តារាសម្ដែងស្រីល្បីឈ្មោះ ឈឹម អារីយ៉ា បានប្រកាសរៀបការកាលពីថ្ងៃទី 4 ខែឧសភា ឆ្នាំ 2019 នេះ និងបានប្រកាសថា អ្នកនាងគ្រោងនឹងផ្អែកពីសិល្បៈមួយរយៈសិន ព្រោះត្រូវការពេលវេលា សម្រាប់ស្វាមី និងគ្រួសារ។ យ៉ាងណាមិញ តារាសម្ដែងស្រីរូបនេះ ត្រូវបានគេដឹងថា អ្នកនាងបានក្លាយជាជំទាវស្របច្បាប់ជាផ្លូវការ តាមរយៈអាពាហ៍ពិពាហ៍ជាមួយមន្ត្រីផ្កាយ2 នៅក្រសួងមហាផ្ទៃ ដែលស្វាមីរបស់នាងក្រៅពីជាមន្ត្រីជាន់ខ្ពស់មួយរូបត្រៀមឡើងផ្កាយ3ហើយនោះ ក៏ជាអ្នកជំនួញទ្រព្យស្ដុកមួយរូបផងដែរ។ ក្នុងពិធីមង្គលការរបស់នាង ក្រៅពីភ្ញៀវកិត្តិយសដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងមហាផ្ទៃ ក៍មានវត្តមានផលិតករ និងតារាសិល្បៈជាច្រើនរូបចូលរួមថែមទៀត។
តារាស្រីក្នុងរឿង កន្ទោងខៀវរូបនេះ ប្រាប់សារព័ត៌មានឡារ៉ែនថា ស្វាមីរបស់នាងមានតួនាទីជាអគ្គនាយករងប្រចាំក្នុងនាយកដ្ឋានមួយរបស់ក្រសួងមហាផ្ទៃ ដោយក្នុងពេលបច្ចុប្បន្នលោកគឺជាមន្ត្រីផ្កាយ2 ប៉ុន្តែនឹងឡើងផ្កាយ3ឆាប់ៗក្នុងពេលខាងមុខ។ ពន្លកស្នេហ៍ជាមួយបុរសពោះម៉ាយផ្កាយ2នេះ អ្នកនាងថាបានកើតមានឡើងរង្វង់មួយឆ្នាំចុងក្រោយ ហើយដោយលោកក៏ហ៑ានចូលស្ដីដណ្ដឹងអ្នកនាងតាមប្រពៃណី ទើបចំណងស្នេហ៍ផ្លូវការក៏ឈានដល់អាពាហ៍ពិពាហ៍។ អ្នកនាងនឹងសម្រេចចិត្តបោះបង់សិល្បៈ តែមិនចោលទាំងស្រុងនោះទេ ដោយអាចក្រោយពេលបង្កើតបានកូនមួយ ឬ ពីរ គឺនាងនឹងត្រលប់មកថតជាថ្មី បើមានផលិតករទទួលយកនាងអោយសម្ដែងមួយរឿង ឬ 2រឿង។ នាងសម្រេចចិត្តបោះបង់សិល្បៈ ដើម្បីទៅជួយមើលមុខជំនួញលក់ឡាន និងបើកហាងបញ្ចាំរបស់ស្វាមី ប៉ុន្តែសម្រាប់សកម្មភាពអញ្ជើញៗរបស់តារាសិល្បៈដូចគ្នាក្នុងកម្មវិធីមង្គលការ និងក្នុងកម្មវិធីសប្បុរសធម៌ជាដើម គឺនឹងនៅតែបង្ហាញខ្លួនបើមានការអញ្ជើញ។
ឈឹម អារីយ៉ា បន្តថានាងមិនដែលនឹកស្មានថាខ្លួនមានសំណាងបានក្លាយជាជំទាវស្របច្បាប់តាមរយៈមង្គលការដូចអ្វីដែលបានឃើញនោះទេ តែនាងក៏នៅតែរៀបឫកជានារីសាមញ្ញ ដើម្បីកុំឱ្យមានការរិះគន់ថានាង ក្រោយក្លាយជាជំទាវ ក៏លែងឫកពារនោះដែរ។ អ្នកនាង និងស្វាមីគម្រោងដើរកម្សាន្ត10ប្រទេសនៅតំបន់អឺរ៉ុប នៅអំឡុង2ខែខាងមុខ តែសម្រាប់ពេលនេះ គឺអត់មានពេលចេញទៅលម្ហែកាយដើម្បីទៅក្រេបទឹកឃ្មុំនោះទេ ដោយសារតែនាងក៏ត្រូវថតបញ្ចប់ភាពយន្តដែលនៅកុងត្រា ហើយចំណែកស្វាមី ក៏រវល់នឹងការងារក្នុងស្រុកនៅឡើយ។