កំពង់ផែស្វយ័តខេត្តព្រះសីហនុ កំពុងអភិវឌ្ឍការសាងសង់កំពង់ផែតាមជំហានៗ ដោយបានចូលរួមនៅក្នុងការកែទម្រង់តាមរយៈការបញ្ចុះតម្លៃការលើកដាក់ ព្រមទាំងថ្លៃBonus និងការមិនយកថ្លៃឈ្នួលបំផ្លាស់ទីចំណតនាវា ជាដើម ដែលប្រការនេះបានធ្វើឱ្យថ្លៃឡូជីស្ទិកមានកម្រិតទាបជាងមុន និងពង្រីកនូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងមូល សំដៅទៅរកការកើនឡើងនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ និងទទួលបានកំណើនខ្ពស់ក្នុងឆ្នាំ2018។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា៖ “វាជាមោទនភាពយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ដោយបរិមាណទំនិញឆ្លងកាត់ បានកើនឡើងខ្ពស់ក្នុងឆ្នាំ2018 ពោលគឺមានកំណើន22.08% ក្នុងនោះបរិមាណកុងតឺន័រឆ្លងកាត់មានកំណើន17.70% ធៀបនឹងឆ្នាំ2017។ រីឯចំណូលអាជីវកម្មសរុប សម្រេចបានប្រមាណ 72លានដុល្លារអាមេរិក”។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖“ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងរំពឹងថា បរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែនឹងកើនលើស 700,000 TEUs នៅឆ្នាំ2020 និងលើស 1,000,000 TEUs នៅឆ្នាំ2023 ដែលនាំឱ្យតម្រូវការអភិវឌ្ឍន៍ និងសាងសង់កំពង់ផែ ត្រូវសម្រេចឱ្យបានទាន់ពេលវេលា និងប្រើប្រាស់យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបញ្ចុះតម្លៃលើកដាក់ទំនិញបញ្ចុះតម្លៃសេវាឡូជីស្ទិក ពង្រឹងនូវប្រសិទ្ធភាពគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងកតា្តផ្សេងៗដើម្បីពង្រឹងការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក”។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា៖“ថ្មីៗនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានចូលរួមគាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជាសំដៅជំរុញភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដើម្បីធានាឱ្យបាននូវចីរភាពកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលខាងមុខ តាមរយៈវិធានការបញ្ចុះថ្លៃការលើកដាក់ Lo-Lo ចំនួន10% បញ្ចុះថ្លៃ Bonus ពី 7,50 ដុល្លារ មក 5ដុល្លារអាមេរិក ក្នុងមួយ Box និងកែសម្រួលមិនគិតថ្លៃឈ្នួលបំផ្លាស់ទីនាវា (Shifting)”។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចាត់ទុកកំពង់ផែក្រុងព្រះសីហនុថាជាអង្គសេដ្ឋកិច្ចដ៏សំខាន់ និងមិនអាចខ្វះបានផងដែរក្នុងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយនឹងពិភពលោកទាំងមូល ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
កំពង់ផែក្រុងព្រះសីហនុក៏ជាតួអង្គដែលទទួលបាននូវអត្ថប្រយោជន៍ដោយផ្ទាល់ពីការកែទម្រង់ខាងលើ តាមរយៈវិធានការនៃការរំកិលកាំកុងត្រូលចេញពីច្រកទ្វារព្រំដែន និងការរំសាយអង្គភាពកាំសាបដែលនេះជាការចូលរួមចំណែកធ្វើឱ្យប្រតិបត្តិការរបស់ផែមានភាពរលូនជាងមុន និងស្របតាមនិយាមប្រតិបត្តិការនៃកំពុងផែអន្តរជាតិទូទៅ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ជាការពិតហើយថា ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការពង្រឹង និងកសាងសមត្ថភាពផ្សេងៗទៀត របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាអាទិភាពនៅក្នុងទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។
ឯកឧត្តមបន្ដថា ការធ្វើឱ្យសេវាមានតម្លៃសមរម្យ ប្រកបដោយប្រសិទ្ធភាព និងទទួលបាននូវជំនឿទុកចិត្តពីសំណាក់អតិថិជនដែលជាក្រុមហ៊ុននាវាដឹកជញ្ជូន ក៏ដូចជាអ្នកប្រើប្រាស់សេវាកំពង់ផែទាំងអស់ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនចំណូលថវិកាជាតិ និងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងផ្តល់ឱកាសការងារជាច្រើន ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ដ្រីបានបន្ថែមថា តាមរយៈចំណតផែកុងតឺន័រថ្មីជម្រៅទឹក 14,5ម៉ែត្របាន អនុញ្ញាតឱ្យនាវាដឹកជញ្ជូនកុងតឺន័រធុនធំក្នុងតំបន់អាចចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន ហើយចំពោះជម្រៅទឹកសម្រាប់កំពង់ផែត្រូវបានដោះស្រាយព្រមទាំងតម្លៃដឹកជញ្ជូនតាមសមុទ្រ (Ocean FreightCost) ក៏មានតម្លៃប្រហាក់ប្រហែលនឹងប្រទេសផ្សេងៗក្នុងតំបន់ដែរ។ ជាមួយគ្នានេះ គម្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ2020 និងបញ្ចប់នៅឆ្នាំ2023ឬឆ្នាំ2024 ដែលមានទឹកប្រាក់សរុប 203លានដុល្លារ។
ឯកឧត្តមស៊ុន ចាន់ថុល បានបន្ដទៀតថា កំពង់ផែស្វយ័តក្រុងព្រះសីហនុទទួលបាននូវការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA ចាប់ពីឆ្នាំ1999 ដល់ឆ្នាំ2019 ដែលរាជរដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទានសម្រាប់ស្តារ និងអភិវឌ្ឍន៍កំពង់ផែព្រះសីហនុប្រមាណ 382 លានដុល្លារអាមេរិក បន្ថែមលើថវិកាវិនិយោគផ្ទាល់របស់កំពង់ផែប្រមាណ 22លានដុល្លារអាមេរិក ៕