យុវជនជាកម្លាំងចលករដ៏សំខាន់ក្នុងការចូលរួមលើដំណោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គម ដូចជាបញ្ហាអប់រំពីគ្រោះថ្នាក់ចរាចរណ៍ ការសម្អាតបរិស្ថានសង្គម វប្បធម៌ និងបញ្ហាជាច្រើនផ្សេងទៀតទៅតាមជំនាញ និងទេពកោសល្យរបស់ពួកគេ។ រឿងដែលពេញនិយមសម្រាប់យុវជនក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនៅជុំវិញខ្លួនរបស់ពួកគេ គឺការបង្កើតក្រុម ហើយនាំគ្នាអប់រំប្រជាជន ឬបង្កើតសកម្មភាពប្លែកៗដើម្បីឱ្យមនុស្សជាច្រើនបានមើលឃើញ និងបន្តសកម្មភាពវិជ្ជមានទាំងអស់នោះ។ ការធ្វើសកម្មភាពទាំងអស់នោះត្រូវបានគេមើលឃើញថា ជារឿងគំរូ និងជាចរន្តវិជ្ជមានសម្រាប់សង្គម តែនៅក្នុងយុគសម័យថ្មីនេះ យុវជនមានវិធីសំខាន់មួយផ្សេងទៀតដែលចំណាយប្រាក់តិច សន្សំពេលវេលា និងដោះស្រាយបញ្ហាបានច្រើន គឺប្រើប្រាស់បណ្តាញបច្ចេកវិទ្យា។
កញ្ញា សៀក ឡេង អ្នកសម្របសម្រួលកម្មវិធី Techno Innovation Challenge បានលើកឡើង ថា យុវជនកម្ពុជាគួរព្យាយាមសិក្សាស្វែងយល់ និងប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គមព្រោះវាជាវិធីដែលអាចដោះស្រាយបញ្ហាបានយ៉ាង ឆាប់រហ័ស ចំណាយធនធានតិច និងមានប្រសិទ្ធភាពខ្ពស់។ បច្ចុប្បន្ននេះមានបញ្ហាជាច្រើនដែលយុវជនអាចចូលរួមប្រើប្រាស់បច្ចេកវិទ្យាដោះស្រាយ បាន ដូចជាបញ្ហាបរិស្ថាន បញ្ហាកសិកម្មបញ្ហាចំណីអាហារ និងបញ្ហាជាច្រើនផ្សេងទៀតដែលកើតឡើងនៅជុំវិញខ្លួនយើង ហើយមិនទាន់ត្រូវបានគេដោះស្រាយប្រកបដោយនិរន្តរភាពនៅឡើយ។
កញ្ញា សៀក ឡេង បាននិយាយថា៖ “តាមពិតយុវជនយើងជាច្រើនសុទ្ធតែមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហា ដូចជាការបង្កើត Apps ឬប្រមូលផ្តុំគ្នាបង្កើតគម្រោងឆ្លាតវៃនានាដើម្បីដោះស្រាយបញ្ហា ព្រោះការអប់រំបច្ចុប្បន្ននេះមានភាពទូលំទូលាយ ហើយវត្តមាននៃអុីនធើណិតអាចធ្វើឱ្យសិស្ស-និស្សិតសិក្សាពីចម្ងាយក៏បានដែរ”។
កញ្ញា សៀក ឡេង បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះមិនថាយើងនៅទីណានោះទេ យើងសុទ្ធតែអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទាញយកប្រភពព័ត៌មានជាច្រើននៅក្នុងពិភពលោក ឬអាចទាញយកមេរៀនជាច្រើនដើម្បីសិក្សាដោយខ្លួនឯង ហើយច្នៃបច្ចេកទេសទាំងអស់នោះឱ្យត្រូវនឹងតម្រូវការជាក់ស្តែងនៅក្នុងសង្គម។ ក្រៅពីនេះ យុវជនដែលមានមូលដ្ឋានគ្រឹះផ្នែកបច្ចេកវិទ្យាខ្លះហើយ ក៏អាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងបានផងដែរ តាមរយៈការចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនានា ដែលក្នុងនោះមានអ្នកជំនាញជាច្រើនចាំជួយផ្តល់ជំនួយដល់ពួកគាត់ ដូចជាកម្មវិធី Techno Innovation ជាដើម ដែលយើងផ្តល់ឱកាសឱ្យយុវជនប្រើប្រាស់បច្ចេកវិទ្យាដើម្បីប្រកួតប្រជែង តែក៏ផ្តល់អ្នកជំនាញដើម្បីណែនាំពួកគាត់ដែលអនុញ្ញាតឱ្យគាត់កាន់តែមានសមត្ថភាពខ្លាំងក្នុងការបង្កើតនវានុវត្តន៍ផងដែរ។ ក្រោយពេលពួកគាត់បានទទួលការណែនាំ និងបណ្តុះបណ្តាលហើយ គាត់ក៏អាចយកគំរូនៃគម្រោងទាំងអស់នោះទៅបង្កើតជាអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ថែមទៀតផង ព្រោះគំនិតច្នៃប្រឌិតដោយប្រើបច្ចេកវិទ្យាទាំងអស់នោះសុទ្ធតែផ្តល់ភាពងាយស្រួល និងជាជម្រើសឆ្លាតវៃសម្រាប់មនុស្សទូទៅ។
លោក អ៊ុន មាសសម្បត្តិ សហស្ថាបនិកនៃគម្រោងអាជីវកម្មដែលមានឈ្មោះថា WeChoul ;បានលើកឡើងថា នៅក្នុងសង្គមមានបញ្ហាជាច្រើនកើតឡើង ដោយក្នុងនោះមានបញ្ហាខ្លះមិនមែនជាបញ្ហាធំនោះទេ គ្រាន់តែយើងមិនទាន់មានវិធីសាស្ត្រសម្រួល ឬដោះស្រាយឱ្យបានងាយស្រួលប៉ុណ្ណោះ។ នៅពេលបញ្ហាតូចៗទាំងអស់នោះកើតឡើងដដែលៗយូរទៅ វានឹងក្លាយជាបញ្ហារ៉ាំរ៉ៃ ហើយប្រសិនបើអ្នកណាអាចដោះស្រាយវាបាន នោះយើងនឹងក្លាយជាមនុស្សដែលស្ថិតក្នុងការចងចាំ ឬក្លាយជាអ្នកដោះស្រាយបញ្ហាដែលមនុស្សគ្រប់គ្នាទទួលស្គាល់។ ក្នុងចំណោមសកម្មភាពនានា ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាជាវិធីសាស្ត្រល្អ និងមានភាពងាយស្រួលជាងគេ។
លោក អ៊ុន មាសសម្បត្តិ បាននិយាយថា៖ “សូមកុំខ្លាចបញ្ហា ឬគិតថាការប្រើប្រាស់បច្ចេកវិទ្យាជារឿងលំបាកខ្លាំងពេកដែលយើងធ្វើមិនបាន។ ឱ្យតែយើងមើលឃើញពីបញ្ហា ហើយមានឆន្ទៈក្នុងការចូលរួមដោះស្រាយ នោះយើងនឹងមានវិធីជាច្រើនដើម្បីធ្វើវាឱ្យបានមិនខាន”។
អ្នកបង្កើតសេវាកម្មដោយប្រើប្រាស់បច្ចេកវិទ្យាខាងលើបានលើកឡើងផងដែរថា ដំបូងឡើយក្រុមរបស់លោកក៏មិនសូវមានអ្នកខ្លាំងផ្នែកបច្ចេកវិទ្យាដែរតែលោកបានមើលឃើញបញ្ហារួមមួយរបស់ប្រជាជនខ្មែរ ឬភ្ញៀវទេសចរណ៍ដែលកំពុងខ្វះខាតផ្នែកជួលយានជំនិះនៅតំបន់កម្សាន្ត។ បន្ទាប់ពីកំណត់បញ្ហាហើយ លោកចាប់ផ្តើមស្វែងរកជំនួយនានា និងស្រាវជ្រាវបន្ថែមរហូតដល់បង្កើតបានជាសេវាកម្មថ្មីមួយសម្រាប់ជួលម៉ូតូដោយប្រើប្រាស់បច្ចេកវិទ្យា។ លោកបានបន្ថែមផងដែរថា មូលហេតុសំខាន់ដែលលោកប្រើប្រាស់បច្ចេកវិទ្យា ព្រោះក្រុមរបស់លោកមានគ្នាតិចមិនអាចជួយភ្ញៀវទេសចរណ៍ម្តងម្នាក់ៗឱ្យទទួលបានសេវាកម្មជួលម៉ូតូបានគ្រប់ៗគ្នានោះទេ ហើយក៏មិនអាចជួយអាជីវករដែលដាក់ជួលម៉ូតូឱ្យភ្ញៀវបានគ្រប់គ្នាដោយការទាក់ទងដោយផ្ទាល់បានដែរ។ ហេតុនេះការប្រើប្រាស់បច្ចេកវិទ្យា ជាជម្រើសឆ្លាតវៃ ដែលអាចធ្វើឱ្យគ្រប់ភាគីភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានល្អ ចំណេញពេលវេលា និងថវិកាតិច៕