ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបពិភាក្សាជាមួយលោកស្រី ហ័ង ធីលៀន (Hoang Thi Lien) នាយិកាប្រតិបត្តិនៃសហគមន៍ម្រេចអន្តរជាតិ (International Pepper Community) ដែលជាស្ថាប័នមួយបង្កើតឡើងក្រោមក្របខ័ណ្ឌគណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ក្នុងគោលដៅលើកកម្ពស់ផលិតផលម្រេចកម្ពុជា។
លោកស្រី ហ័ង ធីលៀនមានប្រសាសន៍ថា គោលបំណងនៃជំនួបនេះគឺដើម្បីណែនាំពីគុណប្រយោជន៍នៃការចូលជាសមាជិករបស់សហគមន៍ដែលបច្ចុប្បន្នមានសមាជិកពេញសិទ្ធិចំនួន6 ប្រទេសរួមមាន វៀតណាម ឥណ្ឌូណេស៊ី ប្រេស៊ីល ឥណ្ឌា ស្រីលង្កា និងម៉ាឡេស៊ី។ ការចូលជាសមាជិករបស់សហគមន៍ ប្រទេសជាសមាជិកនឹងទទួលបានអត្ថប្រយោជន៍លើការលើកកម្ពស់ផលិតភាព បច្ចេកទេសថ្មីៗ ការស្រាវជ្រាវនានា ក្នុងការគាំទ្រលើខ្សែសង្វាក់ផលិតផលទាំងមូល ក៏ដូចជាការសម្របសម្រួលរវាងកសិករ និងឈ្មួញ ដើម្បីឈានទៅដល់ការនាំចេញទៅទីផ្សារបរទេស។
ឯកឧត្តមប៉ាន សូរស័ក្ដិបានមានប្រសាសន៍ដែរថា ម្រេចកម្ពុជាជាកសិផលមួយដែលមានភាពល្បីល្បាញ ជាពិសេសម្រេចកំពតដែលជាទំនិញបញ្ជាក់ភូមិសាស្ត្រ (Geographical Indication) និងមានតម្លៃខ្ពស់នៅលើទីផ្សារពិភពលោក។ ចំពោះការចូលជាសមាជិកនេះ ឯកឧត្តម មានប្រសាសន៍ថា កម្ពុជានឹងអាចចូលជាសមាជិកសង្កេតការណ៍របស់សហគមន៍ម្រេចអន្តរជាតិជាមុនសិន ហើយនឹងសិក្សាបន្ថែមទៀតលើលទ្ធភាពក្នុងការចូលជាសមាជិកពេញសិទ្ធិនៅពេលក្រោយ។
ឯកឧត្តមបានណែនាំឲ្យសហគមន៍ម្រេចអន្តរជាតិសហការជាមួយក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាមួយនៅកម្ពុជាដើម្បីបង្កើតជាវេទិកាប្រឹក្សាជាមួយកសិករ អ្នកប្រមូលទិញ និងអ្នកនាំចេញផលិតផលម្រេច ក្នុងគោលបំណងលើកស្ទួយការអភិវឌ្ឍផលិតផលម្រេចនៅកម្ពុជាបន្ថែមទៀត៕