យោងតាមក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា កម្ពុជាបាននាំចូលផលិតផលប្រេងចំនួន 2.5 លានតោននៅឆ្នាំ2018 ពោលគឺកើនឡើង10% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តម សុខ ខាវ៉ាន រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលបានថ្លែងនៅក្នុងសន្និសីទមួយស្តីពីវិស័យប្រេង និងឧស្ម័ននៅសណ្ឋាគារសុខាថា ប្រេងម៉ាស៊ូត និងប្រេងសាំង គឺជាផលិតផលប្រេងដែលនាំចូលច្រើនបំផុតមកពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។
ឯកឧត្តមបានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនប្រេងក្នុងស្រុក និងអន្តរជាតិចំនួន 15 ជាក្រុមហ៊ុននាំចូលផលិតផលប្រេងពីបរទេស។ ក្រុមហ៊ុនទាំងនេះបានចែកចាយផលិតផលដល់អ្នកប្រើប្រាស់តាមរយៈស្ថានីយប្រេងសាំងតូចៗចំនួន 3,778ទីតាំង និងស្ថានីយប្រេងធំៗចំនួន 29ទីតាំងនៅទូទាំងប្រទេស និងមានស្ថានីយប្រេងឥន្ធនៈ ;liquefied petroleum gasLPG ចំនួន 103ទីតាំង។
ឯកឧត្តម សុខ ខាវ៉ាន បានចង្អុលបង្ហាញថា៖“រដ្ឋាភិបាលបានបើកចំហទីផ្សារដែលអនុញ្ញាតឱ្យវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ចូលរួមក្នុងការវិនិយោគ ការរុករក ការផលិត ការចម្រាញ់ ការនាំចេញ ការដឹកជញ្ជូន និងការចែកចាយប្រេង និងផលិតផលប្រេងកាត។ ឥឡូវនេះសម្រាប់ខ្សែទឹកខាងលើ យើងមានប្លុក A ដែលកំពុងស្ថិតនៅក្រោមការអភិវឌ្ឍ។ យើងក៏មានប្លុកផ្សេងទៀតជាច្រើន ដែលផលិតកម្មនឹងមកដល់ ដោយស្ថិតក្រោមការចរចាក្នុងតំបន់ទាមទារ ត្រួតស៊ីគ្នា”។
ឯកឧត្តម បានបន្ថែមថា៖“យើងជឿជាក់យ៉ាងមុតមាំថា នៅលើឆ្នេរសមុទ្ររបស់យើង យើងមានការរំពឹងទុកដ៏គួរឱ្យរំភើបសម្រាប់ការស្រាវជ្រាវបន្ថែម។ សកម្មភាពរុករកភាគច្រើន គឺនៅឈូងសមុទ្រដោយមានជម្រើសនៅតាមឆ្នេរសមុទ្រដែលមិនត្រូវបានរុករក”។
យោងតាមការសិក្សាមួយពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ឬ ERIA) (The Economic Research Institute for Asean and East Asia) ពីឆ្នាំ2012 ដល់ឆ្នាំ2016 តម្រូវការផលិតផលប្រេងបានកើនឡើងជាមធ្យម7.2% ក្នុង 1ឆ្នាំ ដែលនេះបើយោងតាមសន្ទស្សន៍ វាជាអត្រាកំណើនខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ និងផ្នែកផ្សេងទៀតនៃពិភពលោក។
លោក Shigeru Kimura អ្នកផ្តល់ប្រឹក្សារបស់ERIA ស្តីពីកិច្ចការថាមពលបានមានប្រសាសន៍ថា៖“តម្រូវការប្រេងនៅកម្ពុជាមាន 1.9MTOE(one million tonne of oil equivalent) ស្មើនឹង 1លានតោននៅឆ្នាំ2015 ហើយនឹងកើនឡើងដល់ 4,8 MTOE នៅត្រឹមឆ្នាំ2040”។លោកបានបន្តថា ចាប់ពីឆ្នាំ2015 ដល់ឆ្នាំ2040 ឧស្ម័ន LPG ទំនងជាជួបប្រទះតម្រូវការកើនឡើងខ្ពស់បំផុត និងតាមក្រោយដោយប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈដទៃទៀត។
ប្រទេសកម្ពុជារំពឹងថា នឹងកាត់បន្ថយប្រេងឆៅ ដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ។ ប្រេងនឹងត្រូវបានគេយកចេញពីអណ្តូងប្រេងអប្សរា ដែលមានទីតាំងស្ថិតនៅក្នុងប្លុក A នៃអាងប្រេងរបស់ខ្មែរនៅឈូងសមុទ្រថៃ ដែលត្រូវបានគេស្គាល់ថា ជាតំបន់ផលិតប្រេងដំបូងគេបង្អស់នៅកម្ពុជា។
ប៉ុន្តែជារឿងដែលគួរឱ្យសោកស្តាយ ដែលការសាងសង់រោងចក្រចម្រាញ់ប្រេងឆៅ តម្លៃ 620 លានដុល្លារត្រូវបានពន្យារពេល។ បើតាមក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ការសាងសង់រោងចក្រចម្រាញ់ប្រេងកំពុងដំណើរការយឺតជាងការរំពឹងទុក ខណៈគម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ2022។
លោក កូ ស៊ីឡា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាប្រេង បានឱ្យដឹងថា ដំណាក់កាលដំបូងនៃរោងចក្រចម្រាញ់ប្រេងកាតដែលមានទីតាំងនៅលើផ្ទៃដីចំនួន 365ម៉ែត្រការ៉េនៅខេត្តព្រះសីហនុ និងខេត្តកំពតដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំ2019 នឹងត្រូវពន្យារពេល។
លោកបានថ្លែងឱ្យដឹងនៅក្នុងសន្និសីទស្តីពីវិស័យប្រេង និងឧស្ម័នថា រោងចក្រនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ2017 ដោយដំណើរការមានភាពយឺតយ៉ាវ។ រោងចក្រនេះនឹងចំណាយអស់ប្រមាណ 620លានដុល្លារ ហើយនឹងអាចដំណើរការប្រេងឆៅបាន 3លានតោនក្នុង 1ឆ្នាំ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
លោកស៊ីឡាក៏បានបញ្ជាក់ដែរថា៖“រោងចក្រដែលកំពុងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនប្រេងឥន្ទនៈគីមីកម្ពុជា នឹងទំនងជាដំណើរការប្រេងដែលបានមកពីតំបន់ប្រេងអប្សរា ដោយត្រូវបានកំណត់ថា ជាទុនបម្រុងប្រេងដំបូងគេរបស់ប្រទេសនេះ។ ប្រសិនបើរោងចក្រចម្រាញ់ប្រេងមិនទាន់បញ្ចប់ នៅពេលតំបន់ប្រេងអប្សរាក្លាយជាផលិតផលដែលរំពឹងថា នឹងកើតឡើងក្នុងឆ្នាំនេះ ប្រេងឆៅនឹងត្រូវលក់ចេញទៅក្រៅប្រទេស។ ប៉ុន្តែមិនទាន់មានផែនការនៅឡើយទេ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការតភ្ជាប់តំបន់អប្សរា និងរោងចក្រចម្រាញ់ប្រេង”។
ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជាបាននាំចូលប្រេងឥន្ធនៈពីប្រទេសជាច្រើនមកផ្គត់ផ្គង់លើទីផ្សារប្រទេសកម្ពុជា ដូចជាមកពីប្រទេស វៀតណាម ប្រទេសថៃ ប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសអារ៉ាប់រួម សហរដ្ឋអាមេរិក ចិន កូរ៉េ ប្រទេសអាល្លឺម៉ង់ ហុងកុង ហ្វីលីពីន ជប៉ុន អូស្ត្រាលី អេស្ប៉ាញឥណ្ឌា អុីតាលី ហូឡង់ តួកគី ប៉ូឡូញ ចក្រភពអង់គ្លេស កាណាដា ប្រទេសអារ៉ាប៊ីសាអូ៊ឌីត និងប្រទេសប៊ែលហ្ស៊ិក។ ក្នុង 1ឆ្នាំ កម្ពុជានាំចូលប្រេងឥន្ធនៈប្រមាណជាង 2លានតោនគិតជាទឹកប្រាក់ប្រមាណជាង 1ពាន់លានដុល្លារអាមេរិក៕