ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានបង្ហាញពីទម្រង់លេងយ៉ាងរឹងមាំលើក្រុមជម្រើសជាតិសិង្ហបុរី ខណៈដែលក្រុមជើងខ្លាំងមកពីតំបន់អាមេរិកខាងត្បូងមួយនេះ បានបំបាក់ក្រុមម្ចាស់ផ្ទះសិង្ហបុរី យ៉ាងចាស់ដៃក្នុងលទ្ធផល 6-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិមួយ កាលពីថ្ងៃអង្គារម្សិលមិញ។
ការប្រកួតនេះត្រូវបានរៀបចំឡើងដើម្បីអបអរដល់ការគម្រប់ខួបលើកទី125ឆ្នាំនៃការបង្កើតសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន មិនបានបន្ធូរដៃឲ្យឡើយ ខណៈដែលលោកគ្រូបង្វឹកថ្មី Jorge Sampaoli បានបង្ហាញពីបំណងនៃការចង់ឈ្នះជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ច្រើនតាមរយៈការប្រើប្រាស់រូបមន្តលេង 2-3-5។
អ្នកគាំទ្ររបស់សិង្ហបុរីមួយចំនួនបានទាមទារឲ្យសងប្រាក់ពួកគេមកវិញ នៅពេលដែលតារាឆ្នើម Lionel Messi និង Gonzalo Higuain បានដកខ្លួនចេញពីការប្រកួតនេះ ប៉ុន្តែលោក Sampaoli បានទទួលឱកាសក្នុងការសាកល្បងប្រើប្រាស់ខ្សែប្រយុទ្ធ5នាក់ ដែលដឹកនាំដោយខ្សែប្រយុទ្ធ Joaquin Correa របស់ក្លិប Sevilla។ ក្រោយពីលេងបានរយៈពេល25នាទី ក្រុមជើងខ្លាំងមកពីអាមេរិកខាងត្បូងមួយនេះ បានរកគ្រាប់បាល់បើកឆាកបានតាមរយៈ Federico Fazio ដែលជាខ្សែការពារម្នាក់ក្នុងចំណោមខ្សែការពារទាំងពីរនាក់នៅក្នុងបញ្ជីឈ្មោះក្រុមរបស់ពួកគេ។ រយៈពេល5នាទីក្រោយមកទៀត កីឡាករ Joaquin Correa បានបន្ថែមការនាំមុខឱ្យក្រុមខ្លួន តាមរយៈការរកគ្រាប់បាល់អន្តរជាតិជាលើកទី1របស់គេ។ ស្របពេលដែលក្រុមម្ចាស់ផ្ទះហាក់ដូចជាស្រុតចុះកម្លាំងក្នុងតង់ទី2 ខ្សែបម្រើ Alejandro Gomez របស់ក្លិប Atalanta បានស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អនៅនាទីទី6០។
ការឈឺចាប់របស់សិង្ហបុរីបានកើនឡើង នៅពេលការទាត់បាល់ចេញមិនបានល្អពីសំណាក់អ្នកចាំទីបម្រុងនៃក្រុមម្ចាស់ផ្ទះ Izwan Mahmud បានបណ្តោយឲ្យ Leandro Paredes បន្ថែមគ្រាប់បាល់1គ្រាប់ទៀត នៅមុនពេល Lucas Alario និងតារាឆ្នើម Angel Di Maria របស់ក្លិប Paris Saint-Germain រកគ្រាប់បាល់ទី5 និងទី6 បានជាបន្តបន្ទាប់សម្រាប់ក្រុមភ្ញៀវ៕
ប្រភពពី៖ The Straits Times