
ស្លឹកគ្រៃ ជាប្រភេទដំណាំបន្លែដែលងាយស្រួលដាំ និងទទួលបានផលប្រសើរជាងដំណាំផ្សេងៗទៀត ហើយក៏មានតម្រូវការច្រើនក្នុងការដាំស្លហូបចុកប្រចាំថ្ងៃរបស់ប្រជាជនខ្មែរយើងផងដែរ។ ដោយសារតែដំណាំប្រភេទនេះមានទីផ្សារល្អ គួបផ្សំនឹងស្ថានភាពដីក្នុងតំបន់មានអំណោយផលល្អផងនោះ ទើបកសិករក្នុងសហគមន៍កសិកម្ម “សំបូរមានជ័យ” ខេត្តកំពង់ចាមចាប់អារម្មណ៍ងាកមកជំរុញការដាំស្លឹកគ្រៃវិញម្ដង នាពេលបច្ចុប្បន្ន។
លោក អេង ថុង ប្រធានសហគមន៍កសិកម្ម “សំបូរមានជ័យ” ជាអ្នកប្រកបរបរដាំស្លឹកគ្រៃម្នាក់ក្នុងចំណោមកសិករជាច្រើនគ្រួសារទៀតដែលរស់នៅក្នុងភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបានមានប្រសាសន៍ឱ្យកាសែតឡារ៉ែនពាណិជ្ជដឹងថា ស្លឹកគ្រៃ គឺជាប្រភេទដំណាំដែលងាយស្រួលដាំ និងផ្តល់ផលលឿនដោយវានឹងផ្តល់ផលក្នុងអំឡុងពេលត្រឹមតែ 3ខែប៉ុណ្ណោះ។
លោកបានប្រាប់ទៀតថា ស្លឹកគ្រៃ ភាគច្រើនគេចាប់ផ្តើមដាំនារដូវទឹកសម្រក គឺក្នុងអំឡុងខែធ្នូ ឬដើមខែមករា។ ការដាំស្លឹកគ្រៃមិនសូវជាលំបាកក្នុងការថែទាំ ឬបាញ់ថ្នាំសម្លាប់សត្វល្អិតដូចដំណាំផ្សេងទៀតឡើយ ដោយគេគ្រាន់តែដាក់ជី និងស្រោចទឹកក្នុង 1សប្តាហ៍ម្តង ដើមស្លឹកគ្រៃនឹងលូតលាស់បានល្អ ហើយអាចកាត់លក់បាននៅត្រឹមតែរយៈពេល 3ខែប៉ុណ្ណោះ។ នៅពេលស្លឹកគ្រៃចាស់កាត់លក់អស់ គេចាប់ផ្តើមភ្ជួរដី និងដាំស្លឹកគ្រៃថ្មីទៀតភ្លាមៗតែម្ដង ដោយមិនបាច់រង់ចាំរដូវវស្សាចូលមកដល់នោះទេ ព្រោះដំណាំមួយនេះ ទោះជារដូវណាក៏អាចដាំដុះបានដែរ សំខាន់ឱ្យតែមានទឹកស្រោចគ្រប់គ្រាន់។

លោក អេង ថុង បានឱ្យដឹងថា មុននឹងដាំស្លឹកគ្រៃ គេត្រូវជ្រើសរើសយកពូជល្អៗ គល់ធំៗយកមកកាត់ឫសចាស់ចោល ហើយយកទៅផ្សាំបណ្តុះឫសថ្មីនៅលើដីដែលមានទឹកសើមៗ ឬស្រោចទឹកពីលើជាប្រចាំ។ នៅពេលផ្សាំបានចន្លោះពី 4ថ្ងៃទៅ 1សប្តាហ៍ ស្លឹកគ្រៃចាប់ផ្តើមដុះឫសថ្មី ហើយអាចយកទៅដាក់ដាំបាន ដោយគេដាំមួយគុម្ពតែ 1ដើម ឬ 2ដើម(1គល់ ឬ 2គល់) ហើយត្រូវដាំជាជួរឱ្យត្រង់ស្មើក្នុងចន្លោះឆ្ងាយពីគ្នា 3 – 4សង់ទីម៉ែត្រ អាស្រ័យទៅតាមសណ្ឋានដី។
ក្រោយពីដាំ គេគ្រាន់តែមើលថែដាក់ជី និងបាញ់ទឹកបង្ហូរតាមចន្លោះរងនីមួយៗក្នុង 1សប្តាហ៍ម្តង នោះដើមស្លឹកគ្រៃនឹងលូតលាស់បានល្អ និងមិនមានសត្វល្អិតណាមកយាយីរំខានដំណាំប្រភេទនេះទេ ដោយសារវាមានក្លិនឈួល និងរសជាតិហឹរប្រហើរហ្នឹងឯង។
លោកបានបន្តថា កសិករនៅក្នុងភូមិរបស់លោកកន្លងមក មិនមានទម្លាប់ដាំស្លឹកគ្រៃទេ ប៉ុន្តែសព្វថ្ងៃបាននាំគ្នាជំរុញការដាំស្លឹកគ្រៃបន្ថែមលើការដាំដំណាំផ្សេងៗទៀតដូចជា ល្ហុង ពោត សណ្តែក ចេកស្រូវ ម្នាស់ និងឪឡឹក ជាដើម ដោយសារតែស្លឹកគ្រៃមានតម្រូវការទីផ្សារខ្ពស់ទាំងស្លឹក និងគល់ និងមានការបញ្ជាទិញច្រើនទៀតផង។
លោកប្រធានសហគមន៍រូបនេះបានអះអាងថា៖“ ដំណាំស្លឹកគ្រៃនេះ ក្នុង 1ឆ្នាំយើងអាចដាំវាបានពី3 ទៅ 4ដង។ ចំណែកតម្លៃរបស់វាសម្រាប់ការបោះដុំទៅឱ្យម៉ូយដែលទៅយកដល់ចម្ការ គឺស្ថិតក្នុងចន្លោះពី 1,000រៀល ទៅ1,200រៀលក្នុង 1គីឡូក្រាម។ តែយ៉ាងណាក៏ដោយ ស្លឹកគ្រៃបានតម្លៃខ្ពស់តែនៅរដូវប្រាំងប៉ុណ្ណោះ តែនឹងធ្លាក់ថ្លៃនៅរដូវវស្សាដោយសាររដូវវស្សាមានភ្លៀងធ្លាក់ច្រើន ស្លឹកគ្រៃដុះលូតលាស់ល្អ មិនចាំបាច់ចំណាយលុយទិញប្រេងបូមទឹកស្រោចដូចរដូវប្រាំងនោះទេ(ចំណាយទុនតិច)”។ លោកបានបញ្ជាក់ថា បើលក់ក្នុងតម្លៃខាងលើលោកទទួលបានកម្រៃប្រមាណ 8,400,000រៀល(8លាន4សែនរៀល)ក្នុង 1ថ្ងៃ។
លោកបានឱ្យដឹងទៀតថា៖“ចំពោះការផលិតស្លឹកគ្រៃ សហគមន៍របស់យើងធ្វើឡើងដោយរៀបចំជាផែនការ ដោយត្រូវផលិតបន្លែស្លឹកគ្រៃឱ្យបាន 1000តោនក្នុងឆ្នាំ2019 នេះ ព្រោះកាលពីឆ្នាំ2018កន្លងទៅ សហគមន៍ផលិតបានតែ 470តោនប៉ុណ្ណោះដោយមានផ្ទៃដីផលិតជាង 30ហិកតា ដូច្នេះយើងបានចាប់ពង្រីកផ្ទៃដី និងបង្កើនបច្ចេកទេសការដាំដុះថែមទៀត ហើយវានឹងចាប់ផ្តើមឱ្យផលនៅសប្តាហ៍ក្រោយនេះដែរ”។
លោកបានបញ្ជាក់ថា បច្ចុប្បន្នទីផ្សារត្រូវការស្លឹកគ្រៃ(ទាំងគល់ និងស្លឹក)ប្រមាណជា 70តោនក្នុង 1ថ្ងៃតែសហគមន៍ផ្ទាល់បានផលិតស្លឹកគ្រៃ យកទៅលក់ ក្នុង1ថ្ងៃ បានត្រឹមតែ 3,50 – 7តោនប៉ុណ្ណោះ។
លោកក៏បានបញ្ជាក់ផងដែរថា៖“មានសហគមន៍ជាច្រើននៅខេត្តកណ្តាល ដូចជានៅអរិយក្សត្រ និងសហគមន៍នៅពេជ្រនិល-គីរីរម្យក៏គេបានដាំស្លឹកគ្រៃ និងនាំយកមកលក់នៅផ្សារដើមគរ និងផ្សារនាគមាសនៅភ្នំពេញដូចសហគមន៍យើងដែរ នេះជាការប្រកួតប្រជែងមួយដែរ។ មិនតែប៉ុណ្ណោះ ខាងវៀតណាមក៏បាននាំចូលស្លឹកគ្រៃមកលក់នៅផ្សារនាគមាស និងផ្សារដើមគរផងដែរ ហើយតម្លៃលក់ក៏មិនខុសគ្នាប៉ុន្មានដែរ ហើយផលិតផលរបស់វៀតណាមធំៗជាងរបស់ក្នុងស្រុកបន្តិច តែមិនសូវមានក្លិនឈ្ងុយដូចរបស់ខ្មែរយើងដាំទេ”។
លោក អេង ថុង មានប្រសាសន៍ថា ប្រជាជនក្នុងសហគមន៍របស់លោកមានសមាជិកចំនួន 60គ្រួសារដែលប្រកបរបរដាំស្លឹកគ្រៃនេះ។ លោកបានបញ្ជាក់ថា ប្រជាជនក្នុងភូមិបាននាំគ្នាងាកមកដាំស្លឹកគ្រៃមានរយៈពេលជាង 3ឆ្នាំមកហើយ។ ការដាំស្លឹកគ្រៃ បានធ្វើឱ្យពួកគាត់មានជីវភាពធូរធារជាងមុនច្រើន ខណៈស្លឹកគ្រៃងាយស្រួលថែទាំ មិនសូវហត់ និងមានតម្រូវការទីផ្សារខ្ពស់។ ដោយឡែកចំពោះមានការបញ្ជាទិញវិញ គឺមានក្រុមហ៊ុនម៉ាឡេស៊ីមួយបានបញ្ជាទិញចំនួន 8តោនក្នុង 1ខែ និងមានផ្សារនៅខេត្តសៀមរាប រួមទាំងឈ្មួញជនជាតិកូរ៉េក៏បានបញ្ជាទិញដែរ។
ហេតុដូចនេះលោកនឹងរៀបចំឱ្យស្របទៅតាមគម្រោងដែលលោកមាន ដោយនឹងពង្រីកផ្ទៃដីផលិតឱ្យគ្រប់ 60ហិកតា(គឺត្រូវការផ្ទៃដីថែមប្រមាណ 30ហិកតា)ទើបអាចទទួលបរិមាណគ្រប់ចំនួន1,000តោនដែលសហគមន៍បានគ្រោងទុក។
ឯកសារកសិកម្មរបស់អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជាស្ដីពីអត្ថប្រយោជន៍នៃដំណាំស្លឹកគ្រៃ បានបង្ហាញថា ស្លឹកគ្រៃជារុក្ខជាតិដែលមានស្លឹកវែងៗ ក្លិនប្រហើរឈ្ងុយ ដុះបែកជាគុម្ព ស្លឹក និងគល់វាប្រើជាគ្រឿងផ្សំក្នុងអាហារ ជួយបន្ថែមក្លិនក្រអូបឱ្យម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់ ហើយដំណាំស្លឹកគ្រៃនេះក៏ជាឱសថបុរាណដែលជួយបន្ថយជាតិពុលក្នុងរាងកាយ ព្រមទាំងជួយបន្ថយសម្ពាធឈាមដែលឡើងខ្ពស់ ប៉ូវភ្នែក ប៉ូវឆ្អឹង និងធ្មេញផងដែរ។ លើសពីនេះ ស្លឹកគ្រៃក៏មានគុណតម្លៃជាច្រើន និងសម្បូរទៅដោយសារធាតុដែលមានប្រយោជន៍ជាច្រើនមុខ ដូចជាសារធាតុរ៉ែ វីតាមីន និងអង់ហ្ស៊ីម រួមនឹងជីវជាតិសំខាន់ៗច្រើនទៀតដែលរាងកាយមនុស្សត្រូវការជាចាំបាច់ ដើម្បីឱ្យមានសុខភាពល្អ៕
