រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ហើយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ដែលជាជន្ទល់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបទៅដោយនិរន្តរភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(ចុះថ្ងៃទី19-04-19)បានឱ្យដឹងថា ដោយហេតុថាផលិតផលទេសចរណ៍កម្ពុជានៅមានកម្រិត បើធៀបនឹងប្រទេសជិតខាង កម្ពុជាត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ជាចាំបាច់សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសទេសចរណ៍បែបវប្បធម៌ និងធម្មជាតិដែលជាផលិតផលឈានមុខគេរបស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ការលើកកម្ពស់សេវាមួយស្តង់ដារមួយ គឺជាបទដ្ឋាននៃសេវាទេសចរណ៍ឱ្យស្របទៅតាមស្តង់ដារអាស៊ាន ស្របពេលដែលទស្សនវិស័យនៃបុគ្គលិកម្នាក់ជំនាញមួយ ជាការគិតគូថ្មី សំដៅរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជាតាមរយៈការបង្កើនចំនួន និងគុណភាពនៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍។
ក្រសួងទេសចរណ៍បានរៀបចំវិធានការក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជាតាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍ ការលើកកម្ពស់សេវាមួយស្តង់ដារមួយ បុគ្គលិកម្នាក់ជំនាញមួយ និងទេសចរណ៍វៃឆ្លាត(Smart Tourism)។
ជាមួយគ្នានេះ ការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាតសំដៅដល់ការធ្វើឌីជីថលរូបនីយកម្ម(Digitalization)ក្នុងដំណើរការនៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ការធ្វើដំណើរ បដិសណ្ឋារកិច្ច និងឧស្សាហកម្មម្ហូបអាហារជាដើម។
វិធានការខាងលើត្រូវបានគាំទ្រដោយអភិក្រម4 ដែលជាគោលការណ៍គ្រឹះនៃផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ រួមមានការពង្រឹងយន្តការស្ថាប័ន ការផ្សព្វផ្សាយក្នុងប្រទេស និងក្រៅប្រទេស និងការសម្របសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទេសចរណ៍។
សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានបើកកិច្ចប្រជុំស្តីពីគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាក្រោមអធិបតីភាពឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានការចូលរួមពីមន្ត្រីបច្ចេកទេសរបស់ក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើន បានគាំទ្រចំពោះវិធានការរបស់ក្រសួងទេសចរណ៍កម្ពុជាដែលបានដាក់ចេញនូវរបៀបវារៈចំនួន3 ជាសំខាន់គឺ៖ 1-វិធានការចាំបាច់ដើម្បីលើកស្ទួយវិស័យទេសចរណ៍។ 2-ការលើកទឹកចិត្តដល់គោលនយោបាយទេសចរណ៍ផ្ទះសម្រាប់ទេសចរណ៍វ័យចំណាស់ និង3-ការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តរតនគិរីឱ្យទៅជាសមាហរណកម្មពិសេស និងការរៀបចំផែនការមេ និងផែនការសកម្មភាពជម្រុញអភិវឌ្ឍន៍ខេត្តកែបឱ្យក្លាយជា“តំបន់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់” ;និងជាតំបន់ទេសចរណ៍ធម្មជាតិ។
ចំពោះវិធានការទី1 និងទី2 ក្នុងការលើកស្ទួយវិស័យទេសចរណ៍នោះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងទេសចរណ៍បាន និងកំពុងអនុវត្តជាបណ្តើរៗហើយ តែដោយឡែកចំពោះវិធានការទី3 ការរៀបចំប្លង់មេដើម្បីដាំបន្លែ និងផ្កា ពិសេសរៀបចំសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរីដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការដឹកជញ្ជូននោះនឹងមានការពិភាក្សាបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្នុងការដឹកនាំមន្ត្រីក្រសួងជួបប្រជុំជាមួយឯកឧត្តមបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីពិភាក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍នៅខេត្តមណ្ឌលគិរី និងបណ្តាខេត្តមួយចំនួនទៀតនោះ គឺសម្រាប់ខេត្តមណ្ឌលគិរី ជាខេត្តមានលក្ខខណ្ឌអាកាសធាតុល្អប្រសើរ ដែលអាចដាំបន្លែ និងផ្កាសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ព្រោះបច្ចុប្បន្នយើងបាននាំចូលបន្លែ និងផ្កាជាច្រើនពីប្រទេសជិតខាង។
ឯកឧត្តមបណ្ឌិតបន្តថា៖“នៅក្នុងផែនការនេះ គឺរដ្ឋាភិបាលនឹងសាងសង់ព្រលានយន្តហោះខ្នាតតូចមួយដើម្បីដឹកជញ្ជូនភ្ញៀវទេសចរទៅទស្សនានៅខេត្តនេះ និងសម្រាប់ដឹកជញ្ជូនទំនិញ បន្លែ ផ្កាសម្រាប់ផ្គត់ផ្គង់ទីផ្សារទេសចរណ៍ដទៃទៀត។ លោកបន្តថា ការសម្រេចផែនការនេះនឹងធ្វើឱ្យកម្ពុជាចំណេញច្រើន ដោយកាត់បន្ថយការធ្លុះធ្លាយលើវិស័យទេសចរណ៍បានច្រើន”។
ឯកឧត្តម ថោង ខុន បានបន្តថា ផែនការនេះនឹងបញ្ចប់ការសិក្សាក្នុងរយៈពេល 6ខែ ហើយនៅពេលសិក្សាចប់ រដ្ឋាភិបាលនឹងអនុវត្តផែនការដោយកសាងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីផ្តល់ឱកាស និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួមក្នុងការវិនិយោគលើគម្រោងនេះ។
ដោយឡែកចំពោះវិធានការទី3 ដដែលនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងរៀបចំខេត្តកែបឱ្យក្លាយជាតំបន់ទេសចរណ៍កម្រិតខ្ពស់ ដែលការអភិវឌ្ឍខេត្តកែបឱ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់នេះ គឺរាប់បញ្ចូលទាំងទីក្រុងឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក៏ដូចជារមណីយដ្ឋានទេសចរណ៍នានាផងដែរ ប៉ុន្តែអាចនឹងមិនមានការបង្កើតឱ្យមាន “កាស៊ីណូ” និងរោងចក្រសហគ្រាសឡើយ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ឱ្យដឹងថា កន្លងមករាជរដ្ឋាភិបាលបានគិតបែបនេះ ហើយបាននិងកំពុងចាប់ផ្តើមរៀបចំផែនការមេដើម្បីរៀបចំខេត្តកែបជាតំបន់ទេសចរណ៍កម្រិតខ្ពស់ និងជាតំបន់ទេសចរណ៍បៃតង ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើវិស័យទេសចរណ៍ឱ្យបានល្អប្រសើរក្នុងការផ្តល់សេវាកម្ម និងការធ្វើបដិសណ្ឋារកិច្ចឱ្យបានកាន់តែល្អសម្រាប់ភ្ញៀវទេសចរផងដែរ។
ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា៖“ហេតុនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រៀមរៀបចំខេត្តកែបឱ្យទៅជាតំបន់ទេសចរណ៍កម្រិតខ្ពស់ ជាតំបន់ទេសចរណ៍បៃតងដោយមិនអនុញ្ញាតឱ្យមានរោងចក្រសហគ្រាស និងការវិនិយោគកាស៊ីណូនៅក្នុងខេត្តនេះទេ”។
ក្រសួងទេសចរណ៍ក៏បានលើកទឹកចិត្តឱ្យមានការបង្កើតលំនៅឋានទី2 សម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ឬចូលនិវត្តន៍នៅខេត្តកែបនេះផងដែរ ដើម្បីឱ្យពួកគេពន្យារពេលក្នុងការទស្សនា និងស្នាក់នៅក្នុងរយៈពេលយូរក្នុងប្រទេសកម្ពុជា ដែលជំរុញឱ្យពួកគេមានការចំណាយច្រើន។
បើតាមឯកឧត្តម ថោង ខុន ក្រៅពីគម្រោងអភិវឌ្ឍន៍ខេត្តកែបនេះ រាជរដ្ឋាភិបាលក៏បានសម្រេចលើការសិក្សារៀបចំ “ខេត្តកំពតទៅជាតំបន់ទេសចរណ៍វប្បធម៌បេតិកភណ្ឌ និងកសិ-ទេសចរណ៍”ក្នុងពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិមួយ ក្នុងគម្រោងកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គដែលអាចនឹងបញ្ចប់នៅដើមឆ្នាំ2020 ខាងមុខផងដែរ៕