តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញថា តារាវ័យក្មេង លោក ស្រេង ឈាងឡេង និងលោក សែន ណារ៉ា ដែលជាដៃគូជំនួញ បានចាប់ដៃគ្នានាំយកអំណោយទៅប្រគល់ជូនលោកគ្រូអ្នកគ្រូ និងកុមារៗ នៅក្នុងសាលាបឋមសិក្សាវត្តត្រពាំងក្រពើ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នេះជាការចែករំលែក របស់អ្នកទាំងពីរ បន្ទាប់ពីបានចាប់ដៃគ្នា បើកគម្រោងលក់ដីឈ្មោះ សែនណារ៉ា ឈាងឡេង នៅម្ដុំផ្លូវជាតិលេខ៣ ជិតផ្សារព្រៃទទឹង។ នៅព្រឹកថ្ងៃទី 21 ខែឧសភា នេះតារាសម្ដែងឯកប្រុស ស្រេង ឈាងឡេង ប្រាប់សារព័ត៌មាន ឡារ៉ែនថា ក្រៅពីគិតគូរផលិតបទចម្រៀង និងគម្រោងលក់ដី លោកក៏បានចូលរួម ក្នុងសកម្មភាពចែកអំណោយជូនដល់ចាស់ៗ ក្មេងៗ និងសហគមន៍ក្រីក្រមួយចំនួន ផងដែរនាពេលកន្លងមក ដោយលោកប្រកាសថា គឺមានតែការរួមចំណែកពីសប្បុរសជននេះបន្តិច និងពីពួកលោកជាដើមបន្តិចប៉ុណ្ណោះ ទើបធ្វើឲ្យពិភពទាំងមូលពោរពេញដោយក្ដីស្រទ្បាញ់។ លោកថាហេតុផល ដែលនាំឲ្យមានការឯកភាពគ្នា យកសម្ភារ:សិក្សា និងថវិការមកប្រគល់ជូនកូនសិស្ស ប្រមាណជាង200នាក់ និងលោកគ្រូអ្នកគ្រូមួយចំនួននៅទីនោះ គឺដោយសារតែលោកធ្វើជំនួញពុះដីលក់ នៅក្បែរៗនោះហើយមើលឃើញពីការលំបាកដោយផ្ទាល់ភ្នែក។
មិនខុសគ្នាដែរ លោក សែន ណារ៉ា ម្ចាស់ក្រុមហ៊ុនពុះដីឡូតិ៍សែនណារ៉ា បានអះអាងថា អំណោយដែលបានយកមកប្រគល់ជូននេះ គឺជារបស់ក្រុមហ៊ុនរបស់លោក និងមានការចូលរួមពីសប្បុរសជន ដែលជាម្ចាស់ក្រុមហ៊ុនផ្សេងផងដែរ។ ក្នុងនោះ ក៏មានការចូលរួមពីព្រះចៅអធិការវត្តត្រពាំងក្រពើផងដែរ៕