ការអប់រំជាកូនសោគន្លឹះនៅក្នុងសង្គមសម្រាប់គ្រប់សម័យកាលទាំងអស់លើពិភពលោក មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រទេ តែការអប់រំនៅតែជាចំណុចមិនអាចខ្វះបានក្នុងការអភិវឌ្ឍ។ បច្ចុប្បន្ន ពិភពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហេតុនេះការអប់រំក៏ចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរជាវិជ្ជមានផងដែរ ព្រោះប្រសិនបើយើងនៅស្ងៀមមួយកន្លែង ក៏វានៅតែផ្លាស់ប្តូរដែរ គឺប្តូរទៅរកចរន្តអវិជ្ជមាន ដោយសារតែដើរមិនទាន់គេ។
លោក ប៉ិច ប៉ូឡែន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានថ្លែងថាពិភពលោកបច្ចុប្បន្ននេះមានការប្រែប្រួលយ៉ាងលឿនខណៈការអប់រំខ្លះមានអាយុកាលតាំងពីច្រើនឆ្នាំមុនហេតុនេះយើងត្រូវការការផ្លាស់ប្តូររបៀបនៃការអប់រំដើម្បីដើរឱ្យទាន់របត់ និងតម្រូវការជាក់ស្តែងរបស់ពិភពលោកទាំងបច្ចុប្បន្ន និងអនាគត។ នៅសតវត្សរ៍ទី21នេះ យើងត្រូវតែដើរឱ្យលឿន ហើយអ្នកបណ្តុះបណ្តាលត្រូវតែសម្លឹងឱ្យឆ្ងាយ ឬត្រូវមើលពីនិន្នាការចាប់ពី 10ឆ្នាំ ទៅ20ឆ្នាំទៀត ទើបអាចធានាបានថាធនធានមនុស្សជំនាន់ថ្មីរបស់យើងអាចក្លាយជាអ្នកមានសមត្ថភាពឆ្លើយតបនឹងស្ថានភាពពិតប្រាកដក្នុងទីផ្សារការងារ។ ប្រសិនបើយើងមិនមើលឱ្យឆ្ងាយ ហើយដើរឱ្យលឿនទេ មានន័យថា យើងនឹងបង្រៀនសិស្សថយក្រោយហើយ ព្រោះប្រសិនបើយើងមិនទៅមុខ ប្រទេសក្នុងតំបន់គេនឹងបង្រៀនសិស្សរបស់គេទៅមុខហេតុនេះស្មើនឹងយើងយឺតជាងគេដដែល។
លោក ប៉ិច ប៉ូឡែន បាននិយាយថា៖ “ខ្ញុំចង់ឱ្យលោកគ្រូ-អ្នកគ្រូ យល់ពីចរន្តនៃតម្រូវការការងារទៅថ្ងៃអនាគត ដើម្បីបណ្តុះបណ្តាលសិស្សឱ្យទាន់តម្រូវការ និងស្របតាមអ្វីដែលពិភពលោកត្រូវការនៅថ្ងៃអនាគត។ ប្រសិនបើយើងមិនដឹង វាស្មើនឹងយើងខំប្រឹងដោយឥតន័យ ព្រោះគោលបំណងសំខាន់របស់យើងគឺបង្រៀនក្មេងឱ្យក្លាយជាមនុស្សពូកែ មានការងារល្អធ្វើ ហើយប្រសិនបើយើងអប់រំមិនស្របនឹងអ្វីដែលជាលក្ខខណ្ឌជាក់ស្តែងនៅថ្ងៃខាងមុខ នោះពួកគេអាចនឹងមានឱកាសតិចបំផុតដើម្បីទទួលជោគជ័យក្នុងជីវិតនៅថ្ងៃក្រោយ”។
ស្ថាបនិកគ្រឹះស្ថានអប់រំខាងលើក៏បានលើកឡើងផងដែរថា សូមលោកគ្រូ-អ្នកគ្រូ និងអ្នកអប់រំទាំងអស់គិតថា យើងមិនមែនបង្រៀនតែសិស្សអាយុ 10ឆ្នាំ ឬ10ឆ្នាំជាងនោះទេ តែសូមគិតថា យើងកំពុងបង្រៀនអនាគតអ្នកដឹកនាំសហគ្រាស និងស្ថាប័នសំខាន់ៗនៅថ្ងៃអនាគត។ បច្ចុប្បន្ននេះ គាត់មានវ័យជាង 10ឆ្នាំ មិនយូរប៉ុន្មានទៀត ត្រឹមតែពេលជាង 10ឆ្នាំខាងមុខពួកគេអាចនឹងក្លាយជាម្ចាស់សហគ្រាស ប្រធានក្រុមហ៊ុន ឬអ្នកគ្រប់គ្រងស្ថាប័នសំខាន់ៗ ហេតុនេះជំនាញសម្រាប់គាត់សំខាន់ខ្លាំងណាស់សម្រាប់ក្មេងៗជំនាន់ក្រោយ និងសង្គម។ បេសកកម្មរបស់យើង គឺបណ្តុះបណ្តាលអ្នកដឹកនាំទាំងអស់នោះឱ្យមានជំនាញច្បាស់លាស់ មានសមត្ថភាពគ្រប់គ្រាន់សម្រាប់បង្រៀនសិស្ស។ ប្រសិនបើសមត្ថភាពពួកគេនៅមានកម្រិត ឬខ្វះខាតច្រើន វានឹងជះផលប៉ះពាល់អវិជ្ជមានជាច្រើនសម្រាប់សង្គមផងដែរ។
នៅកម្ពុជា បើតាមការបញ្ជាក់របស់គណៈកម្មការផលិតភាពការងារបានឱ្យដឹងថា យើងនៅមានបញ្ហាច្រើនពីគម្លាតជំនាញ និងតួនាទីនៅក្នុងស្ថាប័ន។ យោងតាមទិន្នន័យរបស់អង្គការអន្តរជាតិផ្នែកការងារ ILO បានបញ្ជាក់ថា កម្លាំងពលកម្មនៅកម្ពុជាដែលមានតំណែងជាអ្នកគ្រប់គ្រង មានប្រមាណជា 36% មានសមត្ថភាពមិនដល់តួនាទី។ មានន័យថា គាត់មានតួនាទីខ្ពស់ ជាអ្នកគ្រប់គ្រង តែសមត្ថភាពរបស់គាត់មិនទាន់សមល្មមគ្រប់គ្រាន់សម្រាប់ក្លាយជាអ្នកគ្រប់គ្រងស្ថាប័ននៅឡើយទេ។ ចំពោះបុគ្គលិកអាជីព (professional) វិញ មានប្រមាណជាង 55% មានការងារធ្វើ តែសមត្ថភាពមិនទាន់ឆ្លើយតបជាមួយនឹងតំណែងរបស់ពួកគេនៅឡើយ។ ហេតុនេះការបណ្តុះបណ្តាលជំនាញដល់ប្រជាជនជំនាន់ថ្មីរបស់កម្ពុជាជារឿងសំខាន់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នោះ ព្រោះប្រសិនបើយើងក្មេងៗបច្ចុប្បន្នអាចទទួលបានសមត្ថភាពខ្លាំង និងគ្រប់គ្រាន់តាំងពីនៅក្មេង ពួកគេអាចនឹងក្លាយជាមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់នៅថ្ងៃអនាគតហើយប្រសិទ្ធភាពការងារក៏អាចខ្ពស់តាមនោះដែរ។
លោក ប៉ិច ប៉ូឡែន បានលើកឡើងផងដែរថាបច្ចុប្បន្ននេះ តាមការបញ្ជាក់របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានបង្ហាញថា នៅឆ្នាំ2020 តម្រូវការជំនាញនឹងត្រូវផ្លាស់ប្តូរ ព្រោះបច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំងហើយប្រសិទ្ធភាពការងារក៏កាន់តែទាមទារខ្ពស់ឡើងហេតុនេះត្រឹមជំនាញរឹងដែលយើងបានរៀននៅសាលា មិនទាន់គ្រប់គ្រាន់នោះទេ។ ជំនាញដែលគេត្រូវការ គឺជំនាញច្នៃប្រឌិត ការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម និងបំណិនជីវិតជាដើម ហេតុនេះប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ត្រូវតែខិតខំប្រឹងប្រែងឱ្យបានខ្លាំងដើម្បីទទួលឱ្យបាននូវការប្រកួតប្រជែង ព្រោះប្រទេសកំពុងអភិវឌ្ឍន៍មិនសូវមានរោងចក្រធំៗទេហេតុនេះគេត្រូវការមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីជំរុញសេដ្ឋកិច្ចខាងក្នុងឱ្យខ្លាំង។ លោកបានលើកឡើងផងដែរថា ឆ្នាំ2020 មិនមែនជាពេលវេលាវែងឆ្ងាយខ្លាំងទៀតទេ វានឹងមកដល់ក្នុងពេលឆាប់ៗនេះហេតុនេះយើងត្រូវតែដើរឱ្យទាន់ ហើយឆ្លើយតបឱ្យបាន។ ហេតុនេះហើយទើបការអប់រំនៅកម្ពុជា ជាពិសេសក្រសួងអប់រំ លោកបានព្យាយាមយ៉ាងច្រើនដើម្បីធ្វើយ៉ាងណារៀបចំការអប់រំឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងនាថ្ងៃអនាគត។
លោក ប៉ូឡែន បានបន្ថែមថា បច្ចុប្បន្ននេះយើងនៅមានចន្លោះប្រហោងខ្លះក្នុងការអប់រំ គឺការផ្តោតតែលើពិន្ទុ ឬលទ្ធផលនៃការប្រឡងក្នុងសាលាលើវិញ្ញាសារួម។ មនុស្សម្នាក់ៗមានចំណេះដឹង ជំនាញ និងទេពកោសល្យខុសៗពីគ្នា ហេតុនេះមានសិស្សខ្លះពូកែប្រវត្តិសាស្ត្រ ពូកែភាសា តែមិនពូកែរូបវិទ្យានោះទេហេតុនេះការដែលគាត់ប្រឡងរូបវិទ្យាមិនបានពិន្ទុល្អ យើងមិនអាចវាយតម្លៃថា គាត់អន់នោះទេ ហើយសិស្សខ្លះពូកែគណិតវិទ្យា ក៏មិនប្រាកដថា គាត់ពូកែភាសាខ្មែរដែរ ហេតុនេះប្រសិនបើគាត់ប្រឡងខ្មែរមិនជាប់ ក៏មិនអាចថា គាត់អន់ដែរ។ សិស្សម្នាក់ៗមានចំណុចពិសេសរៀងៗខ្លួន ហេតុនេះការអប់រំក៏គួរតែសម្រួច និងតម្រង់ទិសឱ្យបានល្អទៅតាមស្ថានភាព បំណិន និងលក្ខខណ្ឌដែលសិស្សមាន។ ម្យ៉ាងវិញទៀត អនាគតទៅគ្រប់សហគ្រាសទាំងអស់គេត្រូវការបំណិន និងសមត្ថភាពជាក់ស្តែងច្រើនជាងពិន្ទុក្នុងសាលា ដែលវាបញ្ច្រាស់គ្នានឹងស្ថានភាពដែលគិតពីលទ្ធផលជាចម្បង។ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ អ្នកបណ្តុះបណ្តាលគួរតែចាប់ផ្តើមបន្ថែមនូវអ្វីដែលជាចំណុចសំខាន់ៗពាក់ព័ន្ធនឹងអ្វីដែលសិស្សត្រូវការដើម្បីធ្វើការងារជាក់ស្តែងនៅថ្ងៃអនាគតបន្ថែមពីលើអ្វីដែលយើងធ្លាប់បានធ្វើកន្លងមក ដូចជាការបណ្តុះបណ្តាលទម្លាប់ល្អៗក្នុងផ្នត់គំនិត វិធីសាស្ត្រក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងបច្ចេកវិទ្យាជាដើម៕