ទុនសម្រាប់ធ្វើអាជីវកម្មជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ម្ចាស់អាជីវកម្មទាំងអស់គ្នា ព្រោះប្រសិនបើគ្មានប្រព័ន្ធហិរញ្ញវត្ថុរឹងមាំទេ ក្រុមហ៊ុនក៏មានការលំបាកក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនដែរ។ ហេតុនេះហើយទើបម្ចាស់អាជីវកម្មជាច្រើនតែងតែចង់ទទួលបានការទុកចិត្ត និងកម្ចីពីធនាគារបន្ថែមដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន តែកន្លងមកម្ចាស់ក្រុមហ៊ុនភាគច្រើនតែងតែយកឈ្មោះជាលក្ខណៈបុគ្គលដើម្បីស្នើសុំកម្ចី ព្រោះការស្នើសុំកម្ចីជាលក្ខណៈក្រុមហ៊ុនត្រូវរៀបចំឯកសារ និងចំណាយពេលវេលាច្រើន។
លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា (CBC) បានលើកឡើងថា បន្តិចទៀតនេះយើងនឹងអាចដាក់ឱ្យដំណើរការសេវាកម្មមួយគឺ ប្រព័ន្ធព័ត៌មានឥណទាននីតិបុគ្គល ឬប្រព័ន្ធព័ត៌មានឥណទានក្រុមហ៊ុន ដែលប្រព័ន្ធនេះនឹងផ្តល់ភាពងាយស្រួលដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ក្នុងការទាញយកព័ត៌មានពីក្រុមហ៊ុននានាដែលគាត់ដាក់ពាក្យស្នើសុំឥណទាន។ ការធ្វើបែបនេះក៏ជាផលប្រយោជន៍ជាច្រើនផងដែរ ព្រោះក្នុងទិន្នន័យនេះមានបញ្ជាក់ច្បាស់ពីប្រវត្តិសំខាន់ៗទាំងស្ថានភាពក្រុមហ៊ុន ប្រតិបត្តិការអាជីវកម្ម ប្រវត្តិរបស់ភាគហ៊ុនិក និងជាពិសេសគឺប្រវត្តិឥណទានរបស់ក្រុមហ៊ុននោះតែម្តងថា តើគាត់មានប្រវត្តិល្អ ឬមិនល្អចំពោះផ្នែកហិរញ្ញវត្ថុ។
លោក អឿ សុធារ័ត្ន បាននិយាយថា៖ “ឥឡូវនេះយើងទទួលបានភ្លើងខៀវពីធនាគារជាតិនៃកម្ពុជាហើយ ហេតុនេះយ៉ាងយូរត្រឹមចុងខែនេះយើងអាចដាក់ឱ្យដំណើរការពេញលេញបានហើយ។ ក្រោយពេលដាក់ឱ្យដំណើរការហើយ យើងសង្ឃឹមថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនឹងកាន់តែមានលក្ខណៈល្អប្រសើរឡើង ហើយពិន្ទុពាក់ព័ន្ធនឹងភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដែលវាយតម្លៃដោយធនាគារពិភពលោក ក៏អាចនឹងកើនឡើងជាវិជ្ជមានផងដែរ”។
លោក អឿ សុធារ័ត្ន បានបញ្ជាក់ផងដែរថា ការផ្តល់ប្រព័ន្ធព័ត៌មានឥណទាននេះ ក៏អាចស្ថិតក្នុងចរន្តមួយដែលអាចជំរុញអាជីវកម្មខ្នាតតូចមួយចំនួនឱ្យអភិ-វឌ្ឍខ្លួនឱ្យក្លាយជាក្រុមហ៊ុនស្តង់ដារបានផងដែរ ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្នើសុំឥណទានដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនពីគ្រឹះស្ថានហិរញ្ញវត្ថុនានានៅកម្ពុជា។ ការស្នើសុំឥណទាន ឬខ្ចីជាលក្ខណៈក្រុមហ៊ុនមានលក្ខណៈពិសេសប្លែកពីកម្ចីបុគ្គលត្រង់ថា ការខ្ចីក្នុងនាមជាក្រុមហ៊ុនមិនមែនបុគ្គលណាម្នាក់ ឬអ្នកគ្រប់គ្រងណាម្នាក់ជាអ្នកជំពាក់ធនាគារនោះទេ តែក្រុមហ៊ុនដែលមានភាគីពាក់ព័ន្ធ ឬម្ចាស់ភាគហ៊ុនទាំងអស់ជាអ្នកខ្ចី ហេតុនេះវាអាចធ្វើឱ្យការរកស៊ីកាន់តែល្អឡើង ហើយម្យ៉ាងទៀតកម្ចីក្រុមហ៊ុនក៏អាចទទួលបានឥណទានច្រើនផងដែរ ព្រោះភាគច្រើនកម្ចីក្រុមហ៊ុនជាកម្ចីធំៗសម្រាប់ធ្វើអាជីវកម្ម។
លោកជំទាវ ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា និងជាប្រធានការិយាល័យឥណទានកម្ពុជា បានលើកឡើងថា ការដាក់ឱ្យដំណើរការនូវប្រព័ន្ធឥណទាននីតិបុគ្គលនេះ នឹងជួយឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធនានាទទួលបាននូវព័ត៌មានឥណទានពេញលេញរបស់នីតិបុគ្គលទាំងឡាយដែលបានដាក់ពាក្យស្នើសុំប្រាក់កម្ចីពាណិជ្ជកម្មក្នុងទីផ្សារ។ ព័ត៌មានក្រុមហ៊ុនទាំងអស់នេះក៏មានសារៈសំខាន់ផងដែរសម្រាប់ធនាគារកណ្តាលក្នុងការតាមដានមើលទីផ្សារទាំងមូល ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ។
លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា៖ “សេវាកម្មដែលផ្តល់ដោយការិយាល័យឥណទានកម្ពុជា មិនមែនបញ្ចប់ត្រឹមតែព័ត៌មានប៉ុណ្ណោះទេ តែគណៈគ្រប់គ្រងក៏បានរៀបចំជាផែនការយុទ្ធសាស្ត្ររយៈពេលវែងមួយ ដែលបានទទួលការគាំទ្ររួចហើយពីក្រុមប្រឹក្សាភិបាល។ យើងប្តេជ្ញាផ្តល់ការគាំទ្រជាបន្តជូនដល់សមាជិករបស់យើង ដោយផ្តល់ជូននូវដំណោះស្រាយផ្សេងៗជាច្រើនស្របតាមតម្រូវការរបស់ពួកគេ”។
លោកបណ្ឌិត អុិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអឹលស៊ី បានលើកឡើងថា ការរៀបចំឱ្យមានប្រព័ន្ធព័ត៌មាននីតិបុគ្គលនេះ គឺផ្តល់ភាពងាយស្រួលទាំងសងខាង ទាំងសហគ្រាសដែលមានម្ចាស់ភាគហ៊ុនចម្រុះផង និងសម្រាប់យើងខ្ញុំជាធនាគារពាណិជ្ជផង ព្រោះគុណភាពនៃការផ្តល់ព័ត៌មានរបស់ការិយាល័យឥណទានកន្លងមកគឺមានភាពច្បាស់លាស់។ ហេតុនេះប្រសិនបើយើងចង់ដឹងពីព័ត៌មានរបស់សហគ្រាសមុនពេលផ្តល់កម្ចី យើងអាចឆែកមើលពីប្រវត្តិរបស់សហគ្រិន និងសហគ្រាសនោះបាន ដោយចំណាយពេលវេលាតិច តែទទួលបានទិន្នន័យច្រើន និងច្បាស់លាស់ ដែលធ្វើឱ្យយើងអាចសម្រេចចិត្តបានត្រឹមត្រូវ។
លោកបណ្ឌិត អុិន ចាន់នី បាននិយាយថា៖ “ការផ្តល់ព័ត៌មាននេះក៏អាចជាការផ្តល់ព័ត៌មានលម្អិតផងដែរចំពោះក្រុមហ៊ុនដែលដើរតួជាអ្នកធានាឱ្យក្រុមហ៊ុនដែលដាក់ពាក្យកម្ចីថា តើគាត់មានបញ្ហាហិរញ្ញវត្ថុដែរឬទេ? ប្រវត្តិសងរបស់គាត់យឺតយ៉ាវ ឬល្អយ៉ាងណាដែរ? និងព័ត៌មានពាក់ព័ន្ធជាច្រើនផ្សេងទៀតដែលធ្វើឱ្យប្រព័ន្ធផ្តល់ព័ត៌មានមានភាពរឹងមាំខ្លាំងជាងមុន”។
លោកបណ្ឌិត បានលើកឡើងថា កន្លងមកធនាគារអេស៊ីលីដាមានផ្តល់ឥណទានសម្រាប់បុគ្គល និងក្រុមហ៊ុន គ្រាន់តែសម្រាប់ឥណទានក្រុមហ៊ុន យើងមានមិនសូវច្រើននោះទេ ព្រោះមានការលំបាកក្នុងការស្វែងរកព័ត៌មាន តែបច្ចុប្បន្ននេះយើងមានព័ត៌មានច្រើនហើយ ហេតុនេះយើងនឹងពង្រីកក្នុងការឱ្យខ្ចីលើផ្នែកនេះកាន់តែច្រើន។ បន្ថែមពីលើនេះលោកបណ្ឌិតក៏បានបញ្ជាក់ផងដែរថា យើងរំពឹងទុកថាក្រុមហ៊ុនឯកជននឹងចាប់ផ្តើមស្វែងយល់កាន់តែច្រើនពីនីតិវិធីផ្លូវច្បាប់ ដែលជំរុញឱ្យពួកគាត់ចុះបញ្ជីកាន់តែច្រើន ហើយនឹងស្នើសុំឥណទានក្នុងនាមជាក្រុមហ៊ុនកើនឡើងផងដែរ៕