គណៈប្រតិភូនៃក្រុមប្រឹក្សានាយកប្រតិបត្តិប្រចាំធនាគារពិភពលោកបានបង្ហាញថា ក្រុមប្រឹក្សានេះនឹងពិនិត្យអនុម័តក្របខ័ណ្ឌភាពជាដៃគូជាមួយកម្ពុជារយៈពេល 5ឆ្នាំខាងមុខទៀត គឺចាប់ពីឆ្នាំ2019 ដល់ឆ្នាំ2023 ដោយគ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ1,000លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជា។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីស្តីទីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ទោះបីជាកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និងធនាគារពិភពលោកត្រូវជួបប្រទះនឹងភាពរអាក់រអួលមួយរយៈក្តី តែភាពជាដៃគូនេះត្រូវបានស្តារឡើងវិញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យស្ថានភាពកាន់តែប្រសើរឡើងរហូតមកដល់ពេលនេះ។ ស្របពេលជាមួយគ្នានេះដែរ ធនាគារពិភពលោកក៏បានផ្តល់នូវអនុសាសន៍លើវិស័យសំខាន់ៗមួយចំនួនផងដែរ ដើម្បីតម្រង់ទិសការអភិវឌ្ឍឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖ “ក្នុងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជិត 10ឆ្នាំកន្លងមកយើងបានធ្វើប្រក្រតីកម្ម និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះឡើងវិញ”។
ឯកឧត្តមបានលើកឡើងផងដែរថា យើងសង្ឃឹមថា ធនាគារពិភពលោកនឹងអាចពង្រឹងសារៈសំខាន់នៃតួនាទីរបស់ខ្លួនឡើងវិញក្នុងកិច្ចអភិវឌ្ឍនៅកម្ពុជា ហើយនឹងក្លាយទៅជាដៃគូអភិវឌ្ឍន៍ដ៏ធំ និងសំខាន់ជាថ្មីម្តងទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួបជាមួយគណៈប្រតិភូប្រឹក្សានាយកប្រតិបត្តិប្រចាំធនាគារពិភពលោក ឯកឧត្តម វង្សី វិស្សុត បានបង្ហាញពីចំណុចសំខាន់ៗមួយចំនួននៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល 20ឆ្នាំចុងក្រោយនេះផងដែរ ដោយក្នុងនោះកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ជាមធ្យម7.7% ក្នុង 1ឆ្នាំ និងបានប្រែក្លាយខ្លួនជាប្រទេសចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ2015។ ចំពោះ ផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ៗបានកើនឡើង 4ដង ពីប្រមាណ 417ដុល្លារអាមេរិកក្នុងឆ្នាំ2004 ដល់ប្រមាណ 1,563 ដុល្លារអាមេរិកនៅឆ្នាំ2018។ ទន្ទឹមនឹងនេះ អត្រានៃភាពក្រីក្របានធ្លាក់ចុះពីជាង 53%នៅឆ្នាំ2004 មកនៅត្រឹមប្រមាណ13.4% នៅឆ្នាំ2014 និងប្រហែល10% នៅឆ្នាំ2018។ចំពោះទំហំពាណិជ្ជកម្មអន្តរជាតិវិញ យើងឃើញថា មានកំណើនជាវិជ្ជមាន ពីចំនួន17,723 លានដុល្លារអាមេរិកនៅក្នុងឆ្នាំ2013 ដល់ប្រមាណ 31,638លានដុល្លារអាមេរិកនៅក្នុងឆ្នាំ2018។
បន្ថែមពីលើនេះ កម្ពុជាក៏មានស្ថានភាពវិជ្ជមានផងដែរក្នុងការប្រមូលពន្ធដែលជួយឱ្យរាជរដ្ឋាភិបាលកាន់តែមានលទ្ធភាពក្នុងការបង្កើនចំណាយលើវិស័យអាទិភាព និងវិស័យលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពសេដ្ឋកិច្ច។ បើគិតចាប់ពីឆ្នាំ2013 ដល់ឆ្នាំ2018 ថវិកាចំណាយក្នុងវិស័យអប់រំបានកើន 3.2ដង ចំណែកឯវិស័យសុខាភិបាលបានកើនចំនួន 2.5ដង និងវិស័យកសិកម្មបានកើនឡើងចំនួន 3ដង ព្រមទាំងចំណាយវិនិយោគសាធារណៈដែលហិរញ្ញប្បទានដោយថវិកាជាតិបានកើន 3.5ភាគរយផងដែរ។ ឯកឧត្តមលើកឡើងផងដែរថា ដើម្បីសម្រេចទិសដៅរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2050 រាជរដ្ឋាភិបាលចាំបាច់ត្រូវបង្កើនកិច្ចខិតខំថែមទៀតក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ។ ក្នុងទិសដៅនេះ កម្ពុជាកំពុងជួបនូវបញ្ហាប្រឈមជារចនាសម្ព័ន្ធមួយចំនួន រួមមាន៖ ពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចនៅតូចចង្អៀត ភាពប្រកួតប្រជែងនៅទន់ខ្សោយ កង្វះពលកម្មជំនាញ កង្វះហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងកំណើនឆាប់រហ័សនៃនគរូបនីយកម្មជាដើម ដែលតម្រូវឱ្យមានការបង្កើនការវិនិយោគបន្ថែមដើម្បីបំពេញគម្លាតទាំងនេះ។ ឯកឧត្តមក៏បានលើកឡើងផងដែរថា ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាមានចីរភាព និងហានិភ័យកម្រិតទាប ខណៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗបានចាត់ទុកថា ជាប្រទេសគំរូក្នុងការគ្រប់គ្រងបំណុលសាធារណៈនៅក្នុងតំបន់។ទោះបីបច្ចុប្បន្នមានដៃគូ និងប្រទេសកាន់តែច្រើនចង់ឱ្យកម្ពុជាខ្ចីប្រាក់ក្តី តែកម្ពុជានឹងមិនខ្ចីឡើយ ប្រសិនបើមិនចាំបាច់ និងមិនឆ្លើយតបនឹងតម្រូវការ និងអាទិភាពទេនោះ។
គណៈប្រតិភូនៃក្រុមប្រឹក្សានាយកប្រតិបត្តិ (Board of Directors) ប្រចាំធនាគារពិភពលោក បានមកបំពេញបេសកកម្មនៅកម្ពុជារយៈពេល 5ថ្ងៃ ចាប់ពីថ្ងៃទី8 ដល់ថ្ងៃទី13 ខែឧសភា ឆ្នាំ2019 ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនភាព ព្រមទាំងបញ្ហាប្រឈមរបស់ប្រទេសជាសមាជិក និងការរៀបចំតម្រង់ទិសជាយុទ្ធសាស្ត្រនៃប្រតិបត្តិការរបស់ធនាគារពិភពលោក ដើម្បីជួយគាំទ្រប្រទេសជាសមាជិកដោះស្រាយឱ្យចំបញ្ហាប្រឈមទាំងនោះ។
នៅក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូបានផ្លាស់ប្តូរមតិយោបល់ពាក់ព័ន្ធបញ្ហាបរិស្ថាន និងបញ្ហានគរូបនីយកម្មនៅតាមទីក្រុង ព្រមទាំងការអប់រំនៅក្នុងកម្រិតមធ្យមសិក្សាដែលបច្ចុប្បន្នទោះបីជាអត្រានៃការចូលរៀនមានកម្រិតខ្ពស់ក៏ដោយ តែការបោះបង់ចោលការសិក្សាក៏នៅតែជាបញ្ហាប្រឈមនៅឡើយ។ ទន្ទឹមនឹងនេះ ការបន្តលើកកម្ពស់គុណភាពឧត្តមសិក្សា ពិសេសការគាំទ្រដល់ការសិក្សា និងស្រាវជ្រាវលើមុខជំនាញវិទ្យាសាស្ត្រពិត(STEM) គឺជាមូលដ្ឋានមិនអាចខ្វះបានសម្រាប់គាំទ្រដល់សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា៕