គម្រោងខុនដូចំនួន3 ត្រូវបានបញ្ចប់ការសាងសង់នៅត្រឹមត្រីមាសទី1 ឆ្នាំ2019 ដែលមានចំនួនសរុបរហូតដល់ 1,091យូនីត ធ្វើឱ្យមានការកើនឡើងប្រមាណ 7.69% ក្នុងការផ្គត់ផ្គង់ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។ ដូច្នេះការផ្គត់ផ្គង់អគារការិយាល័យនៅក្នុងរាជធានីភ្នំពេញនៅតែបន្តកើនឡើង ស្របពេលដែលតម្រូវការនៅលើទីផ្សារក៏មានការកើនឡើងផងដែរ។ នេះបើយោងតាមរបាយការណ៍ដែលសិក្សា និងស្រាវជ្រាវដោយក្រុមហ៊ុន CBRE Cambodia។
ផ្អែកតាមរបាយការណ៍ដែលចេញដោយក្រុមហ៊ុន CBRE ដែលបានបង្ហាញឱ្យដឹងថា ខុនដូប្រភេទមធ្យមមានចំណែកទីផ្សារប្រមាណ 89.3នៃស្តុកដែលបានបញ្ចប់ការសាងសង់នៅក្នុងត្រីមាសទី1 ឆ្នាំនេះ ដែលក្នុងនោះមានគម្រោង Urban Loft ដែលមាន 182យូនីត និងគម្រោង The Skyline ដែលមាន 792យូនីត។
ក្នុងរបាយការណ៍បានបង្ហាញទៀតថា ខុនដូប្រភេទខ្ពស់ស្ថិតនៅក្នុងគម្រោង Embassy Cen tral ដែលក៏បានបញ្ចប់ការសាងសង់ក្នុងត្រីមាសនេះដែរ មានចំនួន117យូនីតដែលមានទីតាំងនៅក្នុងខណ្ឌចំការមនបានធ្វើឱ្យមានការកើនឡើងនូវការផ្គត់ផ្គង់ចំនួនខុនដូកម្រិតខ្ពស់សរុបប្រមាណ3.8%។
ដោយឡែក ចំពោះទីផ្សារខុនដូកម្រិតសមរម្យក៏មានគម្រោងនឹងត្រូវបញ្ចប់ផងដែរ ដូចជាគម្រោង Phnom Penh Star ដែលបានបន្ថែម 448យូនីតទៅក្នុងស្តុក សរុបស្មើនឹង 29%នៃការផ្គត់ផ្គង់ថ្មីនៅត្រឹមត្រីមាសទី1 ឆ្នាំ2019។ ជាមួយគ្នានេះ ប្រមាណ 51%នៃយូនីតដែលត្រូវបានបើកលក់នៅក្នុងត្រីមាសទី1 នេះ គឺមានទីតាំងនៅក្នុងខណ្ឌសែនសុខ រួមមានអគារទី1 នៃគម្រោង Romduol Cityគម្រោង The Seven Residence និងគម្រោង ថ្មមួយដុំ (Thmor Madom Condominium) ដែលមានចំនួនបន្ទប់សរុប 974យូនីត”។
មន្ត្រីស្រាវជ្រាវផ្នែកអចលនទ្រព្យរបស់ CBRE បានប្រាប់ឱ្យដឹងថា៖ “នៅក្នុងវិស័យខុនដូ មានការចាប់ផ្តើមបើកលក់បន្ទប់ខុនដូថ្មីៗចំនួន 5គម្រោងនៅក្នុងត្រីមាសទី1 នៃឆ្នាំនេះ ដែលក្នុងនោះមានចំនួន 4គម្រោងគឺជាខុនដូប្រភេទសមរម្យដែលបានបង្កើនការផ្គត់ផ្គង់ខុនដូប្រភេទនេះចំនួន 1,169យូនីត។
ចំពោះការផ្គត់ផ្គង់អគារការិយាល័យម្ចាស់ផ្សេងគ្នា ក៏មានការកើនឡើងផងដែរ ដោយសារតែមានការបញ្ចប់ការសាងសង់អគារ Diamond Twin Tower ដែលមានទីតាំងស្ថិតនៅម្ដុំកោះពេជ្រក្នុងខណ្ឌចំការមន។
ការដាក់ឱ្យដំណើរការ Diamond Twin Towerបានបន្ថែមប្រមាណ 19.812ម៉ែត្រការ៉េនៃការផ្គត់ផ្គង់អគារការិយាល័យសរុបកើនឡើង 45,3%។ នៅក្នុងត្រីមាសទី1នេះ ក៏មានការសម្ពោធបើកការដ្ឋានរបស់គម្រោងអគារ Chief Tower ដែលជាអគារការិយាល័យម្ចាស់ផ្សេងគ្នាកម្រិត B ដែលមានផ្ទៃក្រឡា 12.250 ម៉ែត្រការ៉េ និងត្រូវបានបញ្ចុះបឋមសិលាបើកការសាងសង់ក្នុងមីនា ឆ្នាំ2019កន្លងទៅនេះដែរ។
មន្ត្រីស្រាវជ្រាវរបស់ CBRE បានបន្តទៀតថា ពាក់ព័ន្ធទៅនឹងតម្លៃលក់ គឺមានការប្រែប្រួលតិចតួច ដោយទីផ្សារខុនដូកម្រិតខ្ពស់មានការកើនឡើងប្រមាណ 0.4% ហើយខុនដូប្រភេទសមរម្យមានការកើនឡើងប្រមាណ 0.5% ហើយតាមការព្យាករចំពោះតម្លៃដាក់លក់គិតជាមធ្យមទៅលើទីផ្សារខុនដូកម្រិតមធ្យមនឹងមានការថយចុះបន្ដិច ពោលគឺក្នុងតម្លៃ 2,562ដុល្លារក្នុងមួយម៉ែត្រការ៉េ មកនៅត្រឹម 2,559ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកចំពោះទីផ្សារនៃការជួលខុនដូកម្រិតខ្ពស់ និងមធ្យមនៅបន្តស្ថិរភាពដដែល ដោយអត្រាតម្លៃជួលខុនដូកម្រិតខ្ពស់បានកើនឡើងប្រមាណ 1% ចំណែកឯអត្រាការជួលខុនដូប្រភេទមធ្យមមិនមានការប្រែប្រួលនោះទេ៕