ក្លិបលីកកំពូលជប៉ុន Consadole Sapporo បានបញ្ជាក់ក្នុងសន្និសីទកាសែតក្រោយការប្រកួតក្នុងលីករបស់ខ្លួនថា នៅពេលដែលកុងត្រាខ្ចីជើងកីឡាករជម្រើសជាតិថៃ Chanathip Songkrasin ត្រូវបញ្ចប់ជាផ្លូវការហើយនោះ ក្លឹបបានសម្រេចផ្ទេរយករូបគេជាផ្លូវការមកកាន់ទឹកដីជប៉ុនជាកីឡាករពេញសិទ្ធិ ជាមួយនឹងតម្លៃខ្លួន 1.35លានដុល្លារ។
កីឡាករមាឌល្អិត ល្បឿនលឿនរូបនេះបានបង្ហាញទម្រង់លេងដ៏ល្អនៅលីកកំពូលជប៉ុន និងរកគ្រាប់បាល់បានស្ទើរតែគ្រប់ការប្រកួតដែលរូបគេត្រូវបានដាក់ឱ្យចូលលេង។ គួរបញ្ជាក់ផងដែរថា កីឡាករជម្រើសជាតិថៃ Chanathip Songkrasin បានផ្ទេរមកពីក្លិប Muangthong United របស់ថៃ ដោយកិច្ចសន្យាខ្ចីជើងរយៈពេល 2ឆ្នាំ ដោយ ឆាណាធិប បានជួយឱ្យក្រុមConsadole Sapporo ឈរលើលេខ5 ក្នុងតារាងពិន្ទុ J League មាន 26ពិន្ទុ ដែលមកទល់នឹងពេលនេះ រូបគេបានផុតកុងត្រាខ្ចីជើងនេះហើយ ទើបក្លិបជប៉ុនសម្រេចចិត្តទិញរូបគេយកផ្តាច់តែម្តង៕