ក្លិប Everton បានចាប់ផ្តើមជះទឹកប្រាក់ដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ តាមរយៈការបំពេញការចុះហត្ថលេខាជាមួយនឹងអ្នកចាំទី Jordan Pickford ពីក្លិប Sunderland និងខ្សែបម្រើ Davy Klaassen ដែលជាប្រធានក្រុមនៃក្លិប Ajax Amsterdam ក្នុងការផ្ទេរមួយដែលមានតម្លៃខ្លួនសរុប 54លានផោន (ស្មើនឹង 69លានដុល្លារអាមេរិក)។
កីឡាករទាំងពីរសុទ្ធសឹងបានចុះហត្ថលេខាលើកុងត្រារយៈពេល 5ឆ្នាំ ជាមួយនឹងក្លិបមានមូលដ្ឋាននៅ Goodison Park មួយនេះ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្លិប Everton ដែលត្រូវបានផ្តល់មូលនិធិដោយម្ចាស់ភាគហ៊ុនធំគឺលោក Farhad Moshiri នោះ បានចាត់វិធានការយ៉ាងមានប្រសិទ្ធភាពក្នុងការនាំយកកីឡាករពីរនាក់ ដែលជាគោលដៅចម្បងនៅរដូវក្តៅនេះរបស់លោក Ronald Koeman។
Pickford នឹងមានតម្លៃខ្លួនជាបឋមចំនួន25លានផោន ប៉ុន្តែ បើបូកជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែមផ្សេងៗទៀត តម្លៃខ្លួនរបស់គេនឹងកើនដល់3០លានផោន (ស្មើនឹង 38.2លានដុល្លារអាមេរិក) ជាតម្លៃខ្លួនកំណត់ត្រារបស់ក្លិប Everton ខណៈដែលរូបគេក៏ជាអ្នកចាំទី ដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងចក្រភពអង់គ្លេសផងដែរ។
ស្របពេលមួយគ្នានេះដែរ ខ្សែបម្រើអន្តរជាតិហូឡង់ Klaassen បានផ្ទេរមកក្នុងតម្លៃខ្លួន 24លានផោន (ស្មើនឹង 30.6លានដុល្លារអាមេរិក)។ Klaassen បានឲ្យដឹងថា៖ «ខ្ញុំបាននិយាយកាលពីប៉ុន្មានសប្តាហ៍មុនជាមួយនឹងលោក Ronald Koeman អំពីក្លិប Everton។ ខ្ញុំចង់មកទីនេះ និងត្រួតពិនិត្យមើលថា នេះជាក្លិបដែលត្រឹមត្រូវសម្រាប់ខ្ញុំ ឬយ៉ាងណា ហើយចាប់តាំងពីខ្ញុំបានមកទីនេះ ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់។ វាជាក្លិបដ៏អស្ចារ្យមួយ»។
ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «ពេលវេលាដែលខ្ញុំនិយាយជាមួយនឹងលោកគ្រូបង្វឹកដោយផ្ទាល់ ខ្ញុំមានអារម្មណ៍ល្អណាស់។ គាត់ជាមនុស្សស្មោះត្រង់ ហើយយើងបានជជែកគ្នាអំពីក្លិបនេះ និងអំពីរបៀបដែលគាត់ចង់រៀបចំប្រព័ន្ធលេង ដែលចំណុចនោះបានផ្តល់អារម្មណ៍វិជ្ជមានដល់ខ្ញុំ»៕
ប្រភពព័ត៌មាន៖ The Guardian