តាមរយៈស្ថាបនិកគ្រួសារតារាកម្ពុជាបានប្រាប់សារព័ត៌មាន ឡារ៉ែនថា ក្នុងដំណើរទស្សនកិច្ច និងបង្ហាញពីអត្តសញ្ញាណខ្មែរនៅលើទឹកដីខ្មែរ សិល្បករមួយក្រុមពីប្រទេសកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីជនជាតិជប៉ុន ដោយត្រូវបានក្រុមហ៊ុនអចលនទ្រព្យធំមួយប្រចាំប្រទេសជប៉ុន បានប្រកាសពីសន្យា ក្នុងជំនួប និងបង្ហាញសិល្បៈខ្មែរ នាឱកាសនោះផង។
សិល្បករខ្មែរមួយក្រុមដែលទទួលបានការធានាពី អ្នកស្រី ឆោម ស្រស់ ប្រធានសមាគមរួបរួមពលរដ្ឋខ្មែរ ប្រចាំប្រទេសជប៉ុននេះ មិនត្រឹមតែមានឱកាសបានដើរដង្ហែរក្បួន នៅក្នុងពិធីបង្ហាញវប្បធម៍ប្រចាំឆ្នាំ ដែលបានធ្វើឡើងនៅក្នុងទីក្រុងហ្វុកាគុ នៅប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៍ត្រូវបានជនជាតិជប៉ុនអញ្ជើញឱ្យឧទ្ទេសនាមនៅក្នុងក្រុមហ៊ុនអចលនទ្រព្យធំមួយ ដែលបង្ហាញថាជនជាតិជប៉ុនមិនត្រឹមតែពលរដ្ឋសាមញ្ញនោះទេ សូម្បីតែថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ ក៍ចាប់អារម្មណ៍នឹងសិល្បៈវប្បធម៌របស់ជនជាតិកម្ពុជាផងដែរ។ ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី ៩ ឧសភា គេចាប់អារម្មណ៍ថា ក្រុមសិល្បៈមួយក្រុមនេះ ក៍ត្រូវនាយកក្រុមហ៊ុនអចលនទ្រព្យធំមួយ នៅក្នុងប្រទេសជប៉ុនឈ្មោះ Chintai អញ្ជើញឱ្យសិល្បករខ្មែរទាំងនោះ សម្ដែងរបាំបុរាណ និងច្រៀងរាំចង្វាក់ខ្មែរជូនទស្សនា ដែលជាការលើកស្ទួយដល់វប្បធម៌ខ្មែរនោះផង។
នៅក្នុងពិធីនោះក៏មានប្រគល់វត្ថុអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមក ដើម្បីជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន លើផ្នែកវប្បធម៌សិល្បៈផងដែរ។
អ្នកស្រី ឆោម ស្រស់ ប្រធានអង្គការរួបរួមពលរដ្ឋកម្ពុជាជប៉ុន ដែលជាអ្នកធានាយកតារាសិល្បៈខ្មែរមកកាន់ប្រទេសជប៉ុន បានអះអាងថា បន្ទាប់ពីបងប្អូនខ្មែររស់នៅប្រទេសជប៉ុនប្រមាណជិត100នាក់ បានធ្វើក្បួនដង្ហែរបង្ហាញពីសិល្បៈខ្មែរ ក្នុងពិធីបុណ្យប្រចាំឆ្នាំធំមួយ ដែលមានការចូលរួមពីបណ្ដាប្រទេសជាច្រើន អ្នកស្រីក៏បានធានាយកតារាសិល្បៈមួយក្រុម ដឹកនាំដោយលោក នូ សុផេន ឱ្យមកបង្ហាញទម្រង់សិល្បៈនៅតាមបណ្ដាក្រុមហ៊ុនតូចធំ តាមសាលារៀន និងតាមសហគមន៍ដែលមានបងប្អូនខ្មែររស់នៅ ដើម្បីឱ្យកូនខ្មែរដែលធំធាត់នៅក្នុងប្រទេសជប៉ុនបានស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្លួន និងដើម្បីឱ្យបរទេស ពិសេសគឺជនជាតិជប៉ុន កាន់តែស្គាល់ពីខ្មែរ ក្រៅពីស្គាល់អង្គរវត្តតែម្ដង។ ក្នុងនាមជាប្រធានសមាគមតំណាងជនជាតិខ្មែរនៅក្នុងប្រទេសជប៉ុន ក្រៅពីធ្វើសកម្មភាពស្វែងរកមូលនិធិជួយដល់សហគមក្រីក្រនៅកម្ពុជា អ្នកស្រីរមែងប្រមូលផ្ដុំខ្មែររៀបចំជាកម្មវិធីផ្សេងៗ ដើម្បីលើកស្ទួយសិល្បៈខ្មែរ ដោយអ្នកស្រីក៏ព្យាយាមស្វែងរកស្ពុនស័រ ដើម្បីឱ្យសមាគមរបស់អ្នកស្រី មានលទ្ធភាពស្ពុនស័រសិល្បករខ្មែរ មកផ្សព្វផ្សាយវប្បធម៌នៅក្នុងប្រទេសជប៉ុនឱ្យបានច្រើននាក់ជាងលើកនេះផងដែរ។
លោក នូ សុភេន អ្នកដឹកនាំតារាខ្មែរមកបង្ហាញអត្ថសញ្ញាណជាតិនៅលើទឹកដីជប៉ុនបានអះអាងថា គម្រោងមកកាន់ប្រទេសលើកនេះគឺជាលើកទី២ហើយ ដោយវត្តមានសិល្បករខ្មែរលើកនេះត្រូវបានស្នើរមកច្រើនជាងមុន ទើបអាចបែងចែកជាអ្នករបាំបុរាណខ្លះ និងអ្នកចម្រៀងខ្លះ តែអ្វីដែលលោកបានបង្ហាញគឺទម្រង់របាំខ្មែរ និងសំលៀកបំពាក់ខ្មែរក្នុងពេលបង្ហាញខ្លួនជួនបណ្ដាជនជាតិជប៉ុននោះតែម្ដង។ លោកថាវត្តមានដឹកនាំតារាមកប្រទេសជប៉ុនលើកនេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី7 ដល់ថ្ងៃទី16 ឧសភា ដោយដំណើរដឹកនាំសិល្បករមកបង្ហាញអត្តសញ្ញាណលើកនេះ ក៍មានសហការជាមួយស្ថាបនិកគ្រួសារតារាកម្ពុជាផងដែរ៕