កញ្ញាពីង រ៉ូហ្សា ត្រូវបានគេស្គាល់ តាមរយៈការសម្ដែងនៅភាពយន្តមួយចំនួន ដូចជារឿង «ណារ៉ូនិងសូម៉ាលី,ម្ចាស់ចម្ការ,ទឹកភ្នែកព្រោះសម្រស់» និងភាពយន្តជាច្រើនទៀត រួមទាំងរឿងអប់រំមួយចំនួន។ នាងក៏ត្រូវគេឃើញមានវត្តមានជាញឹកញាប់ នៅក្នុងក្រុមបង្ហាញម៉ូដរបស់ក្រុមកញ្ញា ឌួង ហ្ស៊ូរីដា ផងដែរ ខណៈដែលអំឡុងពេលនោះនាងកំពុងសម្រុកថតភាពយន្ត៥រឿង ព្រមគ្នាទាំងរឿងដុំ និងរឿងភាគ ដែលគេមើលឃើញ ថាអាជីពសិល្បៈ របស់នាងកំពុងតែស្ទុះឡើង លេចធ្លោគួរឲ្យកត់សម្គាល់។
តែយ៉ាងណាក៏ដោយ ថ្មីៗនេះ គេពុំបានឃើញតារាស្រីរូបស្រស់សាច់ខ្ចីដូចបណ្ដូលចេករូបនេះ មានសកម្មភាពសិល្បៈនោះទេ ភាគច្រើននាងបានចូលរួមសកម្មភាពសប្បុរសធម៌ និងជួយសង្គមទៅវិញ។ ជាក់ស្ដែងក្នុងការបង្ហាញខ្លួនកាលពីរាត្រីថ្ងៃទី26 ឧសភា កញ្ញាប្រាប់មូលហេតុមួយចំនួន ដែលកញ្ញាលែងទទួលថតកុនដែលអ្នកគាំទ្រមួយចំនួនងឿងឆ្ងល់។
ក្នុងពិធីខួបកំណើតអ្នកនាង លី ម៉ារីណា កញ្ញា ពីង រ៉ូហ្សា បញ្ជាក់ថា ហេតុផលនាងមានសម្រស់ភ្លឺថ្លាជាងមុន គឺមិនមែនដោយសារតែសម្ងំទៅកែសម្រស់នោះទេ ប៉ុន្តែគឺបណ្ដាលមកពីផ្អាកទទួលថតកុនប្រមាណមួយឆ្នាំ ដែលធ្វើអោយនាងមិនសូវប្រឈមនឹងកំដៅថ្ងៃ។ កញ្ញាថានឹងនៅបន្តផ្អាកទទួលការថតកុន ស្របគ្នាដែលនាងក៍មានការងារផ្ទាល់ខ្លួន ដែលមិនសូវមានពេលទទួលថតផង។ នោះគឺដោយសារតែនាងមានការងារត្រូវជួយមើលមុខជំនួញរបស់គ្រួសារ និងត្រូវការពេលស្វែងយល់ពីការបើកជំនួញផ្ទាល់ខ្លួនក្នុងពេលខាងមុខ។ យ៉ាងណាមិញ កញ្ញានៅតែទទួលថតកម្មវិធីទូរទស្សន៍ និងទទួលការងារពិធីការិនីនៅក្នុងទីម្លប់ដដែល ដើម្បីកុំឱ្យមហាជនភ្លេចមុខ។ កញ្ញាថាខ្លួនបានសម្ដែងច្រើនរឿងមុនពេលបាត់មុខ ដូចជារឿង ”ណារ៉ូសសុម៉ាលី” រឿង”ទឹកភ្នែកព្រោះសម្រស់” រឿង”ម្ចាស់ចម្ការ” រឿង”ដីបំណះថ្មី” និងរឿងជាច្រើនទៀត។
ពីង រ៉ូហ្សា បន្តថាកញ្ញា មិនចោលសិល្បៈនោះទេ ដោយគ្រាន់តែទទួលតែការងារណាដែលកញ្ញាអាចទៅរួច ចំណែកសកម្មភាពសប្បុរសធម៍ និងការងារសង្គម គឺនឹងធ្វើឱ្យកាន់ច្រើនជាជំនួសវិញ៕