Skip to content

ADB​ ​ផ្ដល់​ឥណទាន​សម្បទាន​ចំនួន7.64​ ​លាន​ដុល្លារ​ ​កសាង​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​កម្លាំង100មេ​ហ្គា​វ៉ាត់​

​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ឬAsian​ ​Development​ ​bank​(​ADB​)​ ​បាន​អនុម័ត​ឥណ​ទាន​សម្ប​ ​ទាន​ចំនួន​ ​7.64លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​កសាង​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​កម្លាំង100មេ​ហ្គា​វ៉ាត់​នៅ​កម្ពុជា​ដែល​គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​អភិវឌ្ឍន៍​ធនធាន​ថាមពល​កកើត​ ​ឡើងវិញ​ ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​ ​និង​ពង្រឹង​ការប្រកួត​ប្រជែង​នៃ​សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន​។​ ​នេះ​ ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចេញផ្សាយ​ថ្ងៃទី24​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា​ ​បន្ថែម​ពីលើ​ឥណទាន​សម្បទាន​របស់​ ​ADB​ ​កញ្ចប់​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ ​ក៏​មាន​ឥណទាន​ ​សម្បទាន​ចំនួន​ ​11លាន​ដុល្លារ​ ​និង3លាន​ដុល្លារ​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ផង​ដែរ​។​ ​ហិរញ្ញ​ប្ប​ ​ទាន​ឥត​សំណង​នេះ​ទទួល​បាន​ពី​មូលនិធិ​អាកាសធាតុ​យុទ្ធសាស្ត្រ​ ​តាមរយៈ​កម្មវិធី​ពង្រីក​ថាមពល​កកើត​ឡើងវិញ​។​

​បន្ថែម​ពីនេះ​ទៀត​ ​ក៏​មាន​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​ជំនួយ​បច្ចេកទេស​ចំនួន​ ​500​,​ ​000ដុល្លារ​ដែល​ផ្ដល់​ដោយ​មូលនិធិ​ ​e​-​Asia​ ​និង​ភាពជា​ដៃគូ​ចំណេះដឹង​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​អគ្គិសនី​កម្ពុជា​ ​(​EDC​)​ ​និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ​(​EAC​)​ ​ដែល​ជា​និយតករ​អគ្គិសនី​ជាតិ​អំពី​បច្ចេកវិទ្យា​បំប្លែង​ពន្លឺ​ទៅជា​ថាមពល​អគ្គិសនី​ ​និង​ការរៀបចំ​ផែនការ​ឧទ្យាន​ថាមពល​ពន្លឺ​ព្រះអាទិត្យ​។​ ​ADB​ ​នឹង​គ្រប់គ្រង​ធនធាន​ទាំងអស់​នេះ​។​

​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នឹង​ជួយ​ដល់​ ​EDC​ ​ដែល​ជា​សេវា​ផ្គត់ផ្គង់​អគ្គិសនី​ជាតិ​របស់​កម្ពុជា​ ​អាច​សាងសង់​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​កម្លាំង​ ​100មេ​ហ្គា​វ៉ាត់​ ​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ​ដទៃទៀត​ ​រួមមាន​ជាអាទិ៍​ ​ផ្លូវ​ចេញចូល​ ​របង​ ​និង​ប្រព័ន្ធ​បង្ហូរទឹក​ ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​។​ ​ADB​ ​បាន​ជួយ​រៀបចំ​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ​ក្រោម​ ​ហិរញ្ញប្បទាន​ឥត​សំណង​ពីរ​រដ្ឋាភិបាល​កាណាដា​ ​និង​សិង្ហបុរី​។​

​ ​គម្រោង​នេះ​ក៏​នឹង​កសាង​ប្រព័ន្ធ​បញ្ជូន​អគ្គិសនី​ដែល​តភ្ជាប់​ទៅ​នឹង​បណ្ដាញ​ចែកចាយ​ចម្បង​ ​នៅ​ក្បែរ​រាជធានី​ភ្នំពេញ​ ​ដែល​នឹង​អនុញ្ញាត​ឱ្យ​គម្រោង​នេះ​អាច​ផ្គត់ផ្គង់​ថាមពល​ទៅ​បណ្ដាញ​ចែកចាយ​ជាតិ​ផង​ដែរ​។​

​លោក​ ​Pradeep​ ​Tharakan​ ​ប្រធាន​ក្រុម​អ្នកឯកទេស​ខាង​ផ្នែកការ​ប្រែប្រួល​អាកាសធាតុ​របស់​ ​ADB​ ​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖​«​ការ​មាន​ប្រភព​ថាមពល​ដែល​គួរ​ឱ្យ​ជឿជាក់​បាន​ ​មាន​និរន្តរភាព​ ​និង​តម្លៃ​សមរម្យ​ ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ​របស់​ប្រទេស​ដែល​កំពុង​មានការ​រីកចម្រើន​ឆាប់រហ័ស​ដូច​កម្ពុជា​។​ ​ជំនួយ​របស់​ ​ADB​ ​នឹង​មិនគ្រាន់​តែ​ជួយ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល​របស់​កម្ពុជា​តាមរយៈ​ការ​អភិវឌ្ឍ​ថាមពល​ព្រះអាទិត្យ​ប៉ុណ្ណោះទេ​ ​តែ​វា​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​ ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ខ្លួន​ ​យោង​តាម​កិច្ច​ព្រមព្រៀង​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ផង​ដែរ​»​។​

​ទោះបីជា​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​អភិវឌ្ឍ​បណ្ដាញ​ថាមពល​នៅ​កម្ពុជា​ក៏ដោយ​ ​ក៏​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​ ​5លាន​នាក់​នៅតែ​ខ្វះ​លទ្ធភាព​ទទួល​អគ្គិសនី​ប្រើប្រាស់​ ​ព្រោះថា​បើ​ទោះបី​កម្ពុជា​មាន​ពន្លឺ​ព្រះអាទិត្យ​ច្រើន​ក៏ដោយ​ ​ប៉ុន្តែ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​ពី​ពន្លឺ​ព្រះអាទិត្យ​ ​នា​ពេល​បច្ចុប្បន្ន​ ​គឺ​បាន​ត្រឹមតែ​ ​10មេ​ហ្គា​វ៉ាត់​ប៉ុណ្ណោះ​។​

​ ​ក្នុង​ឆ្នាំ2018​ ​កម្ពុជា​អាច​ផ្គត់ផ្គង់​អគ្គិសនី​តាមរយៈ​បណ្ដាញ​ដែល​បាន​ដំឡើង​រួចរាល់​សរុប​ចំនួន​ ​2175មេ​ហ្គា​វ៉ាត់​ ​ដែល​ក្នុង​នោះ​ថាមពល​ពី​វារីអគ្គិសនី​មាន​ចំនួន​ ​1330មេ​ហ្គា​វ៉ាត់​ ​ឬ​ប្រមាណ62​%​ ​និង​ការផលិត​ថាមពល​អគ្គិសនី​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​លមាន​ចំនួន​ ​780មេ​ហ្គា​វ៉ាត់​ ​ឬ​ប្រមាណ36​%​។​ ​

​តាម​ការសិក្សា​ ​ADBបាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ​ប្រទេស​កម្ពុជា​អាច​បន្ថែម​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​ប្រមាណ​ ​200មេ​ហ្គា​វ៉ាត់​ទៅ​ក្នុង​បណ្ដាញ​ចែកចាយ​ត្រឹម​ឆ្នាំ2021​ ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ ​មានស្រាប់​ ​និង​ដោយ​មិន​ប៉ះពាល់​ដល់​បណ្ដាញ​ចែកចាយ​៕​



Leave a Reply

Your email address will not be published. Required fields are marked *