Skip to content

សាលា​រាជធានី​ភ្នំពេញ​ ​-​ ​អង្គការ​ ​JICA​ ​ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​

​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​និង​លោក​បណ្ឌិត​ ​អ៊ី​តូ​ ​មិម​ប៉េ​អ៊ិ​ ​(​Dr.lto​ ​Mimpei​)​ ​ប្រធាន​ដឹកនាំ​ក្រុមការងារ​ត្រៀម​ការសិក្សា​ស្រាវជ្រាវ​ ​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ ​អន្តរជាតិ​ជប៉ុន​(​JICA​)​ ​របស់​ប្រទេស​ជប៉ុន​ ​បាន​ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​ក្រោយពី​ការសិក្សា​ស្រាវជ្រាវ​អស់​រយៈពេល12ខែ​ ​ត្រូវ​បាន​បញ្ចប់​។​

​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ថា​៖​ ​ឯកឧត្តម​សូម​អគុណ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍​ ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុនJICA​ ​ដែល​តែងតែ​បន្ដ​ជួយ​ដល់​កិច្ច​ដំណើរការ​អភិវឌ្ឍន៍​សំ​ខាន់​ៗ​ ​និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ជប៉ុន​ ​ដែល​តែងតែ​លើកទឹកចិត្ត​បន្ដ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​លើ​ការ​អភិវឌ្ឍ​កសាង​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​មួយចំនួន​ ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការ​ជំនួយ​ហិរញ្ញប្បទាន​ ​កិច្ច​សហប្រតិបត្តិ​ការ​ជំនួយ​បច្ចេកទេស​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ការទូត​ដែល​ជា​ការ​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ស្តារ​ ​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

​ជាក់ស្តែង​គម្រោង​កែ​លម្អ​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​រាជធានី​ ​ភ្នំពេញ​ ​ដែល​គម្រោង​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ ​និង​ការ​កែ​លម្អ​បរិស្ថាន​ទីក្រុង​ប្រកបដោយ​ប្រសិទ្ធភាព​ ​និរន្តរភាព​ ​ព្រមទាំង​បាន​លើកកម្ពស់​ដល់​សោភណភាព​រាជធានី​ភ្នំពេញ​ក្នុង​បរិស្ថាន​ស្អាត​ប្រកបដោយ​ផាសុកភាព​ ​និង​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​ជាពិសេស​ផ្តល់​ភាព​រីករាយ​ដល់​ប្រជាពលរដ្ឋ​ទៀតផង​។​

​ឯកឧត្ដម​ ​ឃួង​ ​ស្រេង​ ​បាន​បញ្ជាក់​ថា​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នៅតែ​បន្ដ​ចាប់ដៃ​គូ​អភិវឌ្ឍន៍​ដ៏​ល្អជា​មួយ​ក្រុមការងារ​គម្រោង​របស់JICA​ ​រួម​ជាមួយ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ ​និង​ក្រុមហ៊ុន​ស៊ី​ធី​អាយ​(​CTI​)​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​ ​12ខែ​ ​រហូត​បាន​បញ្ចប់​ការសិក្សា​ ​និង​ដាក់ចេញ​ជារ​បាយ​ការណ៍​បញ្ចប់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​ហើយ​ឈាន​មកដល់​ការ​ចុះហត្ថលេខា​លើ​ព្រមព្រៀង​រវាង​ភាគី​ទាំង2​ ​នា​ពេលនេះ​។​

​ឯកឧត្ដម​បន្ដ​ថា​ ​គម្រោង​អភិ​វិ​ឌ្ឍ​ន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​នឹង​ ​ត្រូវ​ក្លាយជា​គម្រោង​គំរូ​ដំបូងបង្អស់​ ​សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​លើ​ការកែច្នៃ​ទឹក​កខ្វក់​ ​ក្នុង​បរិមាណ​ ​5000ម៉ែត្រគុប​ក្នុង​ ​1ថ្ងៃ​ ​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការកាត់បន្ថយ​ការ​បំពុល​ ​បរិស្ថាន​មួយ​កម្រិត​ធំ​នៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​។​ ​ឯកឧត្តម​សង្ឃឹមថា​ ​គម្រោង​នេះ​នឹង​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​ពី​រាជរដ្ឋាភិបាល​ជប៉ុន​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​

​លោក​បណ្ឌិត​ ​អ៊ី​តូ​ ​មិម​ប៉េ​អ៊ិ​ ​(​Dr​.​ ​lto​ ​Mimpei​)​ ​បាន​មានប្រសាសន៍​បន្ថែម​ថា​ ​ជាតិពុល​ដែល​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​បឹងបួ​ ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ​និង​សុខភាព​ប្រជាពលរដ្ឋ​ ​និង​សត្វ​យ៉ាង​ខ្លាំងក្លា​។​ ​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ ​ការ​ស្តារ​បរិស្ថាន​ឡើងវិញ​នេះ​ ​គឺ​ត្រូវ​ចំណាយ​ថវិកា​ច្រើនលើស​ពី​ការ​វិនិយោគ​។​ ​បញ្ហា​នេះ​ ​ចំណុច​សំខាន់​យើង​ត្រូវ​ធ្វើ​ប្រព័ន្ធ​លូ​បង្ហូរទឹក​នៅ​ដំណាក់កាល​បឋម​ ​ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ​ច្រើន​នេះ​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​នេះ​អាច​បន្សុទ្ធ​ទឹក​កខ្វក់​បាន​ក្នុង​ ​1ថ្ងៃ​ ​5,000ម៉ែត្រគុប​។​ ​ក្រៅពី​ការ​អភិវឌ្ឍ​ផ្នែក​ខាងត្បូង​ហើយ​ផ្នែក​ខាងជើង​យើង​ក៏​នឹង​ចូលរួម​ធ្វើការ​អភិវឌ្ឍ​ផង​ដែរ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ការ​ចុះហត្ថលេខា​លើ​ ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​លូ​ទឹក​កខ្វក់​នៅ​បឹង​ជើងឯក​នេះ​រួច​ ​យើង​នឹង​បញ្ជូន​ទៅ​ឱ្យ​រាជរដ្ឋាភិបាល​ជប៉ុន​ដើម្បី​ធ្វើការ​អនុម័ត​ជាចុងក្រោយ​៕​



Leave a Reply

Your email address will not be published. Required fields are marked *