ក្រសួងពាណិជ្ជកម្មតាមរយៈក្រុមហ៊ុន ហ្គ្រីនត្រេដដែលជាសេនាធិការបានធ្វើការពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្ម COFCO នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី12 ខែមេសា ឆ្នាំ2019 រួចហើយលើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់ពាណិជ្ជកម្មទំនិញអង្ករកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសចិន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយថ្ងៃទី24 ខែមេសា ឆ្នាំ2019។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិននឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) លើពាណិជ្ជកម្មអង្ករ ប្រមាណ 40ម៉ឺនតោននាំចេញទៅកាន់ទីផ្សារប្រទេសចិននៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី2 នៅក្នុងប្រទេសចិន។
សេចក្តីជូនដំណឹងដដែលបានបន្តថា ជាលទ្ធផលភាគីទាំង2 បានឯកភាពគ្នាលើសចេក្តីព្រាងអនុស្សរណៈដើម្បីចុះហត្ថលេខានៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី 2 ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី27 ខែមេសា ឆ្នាំ2019។
ចំណុចសំខាន់ៗនៅក្នុងអនុស្សរណៈដែលភាគីទាំង2 បានចុះហត្ថលេខាមានដូចតទៅ៖
– ពាណិជ្ជកម្មអង្ករ៖ ភាគីចិនយល់ព្រមទិញអង្ករ ផ្កាម្លិះ អង្ករក្រអូប អង្ករស និងចុងអង្កររបស់ប្រទេសកម្ពុជាក្នុងបរិមាណ 40ម៉ឺនតោន ចាប់ពីខែសីហា ឆ្នាំ2019 រហូតដល់ចុងខែធ្នូ ឆ្នាំ2020។
– យន្តការអនុវត្តន៍៖ អនុស្សរណៈនេះនឹងចូលជាធរមានភ្លាម បន្ទាប់ពីគូភាគីទាំង2 អនុវត្តបញ្ចប់ដោយជោគជ័យនូវអនុស្សរណៈដំបូងដែលបានចុះហត្ថលេខា កាលពីថ្ងៃទី11 ខែមករា ឆ្នាំ2018 ស្តីពីការចូលអង្ករចំនួន 30ម៉ឺនតោន។
– យន្តការត្រួតពិនិត្យធុរកិច្ច៖ គូភាគីទាំង2 នឹងបង្កើតយន្តការត្រួតពិនិត្យធុរកិច្ចរួម ដើម្បីតាមដានការអនុវត្តអនុស្សរណៈរៀងរាល់ត្រីមាស ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុ អំឡុងពេលអនុស្សរណៈនៃការយោគយល់គ្នានេះ។
យោងតាមរបាយការណ៍ផ្លូវការបានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនបានកើនឡើង59% នៅត្រីមាសទី1 ឆ្នាំនេះ ដោយបាននាំចេញអង្ករចំនួន 75,214តោនទៅប្រទេសចិននៅត្រីមាសដំបូងឆ្នាំ2019 ដែលកើនឡើង59% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់លេខាធិការដ្ឋានសេវាច្រកចេញចូលតែមួយសម្រាប់ការនាំចេញអង្ករបានឱ្យដឹងថា ប្រទេសចិនជាអ្នកទិញស្រូវអង្ករធំជាងគេនៅក្នុងអំឡុងពេលពីខែមករា ដល់ខែមីនា ឆ្នាំនេះដោយបានបន្ថែមថា ការនាំចេញទៅកាន់ប្រទេសចិនមានចំនួន 44%នៃការនាំអង្ករចេញសរុបរបស់ប្រទេស។
យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសអាស៊ីអាគ្នេយ៍បាននាំចេញអង្ករសរុបចំនួន170,821តោនក្នុងរយៈពេល 3ខែដំបូងនៃឆ្នាំនេះកើនឡើង6% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តួលេខបានបង្ហាញថា តំបន់នេះបាននាំចេញអង្ករ 51,552តោនទៅទីផ្សារអឺរ៉ុបក្នុងអំឡុងពេលនេះពោលគឺ ធ្លាក់ចុះ33% ដោយសារតែសហភាពអឺរ៉ុបបានដាក់ពន្ធលើអង្ករពីប្រទេសកម្ពុជាកាលពីដើមឆ្នាំនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការនាំចូលអង្ករពីព្រះរាជាណាចក្រកម្ពុជា៕