ប្រពន្ធស្អាត ប្តីណាដែលថាមិនស្រឡាញ់ ពេលបានប្តីស្រឡាញ់ពេញចិត្តហើយនោះ ស្រីៗឯណាដែលថាមិនសប្បាយចិត្តនោះមែនដែរទេ? ភាពស្អាតដែលមនុស្សយើងម្នាក់ៗមានគឺពិតជាបានមកពីការខិតខំ និងការថែរក្សាមកយ៉ាងល្អ។ មានរបស់ល្អគួរតែចែករំលែកឱ្យគ្នាបានដឹង និងបានយកទៅប្រើប្រាស់ ដើម្បីបង្កើនភាពស្រស់ស្អាត បន្ថែមក្តីស្រឡាញ់ពីស្វាមី ដណ្តើមយកក្តីសុខ និងសុភមង្គលក្នុងគ្រួសារឱ្យបានកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះប្រសិនបើអ្នកចង់ដឹង និងចង់យកឈ្នះចិត្តស្វាមីអ្នកនោះ សូមស្វែងរកចម្លើយនៅក្នុងទំព័រនេះដូចតទៅ៖
ស្វែងយល់ពីប្រភេទស្បែក៖ ដំបូងអ្នកត្រូវស្វែងរកឱ្យឃើញសិនថា តើស្បែករបស់អ្នកជាប្រភេទស្បែកបែបណា បន្ទាប់មកទៀតសឹមស្វែងរកផលិតផលណាដែលត្រូវជាមួយនឹងប្រភេទស្បែករបស់អ្នក។ ឡារ៉ែន ដឹងថាអ្នកនាងកញ្ញាទាំងឡាយពិតជាបានជ្រាបពីបញ្ហានេះ ប៉ុន្តែដោយសារតែមានសុភាពនារីច្រើនណាស់ដែលប្រើប្រាស់ផលិតផលខុសពីប្រភេទស្បែករបស់ខ្លួន ហេតុនេះហើយបានជាយើងតែងតែលើកយកបញ្ហានេះមករំឭកដល់អ្នកជារឿយៗ។
ការទទួលទានអាហារ៖ ជំហានបន្ទាប់ដែលអ្នកត្រូវយកចិត្តទុកដាក់គឺការទទួលទានអាហារដែលត្រូវទៅតាមប្រភេទស្បែក និងមានប្រយោជន៍ចំពោះស្បែក។ ប្រសិនបើអាចគួរតែងាកចេញបន្តិចពីអាហារប្រភេទ Fast Food ព្រោះថាអាហារប្រភេទនេះមិនល្អសម្រាប់ស្បែកនោះទេ មានតែអាហារដែលអ្នកចម្អិនដោយផ្ទាល់ គឺសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមទេទើបល្អ ហើយម្យ៉ាងទៀតបើសួរលោកប្តីវិញនោះក៏ប្រហែលជាមិនរីករាយណាស់ណាទេ បើរាល់ថ្ងៃមានតែអាហារ Fast Food នោះ។ ចម្អិនអាហារខ្លួនឯងមិនត្រឹមតែជួយឱ្យស្បែកស្អាត សុខភាពល្អនោះទេ ថែមទាំងជួយបន្ថែមសុភមង្គលក្នុងគ្រួសារថែមទៀតផង។
ទទួលទានទឹកដើម្បីស្បែករលោងភ្លឺថ្លា៖ ជំនួយការពីធម្មជាតិជួយឱ្យស្បែកមើលទៅភ្លឺថ្លាគឺទឹកនេះហើយ។ បន្ថែមបរិមាណទឹកទៅក្នុងរាងកាយរបស់អ្នកជារៀងរាល់ថ្ងៃ ដើម្បីបណ្តេញជាតិពុលចេញពីក្នុងស្បែក។
បញ្ឈប់ភាពធុញថប់៖ ភាពធុញថប់គឺជាធាតុផ្សំដែលនាំឱ្យស្បែកស្រអាប់គ្មានពន្លឺ។ ការពារ ឬកាត់បន្ថយរឿងបែបនេះដោយវិធីងាយៗដូចជា ស្តាប់តន្ត្រី ដកដង្ហើមវែងៗ និងហាត់ប្រាណបែបយ៉ូហ្គាជាដើម។
ផលិតផលដែលអ្នកគួរតែជ្រើសរើសយកមកប្រើ៖ សម្រាប់លោកអ្នកដែលប្រាថ្នាចង់បានស្បែកដែលមានសភាពភ្លឺរលោងស្រស់ស្អាតនោះសូមចងចាំក្នុងចិត្តថាផលិតផលដែលអ្នកនឹងទិញយកមកប្រើប្រាស់ត្រូវតែមានធាតុផ្សំសំខាន់ៗមួយចំនួនដូចជា វីតាមីន C, Retinoid និង Lacticacid។ វីតាមីន C មានប្រសិទ្ធភាពក្នុងការកម្ចាត់មុន កាត់បន្ថយអាការក្រហម រមាស់ស្បែក មុនក្បាលខ្មៅ និងកាត់បន្ថយស្នាមជ្រួញជាដើម។ ផលិតផលដែលមានផ្សំជាមួយ Retinoid ជួយកម្ចាត់មុន បង្រួមរន្ធរោមជាពិសេសជួយឱ្យស្បែករលោង មានសុខភាពល្អ និងក្មេងជាងវ័យ។ Lactic acid ជួយបន្ថែមសំណើមដល់ស្បែក បន្ថយភាពស្ងួតគ្រើម ធ្វើឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្រាយ។
ចំណុចត្រូវហាម
– ផាត់មុខក្រាស់ពេក ព្រោះគ្រឿងសម្អាងនឹងធ្វើការបិទរន្ធញើសរបស់អ្នកជិតពេក ដែលអាចបង្កឱ្យកើតមុន។
– យកដៃប៉ះមុខ សូម្បីតែលាបក្រែមការពារស្បែកក្តី ទាំងដែលមិនទាន់បានសម្អាតដៃឱ្យស្អាត គឺមេរោគអាចចម្លងទៅស្បែកតាមរយៈដៃកខ្វក់របស់អ្នកបាន។
-ចូលគេងទាំងមិនទាន់សម្អាតស្បែកឱ្យស្អាត។
– ចូលគេងយប់ជ្រៅ ជក់បារី ស្រា និងប្រើគ្រឿងញៀន។
– បណ្តោយឱ្យស្បែកទ្រាំទ្រនឹងកម្តៅថ្ងៃ ដោយមិនមានផលិតផល ឬសម្ភារជំនួយការពារស្បែក។
សូមចាំថា លទ្ធផលបានមកពីការខិតខំរបស់អ្នក នោះមានន័យថា ស្អាតៗ ឬមិនស្អាតគឺមានតែរូបអ្នកទេដែលអាចជួយខ្លួនឯងបាន៕