ក្រសួងអប់រំ យុវជន និងកីឡា ថ្មីៗនេះបានចេញសេចក្តីប្រកាសព័ត៌មានភ្លាមៗដើម្បីថ្កោលទោសដល់គណនី Facebookឈ្មោះ «សេវាផ្សេងៗ» ដែលបានបង្ហោះព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការទទួលធ្វើសញ្ញាបត្របាក់ឌុប និងសញ្ញាបត្រគ្រប់ផ្នែក។
នៅក្នុងសេចក្តីប្រកាសនេះបានបញ្ចាក់ថា ការបង្ហោះព័ត៌មានបែបនេះ ជាអំពើខុសច្បាប់ដែលបំពានដល់សេចក្តីថ្លៃថ្នូរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្តកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ជាពិសេសប៉ះពាល់ដល់ស្មារតី និងការខិតខំរៀនសូត្ររបស់សិស្សានុសិស្ស និងនិស្សិតកម្ពុជា។
ក្រសួងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការស្វែងរកជនដែលបង្ហោះព័ត៌មានខាងលើនេះ ដើម្បីចាត់វិធានការផ្លូវច្បាប់ និងសូមអំពាវនាវដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទឱ្យចូលរួមទប់ស្កាត់ការចែកចាយព័ត៌មាននេះតាមគ្រប់រូបភាព ព្រមទាំងសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ចក្នុងការឈានទៅកំណត់មុខសញ្ញាជនដែលបានប្រព្រឹត្តអំពើខាងលើនេះ៕