ប្រហែលជាមួយខែមុននេះមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រាតអំពីរឿងផ្ទាល់ខ្លួនរបស់តារាចម្រៀងសុខ ពិសី ថានាងបានសម្ងំសាងស្នេហ៍ជាមួយអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មសាន់ដេ គឺលោក ឡាយ សុខចំរើន។
គ្រានោះមានមហាជនមួយចំនួនបានលើកឡើងថា វាមិនទាស់ខុសអ្វីទេដែលតារាចម្រៀងរូបនេះទៅសាងស្នេហ៍ជាមួយអ្នកគ្រប់គ្រងរបស់ខ្លួន ព្រោះអ្នកទាំងពីរមានសិទ្ធគ្រប់គ្រាន់ ខណៈពួកគេនៅអាចប្រើប្រាស់ជីវិតលីវបាននៅឡើយនោះ។
ទោះជាយ៉ាងណាសាមីខ្លួនកញ្ញាសុខ ពិសី ហាក់ពុំសប្បាយចិត្ដនឹងដំណឹងបែបនេះឡើយ ព្រោះកន្លងមកសារព័ត៌មានក្នុងស្រុកជាច្រើនតែងតែចាប់អារម្មណ៍ផ្សាយតែពីរឿងផ្ទាល់ខ្លួនរបស់នាង ដោយលើកឡើងថា នាងមានចំណងស្នេហ៍ជាមួយបុរសនេះ បុរសនោះ ជាដើម។ នាងបន្ដថា៖ «ខ្ញុំមិនចង់ឱ្យមហាជនចាប់អារម្មណ៍លើរឿងស្នេហារបស់ខ្ញុំពេកទេ ដោយសារតែរឿងទាំងនោះវាពុំមានអ្វីជាការពិតទេ ផ្ទុយទៅវិញខ្ញុំចង់ឱ្យមហាជនចាប់អារម្មណ៍មកលើការងារដែលខ្ញុំកំពុងតែខំប្រឹងវិញល្អជាង ដូចជាការបង្កើតបទចម្រៀងថ្មីៗ ឬការប្រឹងហ្វឹកហាត់ក្បាច់រាំថ្មីៗជាដើម »។
សុខ ពិសី បន្ដថា ការគាំទ្រទៅលើការងាររបស់តារាសិល្បៈជាកម្លាំងចិត្ដមួយដ៏ធំសម្រាប់នាង ក៏ដូចជាតារាសិល្បៈដទៃទៀតដែលគេកំពុងតែខំប្រឹងប្រែងបង្កើនសមត្ថភាពដើម្បីប្រកួតប្រជែងក្នុងទីផ្សារ ពិសេសពួកគេត្រូវការឱ្យមានជាចាំបាច់ និងមិនអាចខ្វះបាន គឺការគាំទ្រពីមហាជន។
គួបញ្ជាក់ថា អ្វីដែលនាំឱ្យមានដំណឹងលេចឮជុំវិញចំណងស្នេហ៍រវាងកញ្ញា សុខ ពិសី និងអ្នកគ្រប់គ្រង ដោយសារតែកន្លងមកនាងពុំដែលស្និទ្ធស្នាលជាមួយបុរសណាម្នាក់ឡើយ តែក្រោយមកស្រាប់តែមានមហាជនមួយចំនួនបានឃើញលោកឡាយ សុខចំរើន ឧស្សាហ៍ជូននាងទៅផ្ទះ ទើបធ្វើឱ្យមានការសន្និដ្ឋានបែបនេះឡើង៕