កាលពីពេលថ្មីៗនេះ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន បានប្រកាសថា រាល់លទ្ធផលនៃប្រកួតប្រដាល់ទាំងអស់ គឺស្ថិតនៅក្រោមអំណាចទទួលខុសត្រូវរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
លោកបានបញ្ជាក់ថា បុស្តិ៍ទូរទស្សន៍នានាមានសិទ្ធិរៀបចំកម្មវិធីប្រកួត គ្រប់គ្រងការប្រកួត និងរៀបចំចាត់ចែងថវិកា ឬសម្រួលបញ្ហានានាក្នុងកម្មវិធីប្រកួតនីមួយៗ ក៏ប៉ុន្តែលទ្ធផលនៃការប្រកួត ឬអ្នកកាត់ក្តី ឬអ្នកឱ្យពិន្ទុត្រូវស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់មន្ត្រីនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
គួររំឭកផងដែរថា ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី4 ខែមេសា កន្លងទៅនេះទាក់ទងទៅនឹងការកាត់សេចក្ដីលើការប្រកួតប្រដាល់កន្លងទៅមានការខ្វះចន្លោះ ដោយសម្ដេចបានបញ្ជាឱ្យពិនិត្យ និងយកចិត្តទុកដាក់លើរឿងនេះឡើងវិញ ទើបខាងសហព័ន្ធបានបើកការប្រជុំជាបន្តបន្ទាប់រហូតសម្រេចដូចខាងលើជាមួយបណ្ដាស្ថានីយទូរទស្សន៍ទាំងអស់ដូចខាងលើ៕