ពានរង្វាន់យុវជនអាយុក្រោម 19ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-19 Championship 2019) កម្ពុជាស្ថិតនៅក្នុងពូល B ជាមួយក្រុមខ្លាំងៗដូចជា U-19 ថៃ ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងអូស្ត្រាលី ដោយការប្រកួតចាប់ផ្ដើមពីថ្ងៃទី5 ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃទី18 ខែសីហា ឆ្នាំ2019 នៅប្រទេសវៀតណាម។
កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ចីឈ្មោះកីឡាករយុវជនអាយុក្រោម 19ឆ្នាំ ដែលត្រូវកោះហៅចំនួន 30រូបពីក្លិបចំនួន9 ដោយការធ្វើតេស្តដំណាក់កាលបឋម នឹងត្រូវធ្វើឡើងពីថ្ងៃទី13 ដល់ថ្ងៃទី15 ខែឧសភា ឆ្នាំ2019 ខាងមុខនេះ នៅឯទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។
ក្នុងបញ្ចីឈ្មោះនោះមានយុវជនពីក្លិបចំនួន9 រួមមានព្រះខ័នរាជស្វាយរៀង បឹងកេត ណាហ្គាវើលដ៍ វិសាខា អគ្គិសនីកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ ភ្នំពេញក្រោន អង្គរថាយហ្គឺរ និងសាលាតម្រង់ទិសខេត្តកណ្ដាល សរុបចំនួន 30នាក់៕