ការវិនិយោគផ្នែកអចលនទ្រព្យក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ចំនួនប្រមាណជាង2ពាន់លានដុល្លារអាមេរិក បើគិតត្រឹមខែមីនា ឆ្នាំ2017។ ចំនួននេះត្រូវបានគេដឹងថា ជាចំនួនច្រើនលើសពីការវិនិយោគលើវិស័យផ្សេងៗទៀត។
អ្នកវិនិយោគមីយ៉ាន់ម៉ា បានបញ្ចូលទំហំទឹកប្រាក់ជាង9,778លានដុល្លារទៅក្នុងសហគ្រាសចំនួន1,241 ក្នុង11វិស័យ ដែលក្នុងនោះគេសង្កេតឃើញថា ការអភិវឌ្ឍវិស័យអចលនទ្រព្យគឺមានចំនួន 20.98%ក្នុងចំណោមការវិនិយោគទាំងអស់។
នេះបើតាមការចេញផ្សាយដោយក្រុមប្រឹក្សាវិនិយោគ និងគ្រប់គ្រងក្រុមហ៊ុន (DICA) ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។ វិស័យឧស្សាហកម្មបានតាមពីក្រោយវិស័យអចលនទ្រព្យក្នុងទំហំទឹកប្រាក់ប្រតិបត្តិការប្រមាណ 1,807លានដុល្លារ បន្ទាប់មកទៀតគឺវិស័យដឹកជញ្ជូនដែលមានទំហំទឹកប្រាក់ជាង1,706លានដុល្លារ និងសណ្ឋាគារ និងទេសចរណ៍មានទឹកប្រាក់ជាង1,048លានដុល្លារ។ ក្នុងនោះដែរវិស័យកសិកម្មនិងជលផលត្រូវបានគេឃើញថាមានចំនួនត្រឹមតែ 0.38% និង 0.53% ប៉ុណ្ណោះក្នុងចំណោមការវិនិយោគទាំងអស់ក្នុងប្រទេស។
ចំណែកការវិនិយោគដោយផ្ទាល់របស់ជនបរទេសក្នុងឆ្នាំ2016-2017 មានថវិកាសរុប6.6ពាន់លានដុល្លារ ដោយក្នុងនោះថវិកាវិនិយោគដែលត្រូវបានដាក់បញ្ចូលទៅក្នុងវិស័យអចលនទ្រព្យមានចំនួន748លានដុល្លារ៕