កីឡាករវាយកូនបាល់វ័យក្មេង ទេព ទីម៉ូធី ដែលជាកូនប្រុសរបស់អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានទទួលអាហារូបករណ៍ទៅសិក្សាផ្នែកសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិករយៈពេល 4ឆ្នាំ នៅសាកលវិទ្យាល័យ Virginia Wesleyan University ក្រោយពេលដែល ទីម៉ូធី បានឈ្នះពាន Award To Best Male Athlete ក្នុងការប្រកួតប្រចាំសាកលវិទ្យាល័យនេះ។ ហើយនេះគឺជាឳកាសបន្ថែមពីលើឳកាសដែលរូបគេទទួលបានពីសហព័ន្ធដែលបានផ្គត់ផ្គង់រូបគេទៅហ្វឹកហាត់នៅទីនោះរយៈពេល 4ឆ្នាំ។
គ្រូបង្វឹករបស់កីឡាកររូបនេះបានបន្ថែមថា ទេព ទីម៉ូធី ជាកីឡាករកម្ពុជាទី2 ហើយដែលសហព័ន្ធបញ្ជូនទៅហ្វឹកហាត់នៅអាមេរិក បន្ទាប់ពីកីឡាករ ឈាង វណ្ណាស័ក្ក ដែលបានទៅហ្វឹកហាត់នៅទីនោះដែរអស់រយៈពេល 2ឆ្នាំមកហើយ។ តែគួរឱ្យស្តាយ ព្រោះពេលនេះ ឈាង វណ្ណាស័ក្ក កំពុងមានបញ្ហារបួសជង្គង់ ដែលនេះជារឿងគួរឱ្យសោកស្ដាយមួយសម្រាប់កម្ពុជា។
កីឡាករ ទេព ទីម៉ូធី បានអះអាងថា រូបគេនឹងប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង ដើម្បីប្រជែងយកមេដាយជូនមាតុភូមិ ដើម្បីសាងកេរ្តិ៍ឈ្មោះឲ្យល្បីរន្ទឺដូចជីតារបស់គេកាលពីទសវត្សរ៍ឆ្នាំ1960៕