រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញពីការរំពឹងទុកថា ប្រទេសកម្ពុជាមានបំណងទាក់ទាញអ្នកទេសចរជប៉ុនជាង 300,000 នាក់ឱ្យបាននៅឆ្នាំ2020។ នេះបើតាមរបាយការណ៍ព័ត៌មានរបស់ក្រសួងទេសចរណ៍ក្នុងពិធីបុណ្យពិព័រណ៍ទេសចរណ៍ឆ្នាំ2019 ដែលធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖«នៅឆ្នាំ2019 នេះយើងរំពឹងថា នឹងទទួលបានភ្ញៀវទេសចរជប៉ុន 230,000នាក់។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា វិស័យទេសចរណ៍កម្ពុជាឆ្នាំ2019 នឹងរួមចំណែកដល់ការលើកកម្ពស់វប្បធម៌ ប្រពៃណី និងសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជា។ ការកើនឡើងនៃចំនួនអ្នកទេសចរជប៉ុនដែលមកទស្សនាព្រះរាជាណាចក្រកម្ពុជាជាលទ្ធផលនៃទំនាក់ទំនងរឹងមាំរវាងប្រទេសទាំង2»។
កាលពីឆ្នាំមុនភ្ញៀវទេសចរបរទេសចំនួន 6.2លាននាក់បានមកទស្សនាព្រះរាជាណាចក្រកម្ពុជា កើនឡើង 10.7%។ ក្នុងនោះមាន 210,000នាក់ជាជនជាតិជប៉ុនកើនឡើង 3.5% ពី 1ឆ្នាំទៅ1ឆ្នាំ ដែលធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសមួយ ក្នុងចំណោមទីផ្សារទេសចរណ៍កំពូលៗ ទាំង 10 របស់ប្រទេសកម្ពុជា។
លោក Kenji Yamada អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានមានប្រសាសន៍ថា៖«ប្រទេសខ្ញុំមានបំណងបង្កើនចំនួនភ្ញៀវទេសចរជប៉ុន និងការវិនិយោគទុនទៅកាន់ព្រះរាជាណាចក្រកម្ពុជា។ ប្រទេសកម្ពុជាបានផ្តល់ឱកាសវិនិយោគដ៏ទាក់ទាញ និងមានកម្លាំងពលកម្មជាច្រើន និងវ័យក្មេង។ លោកយ៉ាម៉ាដាត្រូវបានគេដកស្រង់សម្តីទៀតថា ជប៉ុនសន្យាថា នឹងជួយបង្កើនលំហូរភ្ញៀវទេសចរ និងការវិនិយោគមកកាន់ប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានអំពាវនាវឱ្យមានការហោះហើរដោយផ្ទាល់បន្ថែមទៀតរវាងប្រទេសជប៉ុន និងកម្ពុជាជាពិសេសទៅកាន់ខេត្តសៀមរាបដែលជាទីតាំងនៃរមណីយដ្ឋានអង្គរបុរាណដែលបានចុះបញ្ជីដោយយូណេស្កូ និងជាតំបន់ប៉ូលទេសចរណ៍កំពូល ៗ របស់ប្រទេស។
នៅឆ្នាំ2016 ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានបើកជើងហោះហើរត្រង់ពីអាកាសយានដ្ឋានអន្តរជាតិណារីតា របស់ទីក្រុងតូក្យូ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក Masahiro Imamura ប្រធានសមាគមមិត្តភាពជប៉ុនបាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងត្រូវបានពង្រឹងបន្ទាប់ពីការបង្កើតជើងហោះហើរនេះ។
ដោយមានកិច្ចសហការពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សមាគមខ្មែរនៅប្រទេសជប៉ុន បានរៀបចំពិព័រណ៍ម្ហូបអាហារខ្មែរ វប្បធម៌ និងទេសចរណ៍ និងមានការសម្តែងរបាំបុរាណខ្មែរ សម្តែងក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងច្រៀងចម្រៀងខ្មែរ ដោយក្រុមតន្រ្តី Dark Storm Band និងក្រុមតន្ដ្រីករខ្មែរផ្សេងទៀត ក្នុងនោះស្តង់ចំនួន250 ត្រូវបានតាំង និងដាក់បង្ហាញផលិតផល និងមានអ្នកចូលរួមប្រមាណជាង 10ម៉ឺននាក់។
គួរកត់សម្គាល់ដែរថា ឆ្នាំ2019 នេះជាខួបលើកទី66 នៃទំនាក់ទំនងការទូតរវាងកម្ពុជា និង ជប៉ុន ពិសេសស្របពេលនៃការឡើងគ្រងរាជ្យរបស់ព្រះករុណាណារ៉ូហ៊ីតូ ព្រះចៅអធិរាជជប៉ុន ដែលទើបនឹងបានឡើងគ្រងរាជ្យនៅថ្ងៃទី1 ខែឧសភា ឆ្នាំ2019។
ដើម្បីបន្តការផ្សព្វផ្សាយទេសចរណ៍កម្ពុជាលើទីផ្សារជប៉ុន ក៏ដូចជាការរឹតចំណងមិត្តភាព កម្ពុជា-ជប៉ុន ក្រសួងទេសចរណ៍នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ JATA Travel Showcase និងរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជាCambodia Tourism Roadshow ដែលនឹង ប្រព្រឹត្តទៅចាប់ពីថ្ងៃទី24 ដល់ថ្ងៃទី27 ខែតុលា ឆ្នាំ2019 នៅទីក្រុងអូសាកា ប្រទេសជប៉ុនផងដែរ៕