លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI បានលើកឡើងថា កម្ពុជាមានច្បាប់សឹងគ្រប់អស់ហើយ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។
លោកបានផ្តល់ពេលវេលាខ្លីមួយ ដើម្បីឲ្យអ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ច និងអចលនទ្រព្យនៃគេហទំព័រឡារ៉ែន បានជួបសម្ភាស ៖
-សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាង 7ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ តើអ្វីជាមូលដ្ឋាននៃការសម្រេចបាននូវកំណើននេះ?
សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាង7ភាគរយជាមធ្យមភាគក្នុងរយៈពេលជាងពីរទសវត្សរ៍ ហើយបើប្រៀបធៀបជាមួយប្រទេសនានាក្នុងពិភពលោក តើប្រទេសណាដែលសម្រេចបានកំណើនសេដ្ឋកិច្ចបែបនេះ?។ អ្វីដែលកម្ពុជាសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរនេះ ដោយសារភាពបើកចំហនៃសេដ្ឋកិច្ចរបស់យើង និងសេរីភាវូបនីយកម្មនៃពាណិជ្ជកម្ម ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងការផ្តល់លទ្ធភាពឲ្យអ្នកវិនិយោគមកវិនិយោគនៅប្រទេសយើងបានស្ទើរគ្រប់វិស័យ (លើកលែងតែជនបរទេសមិនអាចទិញដីធ្លី) ព្រោះប្រទេសយើងមិនមានការដាក់កំហិត ប៉ុន្តែប្រទេសខ្លះបានដាក់កំហិតក្នុងរឿងមួយចំនួន។
នេះជាការលើកទឹកចិត្តសម្រាប់អ្នកវិនិយោគទុន ពិសេសក្រុមហ៊ុនធំៗដែលមានលក់ភាគហ៊ុននៅក្នុងទីផ្សារហ៊ុន និងក្រុមហ៊ុនខ្លះមិនបានលក់ភាគហ៊ុនទេ តែពួកគេមានក្រុមប្រឹក្សាភិបាលរបស់ពួកគេ។ ក្រុមប្រឹក្សាភិបាលនេះ ជាអ្នកសិក្សាមើលថា គួរវិនិយោគនៅប្រទេសណាដែលគេអាចមានឯករាជ្យភាពក្នុងការសម្រេច និងគ្រប់គ្រងក្រុមហ៊ុនរបស់គេបាន។ នេះជាចំណុចសំខាន់ណាស់។
-មានការរិះគន់ពីគោលនយោបាយថា មានភាពបើកចំហពេក តើអ្វីជាគុណសម្បត្តិ និងគុណវិបត្តិពីភាពបើកចំហរបស់កម្ពុជានេះ?
អ្វីក៏មានគុណសម្បត្តិ និងគុណវិបត្តិដែរ ប៉ុន្តែក្នុងបរិបទកម្ពុជាដែលឆ្លងកាត់សង្រ្គាម ចាប់ផ្តើមពីបាតដៃទទេ និងទទួលបានសន្តិភាពនៅឆ្នាំ1993 យើងមិនអាចប្រៀបធៀបជាមួយប្រទេសថៃ និងមិនអាចធៀបទាំងជាមួយវៀតណាមផង ព្រោះវៀតណាមមានសង្រ្គាមមែន តែមិនមានសោកនាដកម្មដែលមានគេកាប់សម្លាប់អស់បញ្ញវ័ន្តនោះទេ។ កុំនិយាយពីលុយ ធនធានអត់មាន ចំណេះអត់មាន បច្ចេកវិទ្យាអត់មាន និងធនធានមនុស្សក៏កម្ពុជាអត់មាន។
អ៊ីចឹងស្រុកខ្មែរត្រូវចាប់ដៃគូសហការជាមួយបរទេស ដែលពួកគេយកចំណេះដឹង បច្ចេកវិទ្យា និងធនធានមកស្រុកយើងដែលផ្តល់លទ្ធភាពឲ្យខ្មែរដែលមានការព្យាយាម ការប្រឹងប្រែង និងការខិតខំនោះអាចចាប់បាននូវឱកាសទាំងនោះ។ នៅសៀមរាបក្រោយបញ្ចប់សង្រ្គាម យើងមានអូតែលប៉ុន្មាន? ឥឡូវយើងមានអូតែល និងផ្ទះសំណាក់ប៉ុន្មាន? ហើយមានម្ចាស់ភាគហ៊ុនច្រើនជាខ្មែរទៀត។ នេះជាអ្វីដែលយើងទទួលបានពីការរៀនសូត្រអំពីពួកគេ។
-យើងមានគោលនយោបាយសេដ្ឋកិច្ចបើកចំហ ធ្វើពាណិជ្ជកម្មតាមបែបសេរីភាវូបនីយកម្ម តែបើយើងក្រឡេកមើលទៅលើទិដ្ឋភាពច្បាប់វិញ តើច្បាប់របស់កម្ពុជាត្រូវមានលក្ខណៈបែបណាដើម្បីផ្តល់ទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគថ្មីៗ?
ខ្ញុំថា បូកសរុបទាំងមូលក្នុងរយៈពេល2០ឆ្នាំកន្លងមកនេះ ក្នុងពេលដែលយើងទទួលបានសន្តិភាពមកនេះ និងបោះឆ្នោតប៉ុន្មានអាណត្តិមកនេះ យើងឃើញថារដ្ឋាភិបាលបានប្រឹងប្រែងតាក់តែងច្បាប់ ហើយច្បាប់ដែលត្រូវការសម្រាប់អ្នកវិនិយោគទុនសឹងតែមានគ្រប់អស់ហើយ នៅខ្វះខាតតិចតួចប៉ុណ្ណោះ តែមិនមែនមានន័យថា អត់ច្បាប់ហ្នឹងសេដ្ឋកិច្ចយើងមិនដើរទៅមុខនោះទេ។
សំខាន់យើងបានធ្វើច្បាប់វិនិយោគតាំងពីឆ្នាំ1994 ក្រោយមកយើងធ្វើវិសោធនកម្មច្បាប់វិនិយោគជាបន្តបន្ទាប់បីបួនលើកមកហើយ។ ឥឡូវយើងធ្វើវិសោធនកម្មម្តងទៀត ដើម្បីឲ្យកាន់តែល្អ និងទាក់ទាញខ្លាំងឡើង។ យើងមានច្បាប់វិនិយោគទុន យើងមានច្បាប់ក្រុមហ៊ុន យើងមានច្បាប់ក្ស័យទុន យើងមានច្បាប់វិមជ្ឈកម្ម គឺច្បាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់ធនាគារជាដើម។
យើងក៏កំពុងព្រាងច្បាប់សំណង់ ច្បាប់ប្រកួតប្រជែង ច្បាប់ការពារអ្នកប្រើប្រាស់ និងច្បាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ប៉ុន្តែទោះជាមិនទាន់មានច្បាប់ធ្វើពាណិជ្ជកម្មតាមបច្ចេកវិទ្យាក្តី ក៏ការធ្វើពាណិជ្ជកម្មតាមបច្ចេកវិទ្យាបានដំណើរការបណ្តើរៗរួចទៅហើយនៅកម្ពុជា៕