលកើនឡើងជារៀងរាល់ឆ្នាំ យើងត្រូវជំរុញផលិតផលក្នុងស្រុកដែលនឹងអនុញ្ញាតឱ្យយើងកាត់បន្ថយការនាំចូល”។
ឯកឧត្តម ថោង ខុន ក៏បានស្នើឱ្យអាជ្ញាធរពាក់-ព័ន្ធពន្លឿនការសាងសង់កំពង់ផែទេសចរណ៍ ដោយបង្កើនការធ្វើការ និងបន្ថែមចំនួនកម្មករជំនាញ និងវិស្វករផងដែរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានថ្លែងថា ការសាងសង់កំពង់ផែសមុទ្រនៅខេត្តកំពតនឹងចប់តាមការគ្រោងទុក។ លោកស៊ីណុល បានមានប្រសាសន៍ថា “កំពង់ផែនេះសម្រេចបានប្រហែល 25ភាគរយហើយ យើងគិតថាវានឹងត្រូវបានបញ្ចប់ទាន់ពេលវេលា នៅពេលសាងសង់ហើយ អ្នកទេសចរនឹងអាចទៅដល់ខេត្តនេះតាមនាវា”។
គួរបញ្ជាក់ថា តាមគម្រោង កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងបើកដំណើរការនៅឆ្នាំ2021។ កំពង់ផែនេះចំណាយទឹកប្រាក់ប្រមាណ 10លានដុល្លារអាមេរិកដែលវានឹងជួយជំរុញដល់កំណើនទេសចរនៅក្នុងខេត្តកំពត ជាពិសេសភ្ញៀវមកពីប្រទេសថៃ និងវៀតណាម។
គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេល 3ខែដំបូងនៃឆ្នាំ2019 ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង 467,900នាក់ដែលក្នុងនោះប្រហែល 57,100នាក់ គឺជាជនបរទេសដែលកើនឡើង 4.4ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ដោយឡែកសម្រាប់ថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី13 ដល់15 ខែឧសភា ឆ្នាំ2019 កន្លងទៅនេះ មានភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តកំពតចំនួន 104,441នាក់៕