ពីមួយបទទៅមួយបទ តារាចម្រៀង ង៉ែត សុភ័ក្ត្រ កាន់តែបង្កើនស្នាដៃរបស់ខ្លួនឱ្យកាន់តែជាទីចាប់អារម្មណ៍របស់មហាជនអ្នកគាំទ្រ។ ជាក់ស្ដែងបទចម្រៀងថ្មីមួយនេះ ដែលមានចំណងជើងថា ”សាងស្នេហ៍ខុសសាសន៍ ” មិនត្រឹមតែអត្ថន័យ អត្ថរស ក្លឹមសាទាក់ទាញចាក់ដោតអារម្មណ៍មិត្តយុវវ័យនោះទេ តារាចម្រៀងស្រស់សង្ហារូបនេះ បានប្រកាសចាយទុនចេញថតអឹមវីរបស់ខ្លួននៅក្រៅប្រទេសថែមទៀតផង ដើម្បីឱ្យកាន់តែមើលទៅទាក់ភ្នែក។
លោក ង៉ែត សុភ័ក្រ និយាយថា លោកសម្រេចផលិតបទនេះ គឺដោយសារតែលោកចង់រំលេចពីស្នេហាមួយ ដែលផ្ដើមចេញពីបុរសម្នាក់ទៅកម្សាន្តនៅក្នុងប្រទេសសិង្ហបុរី ហើយក៏ជួបនារីបរទេសនៅទីនោះ ធ្វើឱ្យតួអង្គបុរសជាប់ចិត្តស្រលាញ់។ លោកថាសប្បាយចិត្តដែលខ្លួនទើបតែបានបង្ហោះចម្រៀងមួយបទនេះ មិនទាន់បានប៉ុន្មានម៉ោងផង ប៉ុន្តែមានអ្នកស្ដាប់ច្រើននៅលើយូធូប។ នេះជាចម្រៀងទី18ហើយ ដែលលោកបានច្រៀងផ្ទាល់ខ្លួន ដោយរាប់បញ្ចូលទាំងបទនិពន្ធថ្មី និង Cover ម្ចាស់ដើម។ យ៉ាងណាមិញ លោកថា នៅមិនទាន់ពិចារណាចូលច្រៀងប្រចាំផលិតកម្មនោះទេ ដោយសារតែហេតុផលរវល់ខ្លាចឱ្យពេលវេលាគេមិនបាន និង គិតថានៅឯករាជបែបនេះ ស្រួលចេញបទជាង។
លោក ង៉ែត សុភ័ក្រ បន្តថា នឹងគ្រោងបោះទុនចេញផលិតបទនេះ នៅក្នុងប្រទេសសិង្ហបុរីតែម្ដង ដើម្បីរំលេចបទទាំងមូលអោយកាន់តែមានភាពទាក់ទាញ នៅក្នុងអាជីពចម្រៀង។ ក្នុងនោះលោកក៍នឹងចាប់ផ្ដើមចេញប្រូម៉ូតបទនេះ ក្នុងកម្មវិធីផ្សេងៗអោយកាន់តែខ្លាំងផងដែរ មុនចេញMV។