តាមការឱ្យដឹងពីលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមជើងឯកលីកកំពូលកម្ពុជា 3រដូវកាលបាននិយាយថា ទោះបីជាក្រុមរបស់លោកឈរនៅលើលីកកំពូលរបស់កម្ពុជាមែន ប៉ុន្តែក្រុមរបស់លោកបានពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើកីឡាករបរទេស ដូចជាខ្សែការពារជប៉ុន Hikaru Mizuno ខ្សែប្រយុទ្ធនីហ្សេរីយ៉ាជាច្រើនរូបទៀតដូចជា Julius Oiboh, Samuel Ajayi ជាដើម។
គ្រូបង្វឹកក្លិបបឹងកេតរូបនេះបានបង្ហាញពីក្តីបារម្ភចំពោះការប្រកួតដណ្ដើមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬ Hun Sen Cup ថា ដោយសារតែពានរង្វាន់ថ្នាក់ជាតិលំដាប់ទី2 មួយនេះមិនអនុញ្ញាតឱ្យមានកីឡាករបរទេសនៅលើទីលានឡើយ ហើយកីឡាករល្អៗរបស់យើងមួយចំនួន ដូចជាខ្សែការពារ សុខ សុវណ្ណ និងរស់ សំអឿន បានផ្លាស់ទៅក្លិបវិសាខា ដូច្នេះកីឡាករខ្មែរក្នុងក្រុមពិតជាមានការពិបាកមែនទែនក្នុងការជួយក្រុមប្រជែងយកជើងឯកពានរង្វាន់មួយនេះ។
សម្រាប់ពានរង្វាន់សម្ដេចហ៊ុនសែនដែលប្រើតែកីឡាករក្នុងស្រុក ក្លិបបឹងកេតមិនទាន់ស្គាល់ពាក្យថា “ជើងឯក” នៅឡើយទេ ដោយទៅបានត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចំនួន 2លើក ហើយឈ្នះលេខ3 ក្នុងឆ្នាំ2014 និងលេខ4 ក្នុងឆ្នាំ2017តែប៉ុណ្ណោះ៕