ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ការផ្សងតាមការបរិភោគរបស់គោឧសភរាជ តាមរយៈព្រាហ្មណ៍ព្រះរាជគ្រូដែលបានទស្សន៍ទាយតាមក្បួនច្បាប់ប្រពៃណីពីបុរាណថា ដំណាំ ស្រូវ ពោត សណ្ដែកនឹងទទួលបានផលល្អប្រសើរ ក្នុងព្រះរាជពិធីបុណ្យទ្វារទសមាស ច្រត់ព្រះនង្គ័ល ដែលបាន ប្រារព្ធធ្វើនៅកីឡដ្ឋានគិរីវង្សសុខសែនជ័យ ស្ថិតនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយអ្នកដែលត្រូវបានព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័លទី2 តំណាងរបស់ព្រះអង្គ គឺឯកឧត្តម អ៊ូច ភា ខេត្តតាកែវ និង លោកជំទាវ ស្រី ប៉ុណ្ណាដាវី ជាព្រះមេហួ ។
ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ ចាត់ទុកជាវប្បមង្គលមួយ ដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក ដែលជាការប្រកាសប្រាប់ប្រជាពលរដ្ឋនៅតាមស្រុកស្រែចម្ការថា រដូវវស្សាបានចាប់ផ្ដើមហើយ។
ព្រះរាជពិធីនេះ កាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុ ជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីបានចូលរួមក្នុងព្រះរាជប្បវេណីដ៏សំខាន់មួយនេះ។
កាលពីឆ្នាំ2018 ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើង នៅក្រុងស្វាយរៀង ខេត្ដស្វាយរៀង។ ជាមួយគ្នានេះ កាលពីឆ្នាំទៅ តាមការផ្សង គោឧសភរាជទាំងពីរទៅតាមក្បួនច្បាប់ប្រពៃណីពីបុរាណបានបង្ហាញថា ដំណាំ ស្រូវ ពោត សណ្ដែក ទទួលបានផលល្អប្រសើរ ក្នុងនោះគោ ឧសភរាជទាំងគូ បានបរិភោគស្រូវបានប្រមាណ95% ពោតបានប្រមាណ95% និងសណ្ដែកបានប្រមាណ80% ក្នុងចំណោមអាហារទាំង7 ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ។
សម្រាប់ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ2019 នេះ បានប្រារព្ធធ្វើនៅ ក្រុងដូនកែវ ខេត្តតាកែវ។ នៅចុងបញ្ចប់នៃពិធី ការផ្សងប្រផ្នូលសម្រាប់ធ្វើការទស្សន៍ទាយលើវិស័យកសិកម្មដោយគោឧសភរាជទាំង2 បានបង្ហាញថា គោឧសភរាជបានបរិភោគស្រូវ បានប្រមាណ85% ពោតបានប្រមាណ90% និងសណ្ដែកបានប្រមាណ85% ក្នុងចំណោមអាហារទាំង 7មុខ រួមមាន ស្រូវ ពោត ល្ង សណ្តែក ទឹក ស្រា និងស្មៅ ដែលដាក់ឱ្យផ្សងប្រផ្នូលនោះ៕