ថ្មីៗនេះនៅបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញ អតីតតារាសម្ដែងស្រីល្បីឈ្មោះ អ្នកនាង សឿ សុធារ៉ា និងស្វាមីលោក សាពូន មីដាដា បានបង្ហាញវត្តមានច្រៀងរួមគ្នានៅក្នុងកម្មវិធី « ចម្រៀងគ្រួសារខ្មែរ » ។ ការបង្ហាញមុខនៅក្នុងសិល្បៈជាថ្មី បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកទាំងពីរ។ ស្របគ្នានោះដែរ អ្នកនាង សឿ សុធារ៉ា ក៏បានប្រកាសប្រាប់មហាជនផងដែរថា ក្នុងឆ្នាំ2019នេះ អ្នកនាងមានបំណងចិត្តមួយ គឺចង់ជួបនិងនឹករលឹក ដល់សម្ដេចនាយករដ្ឋមន្ត្រី ដែលអ្នកនាងតែងហៅថា សម្ដេចតេជោមហាវិរៈបិតាសន្តិភាពជាតិខ្មែរ។
អ្នកនាង សឿ សុធារ៉ា និយាយថា ដោយសារតែនឹករលឹកដល់ទស្សនិកជន និងនឹករលឹកដល់សម្ដេចនាយករដ្ឋមន្ត្រី ទើបអ្នកនាងទទួលច្រៀងក្នុងកម្មវិធីនោះ ព្រោះដឹងថា សម្ដេចតែងចូលទស្សនាក្នុងកម្មវិធីនោះរាល់ពេលផ្សាយផ្ទាល់។ អ្នកនាងថា ខ្លួន និងគ្រួសារមានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដែលអ្នកនាង និងស្វាមី បកស្រាយបទចម្រៀង ហើយត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីចូលទស្សនា និងចូលComment សួរសុខទុក្ខអ្នកនាង និងស្វាមី ព្រមទាំងកូនទាំង2នៅក្នុងថ្ងៃនោះ។ អ្នកនាងថានេះជាអ្វីដែលអ្នកនាង និងស្វាមីចង់បាន ខណៈដែលអ្នកនាងប្រកាសថាខ្លួន និងគ្រួសារ នៅមានបំណងធំមួយទៀត គឺបានថតរូបជាមួយសម្ដេចនាយកដ្ឋមន្ត្រី និង លោកជំទាវ ជាលក្ខណៈគ្រួសារដើម្បីតាំងផ្ទះ។
អតីតតារាសម្ដែងស្រីរូបនេះបានបន្ដថា ក្នុងឆ្នាំ2019 ពោលគឺចាប់តាំងពីកូនប្រុសរបស់អ្នកនាងកាន់តែចម្រើនវ័យ អ្នកនាង និង លោក សាពូន មីដាដា តែងនឹកស្រមៃជាប្រចាំថា បើបានថតរូបរូបទាំងប្ដីទាំងប្រពន្ធ និងកូនទាំង2ជាមួយសម្ដេចនាយករដ្ឋមន្ត្រី និង លោកជំទាវទុកដាក់តាំងផ្ទះ មិនដឹងថាគ្រួសាររបស់អ្នកនាង អស់ចិត្ត និង មានសុភមង្គលយ៉ាងណា។ អ្នកនាងថា ក្នុងឆ្នាំ2019នេះ បើអ្នកនាង និងគ្រួសារ មិនមានឱកាសបានថតរូបជាគ្រួសារជាមួយសម្ដេចនាយករដ្ឋមន្ត្រី និង លោកជំទាវ ដើម្បីមកផ្ដិតតាំងផ្ទះ នោះអ្នកនាង នឹងមិនអស់ចិត្តនោះទេ ក្នុងពេលអ្នកនាង ចង់បានរូបថតមួយសន្លឹកជួបជុំគ្រួសារមួយជាមួយសម្ដេច និងសម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីឱ្យកូនទាំង2បានមើល និងទុកមើលជាអនុស្សាវរីយ៍។
យ៉ាងណាមិញ អ្នកនាង សឿ សុធារ៉ា ថានេះគឺជាបំណងធំតែមួយគត់ ដែលអ្នកនាងចង់បានក្នុងឆ្នាំ2019។ យ៉ាងណាមិញអ្នកនាងថា មិនដឹងថាអ្វីដែលអ្នកនាងនឹកស្រម៉ៃអាចក្លាយជាការពិតឆាប់ៗ ឬ យ៉ាងណានោះទេ ក្នុងពេលដែល អ្នកនាងថា អ្នកនាង និងស្វាមី ខានជួបដោយផ្ទាល់ជាមួយសម្ដេចនាយករដ្ឋមន្ត្រី និងសម្តេចកតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាលក្ខណៈជាកូនជាចៅ ប្រមាណជាយូរឆ្នាំមកហើយ៕