ប្រាក់ចំណេញសុទ្ធក្រោយពីបង់ពន្ធរួចរបស់ក្រុមហ៊ុន ភ្នំពេញ អេសអុីហ្សិត ភីអិលស៊ី (Phnom Penh SEZ ឬPPSEZ) ដែលជាក្រុមហ៊ុនចុះបញ្ជីលើផ្សារមូលបត្រកម្ពុជា (CSX) បានកើនឡើងប្រមាណជាង 72ភាគរយ ឬប្រមាណ 2,9លានដុល្លារអាមេរិកនៅចុងឆ្នាំ2018 បើធៀបទៅនឹងឆ្នាំ2017 មានតែ 1.68 លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ក្នុងនោះទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ភ្នំពេញ អេសអុីហ្សិត ភីអិលស៊ី កើនឡើង 54ភាគរយ ឬ87លានដុល្លារអាមេរិក។
លោក Hiroshi Uematsu នាយកប្រតិបត្តិក្រុមហ៊ុន ភ្នំពេញ អេសអុីហ្សិត ភីអិលស៊ី បានថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំកាលពីថ្ងៃសុក្រទី26 ខែមេសានេះថា សម្ទុះដ៏រឹងមាំនៃកំណើននេះទំនងជានឹងមានបន្តនៅក្នុងការអនុវត្តនៅត្រីមាសទី1 ឆ្នាំ2019។
លោក Hiroshi ថ្លែងថា សម្រាប់ឆ្នាំ2019 នេះ ក្រុមហ៊ុនព្យាករថា ប្រាក់ចំណេញសរុបនឹងកើនឡើង ដល់ 14.7លានដុល្លារអាមេរិក ហើយប្រាក់ចំណេញសុទ្ធក្រោយពីបង់ពន្ធរួច យើងរំពឹងថា នឹងកើនឡើងដល់ 6.4លានដុល្លារអាមេរិក។
លោកបានបន្តថា៖“ក្នុងរយៈពេលជាង 3ឆ្នាំជាក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ប្រាក់ចំណេញថ្មីរបស់យើងបានកើនឡើងជាលំដាប់ ហើយយើងរំពឹងថានឹងរក្សានិន្នាការកំណើននេះបាន។ តាមរយៈកំណើននេះ យើងនឹងពង្រីកដីបន្ថែមទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់យើងហើយខិតខំធ្វើពិពិធកម្មអាជីវកម្មរបស់យើងដើម្បីឈានទៅរកប្រភពប្រាក់ចំណូលប្រកបដោយចីរភាព”។
លោក Hiroshi Uematsu បានឱ្យដឹងទៀតថា ក្រុមហ៊ុន ភ្នំពេញ អេសអុីហ្សិត ភីអិលស៊ីបានកំណត់គោលដៅមួយថានៅឆ្នាំ2023 ក្រុមហ៊ុននឹងបង្កើនប្រាក់ចំណូលដែលមិនមែនបានមកពីការលក់ដីឱ្យបានរហូតដល់ 50ភាគរយ។
លោកថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ភ្នំពេញ អេសអុីហ្សិត ភីអិលស៊ីបានកំពុងប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេសមួយទៀតនៅខេត្តបន្ទាយមានជ័យក្រុងប៉ោយប៉ែត ដោយមានឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ឬប៉ោយប៉ែត អេសអុីហ្សិត ដែលមានទំហំ 70ហិកតា បែងចែកជាមាន 2ដំណាក់កាលក្នុងការអភិវឌ្ឍ និងសាងសង់ដោយចំណាយទឹកប្រាក់ប្រមាណ 15លានដុល្លារក្នុងដំណាក់កាលទី1 នេះ។
លោក Hiroshi និយាយថា៖“យើងមើលឃើញពីសក្តានុពលពីការរីកលូតលាស់នៅប៉ោយប៉ែត ដោយឥឡូវយើងមានក្រុមហ៊ុនជប៉ុនមួយ ឈ្មោះថា Sumitronics បានចូលរួមជាមួយយើងហើយនៅប៉ោយប៉ែត ហើយនៅទីនោះយើងនឹងទាក់ទាញ និងស្វាគមន៍ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់”។
លោក Hiroshi បន្តថា៖“យើងមិនមានគោលបំណងដើម្បីធ្វើមូលដ្ឋានផលិតដ៏ធំនៅកម្ពុជាទេ យើងត្រូវតែបែងចែក ដោយសារតែប៉ោយប៉ែត អេសអុីហ្សិត នៅជាប់ព្រំដែនប្រទេសថៃ ដូច្នេះវាមានន័យថាមុខងារផលិតកម្មធំនៅថៃ ហើយសកម្មភាពផលិតកម្មផ្សេងទៀតអាចនឹងមាននៅទីនេះ(កម្ពុជា) វាជាផ្នែកមួយនៃបណ្តាញផលិតកម្ម ដែលជាផលិតផលកម្ពុជាអាចរួមបញ្ចូលជាមួយថៃ”។
លោក Hiroshi ថា ក្រុមហ៊ុន ភ្នំពេញ អេសអុីហ្សិតភីអិលស៊ី (ភីភីអេសភី) មានផែនការពង្រីកផ្ទៃដីចំនួន100ហិកតាបន្ថែមទៀតនៅភ្នំពេញ អេសអុីហ្សិត ភីអិលស៊ី ដោយឥឡូវយើងមាន 360ហិកតា ហើយ ភាគច្រើននៃផ្ទៃដី គឺជួលពេញរហូតដល់ 95ភាគរយដែលមានចំនួន 100រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរ និងគ្រឿងអេឡិចត្រូនិកជាដើម។
លោកបន្តថា ក្រុមហ៊ុនភាគច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺមកពីជប៉ុនប្រមាណជា 55ភាគរយ ហើយក្រៅពីនោះមានមកពីប្រទេសចិន តៃវ៉ាន់ ហុងកុង ថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពិន និងមកពីប្រទេសផ្សេងៗទៀត៕