បេក្ខជនជាច្រើនមកពីបណ្តាសាកលវិទ្យាល័យគ្រប់រាជធានី-ខេត្ត រួមទាំងស្ថាប័នមួយចំនួន បានមកជួបជុំគ្នាដើម្បីចូលរួមការប្រឡងជ្រើសរើសក្រឡាបញ្ជីជំនាន់ទី5 ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
ការប្រឡងនេះ គឺធ្វើឡើងដោយបែងចែកចេញជា 2 ដំណាក់កាល។ ដំណាក់កាលទី 1 គឺត្រូវប្រឡងលើវិញ្ញាសាសរសេរចំនួន 3 រួមមាន នីតិរដ្ឋធម្មនុញ្ញ នីតិព្រហ្មទណ្ឌ (ច្បាប់សារធាតុ) និងនីតិរដ្ឋប្បវេណី (ច្បាប់សារធាតុ) 2។ ចំណែកឯវិញ្ញាសាទី ( 2 គឺប្រឡងដោយផ្ទាល់មាត់ស្តីពីវប្បធម៌ទូទៅ ជាមួយនិងជំនាញស្តាប់ និងកត់ត្រា។
គួររំឭកដែរថា កាលពីថ្ងៃទី 13 ខែមិថុនា ឆ្នាំ2017 មុនពេលប្រឡងពីរថ្ងៃ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីនីតិវិធី និងការប្រព្រឹត្តទៅសម្រាប់ការប្រឡងនៅថ្ងៃនេះ ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕