វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលគ្រប់គ្នាហៅថា សាលាតិចណូ ជាសាលាល្បីឈ្មោះមួយដែលបង្ហាត់បង្រៀនលើផ្នែកដែលសិស្ស-និស្សិតទូទាំងប្រទេសស្រមៃចង់ចូលរៀន ព្រោះគ្រឹះស្ថានអប់រំមួយនេះ ជាស្ថាប័នបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ រួមទាំងសញ្ញាបត្រប្រកបដោយគុណតម្លៃ និងលេចធ្លោនៅកម្ពុជា។
ជារៀងរាល់ឆ្នាំ សិស្សដែលបញ្ចប់ថ្នាក់ទី12 តែងតែដេករៀននៅរាជធានីភ្នំពេញដើម្បីត្រៀមប្រឡងចូលសាលាដែលល្បីថាមានគុណភាពមួយនេះ។ ថ្មីៗនេះ សិស្ស និស្សិតដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តជិតៗនោះ អាចនឹងមានភាពងាយស្រួលជាងមុនក្នុងការសម្រេចក្តីស្រមៃរបស់ខ្លួនដែលចង់ក្លាយជាសិស្សរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រោះវិទ្យាស្ថាននេះបានពង្រីកសាខារបស់ខ្លួនទៅកាន់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។
ចំពោះបញ្ហាគុណភាព ដែលគ្រប់គ្នាតែងតែគិតថានៅខេត្តច្រើនតែអន់ជាងនៅរាជធានីភ្នំពេញនោះ នឹងលែងជាក្តីបារម្ភទៀតហើយ ព្រោះកម្មវិធីសិក្សា សាស្រ្តាចារ្យ និងសញ្ញាបត្រ នៃសាខាវិទ្យាស្ថានបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ គឺដូចគ្នា និងមានតម្លៃស្មើនឹងវិទ្យាស្ថានបច្ចេកវិទ្យានៅភ្នំពេញដែរ។
មុខវិជ្ជាដែលមានសម្រាប់សិស្សនៅត្បូងឃ្មុំ រួមមានមុខវិជ្ជាវិស្វកម្មគីមី និងស្ថាបត្យកម្ម មុខវិជ្ជាវិស្វកម្មសំណង់ និងស្ថាបត្យកម្ម មុខវិជ្ជាវិស្វកម្មអគ្គិសនី ថាមពល និងទូរគមនាគមន៍ និងមុខវិជ្ជាវិស្វកម្មឧស្សាហកម្ម និងមេកានិក៕