សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនី ចំនួន 6នាក់ និងគ្រូបង្វឹក 2នាក់ទៅចូលរួមព្រឹត្តិការណ៍ «Thailand Open» នៅទីក្រុងបាងកក ប្រទេសថៃ ដោយការប្រកួតបានប្រព្រឹត្តកាលពីថ្ងៃទី16 រហូតដល់ថ្ងៃទី22 ខែឧសភា។
កីឡាករ និងគ្រូបង្វឹកទាំង 8រូប រួមមានកីឡាករ សឹម សាមឌី ប្រកួតលើវិញ្ញាសាចោលដុំដែក កីឡាករ ទត សាលីន ប្រកួតលើវិញ្ញាសារត់ចម្ងាយ 100ម៉ែត្រ និង200ម៉ែត្រ កីឡាករ ផាត សុភុត កីឡាករ យ៉ាតពិទូ ចាន់ទិវា ប្រកួតលើវិញ្ញាសារត់ចម្ងាយ 200 និង400ម៉ែត្រ និងកីឡាការិនី 2រូប គឺកីឡាការិនី ប៊ូ សំណាង និងកីឡាការិនី ថន ថារីរតនា។ សម្រាប់គ្រូបង្វឹក 2នាក់ដែលរួមដំណើររួមមាន លោក បូរ ពុធរាត្រី និងលោក គៀង សាម៉ន។
ជាលទ្ធផល កីឡាការិនីអត្តពលកម្មកម្ពុជា ប៊ូ សំណាង បានទទួលបានមេដាយសំរឹទ្ធ 1គ្រឿងពីព្រឹត្តិការណ៍នេះលើវិញ្ញាសារត់ចម្ងាយ 3,000ម៉ែត្រ (3គីឡូម៉ែត្រ) ក្រោមអាយុ 18ឆ្នាំ (U-18)៕