ក្រុមហ៊ុន Electricity Generating Authority of Thailand ហៅកាត់ថា EGAT គ្រោងនឹងផលិតរថយន្តអគ្គិសនី ដោយកែច្នៃរថយន្តចាស់ៗមួយទឹកសម្រាប់លក់នៅក្នុងឆ្នាំ2020។ EGAT ចង់កែច្នៃរថយន្តប្រើម៉ាស៊ីនចំហេះទៅជាប្រើអគ្គិសនីវិញក្នុងអំឡុងពេលសាកល្បងមួយដើម្បីកំណត់ការចំណាយលើការកែច្នៃ។
លោកស្រី Jiraporn Sirikum ជំនួយការផ្នែកស្រាវជ្រាវបាននិយាយថា EGAT បានសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍វិទ្យាសាស្រ្តដើម្បីកែច្នៃរថយន្តខ្នាតតូច 3ម៉ូដែលគឺ Toyota Vios, Honda Jazz និង Nissan Almera សម្រាប់ការសាកល្បងលើកដំបូង។
ការចំណាយលើរថយន្តច្នៃ 1គ្រឿង ត្រូវបានគេរំពឹងថា ប្រហែលជា 300,000បាត (9, 400ដុល្លារ) ដើម្បីដំឡើងគ្រឿងសំខាន់ៗ ដូចជា អាគុយលីចូម និងម៉ូទ័រអគ្គិសនី។ ឯគោលបំណងវិញ រោងចក្រកែច្នៃខាងលើចង់បង្កើនចំនួនរថយន្តអគ្គិសនីឱ្យកាន់តែច្រើនលើដងផ្លូវក្នុងប្រទេស។
តម្លៃអាគុយត្រូវបានធ្លាក់ចុះនៅទូទាំងពិភពលោក ដូច្នេះវានឹងមានតម្លៃថោកជាងការទិញរថយន្តអគ្គិសនីថ្មីមកប្រើ។ ជាក់ស្តែង Tesla មួយគ្រឿងមានតម្លៃ 3លានបាត (94,000 ដុល្លារ)។ នេះបើតាមការឱ្យដឹងពីលោកស្រី Jiraporn៕