ដូចប្រិយមិត្តបានជ្រាបមកហើយ តារាសិល្បៈភាគច្រើនដែលជិតដល់ថ្ងៃចូលរោង រមែងបន្ទំសាច់ដោយមិនទទួលការងារ ជាពិសេសការងារចុះខេត្តឆ្ងាយៗ តែដោយឡែកកំពូលតារាចម្រៀងស្រីនៅរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បែរជាមិនបន្ធូរដៃទាល់តែសោះ គេមើលឃើញកាន់តែសកម្មក្នុងការកើបលុយពីការរាំច្រៀងក្នុងព្រឹត្តិការណ៍ឋានព្រះឥន្ទ។ នាងត្រូវគេឃើញ បង្ហាញមុខក្នុងក្រុងប៉ោយប៉ែត ក្នុងការប្រគំតន្ត្រីចាប់ឆ្នោតផ្ដល់រថយន្តម៉ាក Masda 2019 ជូនដល់អតិថិជន របស់គម្រោងឋានព្រះឥន្ទ យ៉ាងក្រឡឺម កាលពីថ្ងៃទី6 ខែឧសភា ឆ្នាំ 2019 ។
ក្នុងពិធីជប់លៀងអមអោយការចាប់ឆ្នោតប្រគល់រង្វាន់រថយន្តស៊េរីទំនើបជាលើកដំបូងរបស់ក្រុមហ៊ីនហង្សម្ចាស់ដីនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រកាសយ៉ាងក្ដែងៗថា នាងសប្បាយចិត្តក្នុងការទទួលច្រៀងអោយក្រុមហ៊ុនមួយនេះ បើទោះជានាងជិតចូលរោងការ។ អ្វីដែលសំខាន់ គឺនាងចង់ជួបបងប្អូនអតិថិជនដោយផ្ទាល់ ដែលបានទិញចម្ការពីគម្រោងឋានព្រះឥន្ទ ហើយក៏ចង់អោយអ្នកមានឈ្មោះចាប់យករង្វាន់ទាំងអស់ នៅខាងប៉ោយប៉ែត បានជួបមុខនាងដោយផ្ទាល់។
ពាក់ព័ន្ធនឹងការលើកឡើងនេះ តារាចម្រៀង នាង ឱក សុគន្ធកញ្ញា បានលើកឡើងថា យ៉ាងណាមិញហេតុផលដែលនាងទទួលការងារ យ៉ាងសកម្មជាមួយក្រុមហ៊ុនហង្សម្ចាស់ដី ដែលជាក្រុមហ៊ុនពុះដីដីចម្ការលក់ជាហិកតារៗ នៅកៀកនឹងថ្ងៃចូលរោងការ កាន់តែកៀកមកដល់នេះ ក៏ដោយសារតែនាង និងក្រុមហ៊ុនមួយនេះ មានទំនាក់ទំនងល្អ ដោយមិនមែនព្រោះតែហេតុផលចង់បានលុយមួយមុខនោះទេ។ នាងបានបកស្រាយបទចម្រៀងច្រើនបទ ហើយក៏ចាប់ឆ្នោតផ្ដល់សំណាងដល់អតិថិជនផងដែរ ទើបឱកាសបង្ហាញខ្លួនរបស់នាង ក្នុងគម្រោងឋានព្រះឥន្ទលើកនេះ ទទួលបានការចាប់អារម្មណ៍លើសពីការបង្ហាញកាលពីលើកមុនៗ ដែលទៅតែច្រៀងរាំ។
លោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៊ុនហង្សម្ចាស់ដី បានអះអាងថាដោយសារតែក្រុមហ៊ុនចង់ផ្ដល់រង្វាន់រថយន្តមួយគ្រឿងជូនដល់អតិថិជននៅខាងប៉ោយប៉ែត ដែលបានទិញចម្ការពីគម្រោងឋានព្រះឥន្ទ ច្រើនគួរឱ្យកត់សម្គាល់ ទើបធ្វើពិធីចាប់ឆ្នោតផ្សងសំណាងដើម្បីផ្ដល់រថយន្តឆ្នាំ2019 ឱ្យមុនគេ ដោយបានទាំងអញ្ជើញតារាចម្រៀង ឱក សុគន្ធកញ្ញា ឱ្យចូលរួមច្រៀងរាំ។ លោកថានាង និងក្រុមហ៊ុន មិនបានកុងត្រាគ្នាយូរខែនោះទេ តែដោយសារតែនាងធ្លាប់ជាតារាចម្រៀងដែលច្រៀងរាំក្នុងកម្មវិធីរបស់ក្រុមហ៊ុនច្រើនដងមកហើយ ទើបនាងទទួលច្រៀង បើទោះជាជិតដល់ថ្ងៃមង្គលការ។ លោកថាពិធីចាប់ឆ្នោតប្រគល់រថយន្តដូចគ្នានេះ នឹងត្រូវធ្វើឡើងនៅតាមបណ្ដាខេត្តជាច្រើនទៀត ដើម្បីលើកទឹកចិត្តអ្នកទិញចម្ការពីក្រុមហ៊ុនហង្សម្ចាស់ដី អោយកាន់តែមានកម្លាំងចិត្ត ក្រៅពីទិញចម្ការ និងបានដំណាំនោះ៕