លទ្ធផលនៃការចាប់ពូលវគ្គជម្រុះយុវជនអាយុក្រោម 19ឆ្នាំ ប្រចាំទ្វីបអាស៊ីបានប្រកាសចេញជាផ្លូវការហើយកាលពីពេលថ្មីៗនេះដោយម្ចាស់ផ្ទះកម្ពុជាស្ថិតនៅក្នុងពូល G រួមជាមួយប្រទេស4 ទៀតនៃទ្វីបអាស៊ីដែលមានដូចជា ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង។
កម្ពុជា តៃវ៉ាន់ មីយ៉ាន់ម៉ា វៀតណាម និងមួយប្រទេសទៀតនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតក្រុមជម្រើសជាតិអាយុក្រោម 19ឆ្នាំនៃ 21ប្រទេសទៀតក្នុងការដណ្ដើមពានរង្វាន់មួយនេះ ដោយគ្រោងនឹងធ្វើឡើងនៅចុងខែមិថុនាខាងមុខនេះ តែមិនទាន់ច្បាស់ពីកាលបរិច្ឆេទនៅឡើយទេ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានអនុញ្ញាតឱ្យកម្ពុជាទទួលរៀបចំការប្រកួតវគ្គជម្រុះយុវជនអាស៊ីអាយុក្រោម 19ឆ្នាំ ( AFC U-19 Championship 2020)។ ចំពោះប្រទេសទាំងអស់ដែលចូលរួមក្នុងការប្រកួតដណ្ដើមពានរង្វាន់នេះនឹងត្រូវបែងចែកចេញជា 5ពូល ក្នុងនោះមានពូលចំនួន4 មាន 4ក្រុម និង1ពូលទៀតមាន 5ក្រុម៕