Skip to content

​ ជលវប្បដ្ឋានត្រីទឹកសាប-ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​ នឹងបង្ហាញខ្លួននៅខេត្ត​សៀមរាប

ការ​វិនិយោគ​គម្រោង​ជលវប្បដ្ឋាន​ត្រី​ទឹកសាប-ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​លើ​ទំហំ​ផ្ទៃដី ​100ហិកតាដែលមាន​ទំហំ​វិនិយោគ​សរុប 70លាន​ដុល្លារ នឹងត្រូវ​កសាងឡើង​នៅខេត្ត​សៀមរាប។តាមការ​លើកឡើង​របស់សមាជិក​ក្រុមប្រឹក្សា​ភិបាល និង​ប្រធាន​ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម​ក្នុង​ពិធីបើក​សម្ពោធ​ការ​ចាប់​ផ្ដើមការ​សាងសង់ជលវប្បដ្ឋាន​ត្រី​ទឹកសាប ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​។

គម្រោង​នេះ ជារបស់​ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium)ដែលត្រូវបាន​បង្កើត​ឡើង​ក្នុង​ទម្រង់​ជាដៃគូ​រវាង​វិនិយោគិន​កម្ពុជា និង​វិនិយោគិន​ជប៉ុន​ក្រោមកិច្ច​សហការ​ជាមួយ ICM Inc. (International Concept Management Inc.) ពីសហរដ្ឋ អាមេរិក​ដែលរៀបចំ​រចនា​ប្លង់ គ្រប់គ្រង​គម្រោង និង​ប្រតិបត្តិ​ការជលវប្បដ្ឋាន និង​ឧទ្យានសមុទ្រ​នៅទូទាំង​ពិភពលោក។

លោក Roger R. Reynolds បាន​បន្ថែម​ថា គម្រោង​នេះ គឺមាន​ច្រើនលើស​ពីត្រឹម​ជា​ជលវប្ប ដ្ឋាន ឬឧទ្យានសត្វ​ទៅទៀត។ ជាមួយគ្នា​នេះ ក្រុមលោក​នឹង​កសាង​ជម្រក​ធម្មជាតិ​ប្រកបដោយ​គុណ ភាពខ្ពស់​ សម្រាប់​ថែរក្សា​សត្វព្រៃ​រស់នៅ​លើគោកក្នុង​តំបន់​អាស៊ី មិនថា​ពួកវា​ជាពូជ​សង្រ្គោះ ឬ បង្ខាំង​ទុក​នោះទេ។

ចំពោះ​ទំហំវិនិយោគ​សរុប​​សម្រាប់គម្រោងនេះ​មាន 3ដំណាក់កាល ដោយការ​ចំណាយ​ក្នុង​ដំណាក់កាល​ដំបូងស្មើ​នឹង 18លាន​ដុល្លារ។ ការសាងសង់​ក្នុង​ដំណាក់កាល​ទី1 នឹង​ប្រើពេល 2ឆ្នាំ ដោយមាន​ការ​បើក​ការដ្ឋាន​នៅក្នុង​ខែ​ឧសភា ឆ្នាំ​2019 និង​បញ្ចប់​ត្រឹម​ខែ​ឧសភា ឆ្នាំ​2021។

គម្រោងនេះ​នឹង​មាន​សួន​រុក្ខសាស្រ្ត សាលតាំង​ពិព័រណ៍ ជម្រក​ល្មូន និងគំរូ​ភូមិនេសាទខ្មែរ​ដែល​ភ្ញៀវ​អាច​ដើរ​​កម្សាន្ដ ទិញ​ទំនិញ និងរីករាយ​ទទួលទាន​ម្ហូបអាហារ និង​ភេសជ្ជៈ​ក្នុងស្រុក​មួយចំនួន។ គម្រោង​ជលវប្បដ្ឋាន​ត្រី​ទឹកសាប ទឹក​ប្រៃ និង​ជម្រក​អភិរក្ស​សត្វ​​នេះនឹង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍លំដាប់​ពិភពលោក​។ សម្រាប់​គោលដៅ​របស់​គម្រោង​នេះ គឺ​ធានា​ថា វានឹងក្លាយ​ជាគោលដៅ​ទាក់ទាញ​បំផុត​ទី2 បន្ទាប់ពីប្រាសាទ​អង្គរវត្ត។

ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា គម្រោង​វិនិយោគ​នេះជាការធ្វើពិពិធ​កម្មផលិតផល និងសេវាកម្មទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិតក្នុងគោលដៅ​ទេសចរណ៍ និងជា​ផលិតផល​ទេសចរណ៍​ថ្មីមួយទៀត​សម្រាប់​ខេត្ត​សៀមរាបដែលនឹង​បង្កើត​ភាព​ទាក់ទាញ​ថ្មីជំរុញ​អ្នកទេសចរ​មកកាន់​ខេត្តសៀមរាបបន្ត​ការស្នាក់នៅ​ជាមធ្យម​ពាក់កណ្តាល​ថ្ងៃទៀត​ផង។

ឯកឧត្តមបាន​លើកឡើង​ថា នេះជាបេសកកម្មយុទ្ធសាស្រ្តសំខាន់​របស់យើង​ដើម្បីសម្រេចបាននូវការអភិវឌ្ឍវិស័យទេសចរណ៍រយៈពេលវែងនៅក្នុងប្រទេស។ រដ្ឋាភិបាលកម្ពុជា​បានកំណត់វិស័យទេសចរណ៍ថាជា “មាសបៃតង” និងជាអាទិភាពមួយក្នុងចំណោម​អាទិភាពខ្ពស់​បំផុត សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសដែលបានរួមចំណែក 12.7% ចំពោះ​ផលិតផលក្នុងស្រុក សរុប និងបង្កើតការងាររាប់សែនកន្លែង និងឱកាសរកស៊ី។ គម្រោងនេះក៏នឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ការការ​ពារបរិ​ស្ថាន និងការអភិរក្សធនធានវប្បធម៌ និងធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្ដមឯកអគ្គរដ្ឋទូតស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា​បានឱ្យដឹង​ថា គម្រោង​នេះ​ជាគម្រោងមួយក្នុងចំណោមការវិនិយោគធំជាងគេរបស់អាមេរិកនៅកម្ពុជាក្នុងរយៈ​ពេលជា​ច្រើនឆ្នាំមកនេះ ហើយនេះគឺជាអ្វីដែលយើងត្រូវអបអរ និងទទួល​ស្គាល់។ ឯកឧត្តមបានបន្ដទៀតថា ដោយសារការគាំទ្ររបស់សហរដ្ឋអាមេរិក ជលវប្បដ្ឋានត្រីទឹក​សាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ នឹងក្លាយជាគោលដៅទេសចរណ៍ថ្នាក់ពិភពលោក។

ឯកឧត្ដមចាត់ទុកការវិនិយោគនេះគឺជាគំរូដ៏ប្រពៃមួយ ហើយកាលណា​ច្បាប់ទម្លាប់មានភាពច្បាស់លាស់ ហើយដំណើរការលទ្ធកម្មមានភាពបើកចំហ ប្រទេស​កម្ពុជាពិតជាអាចទទួលបានប្រយោជន៍ពីទំនាក់ទំនងជាមួយដៃគូច្រើនដើម្បីទទួលបានលទ្ធផលល្អ​បំផុតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា៖«ការអភិវឌ្ឍនេះមានភាពស្របឥតខ្ចោះជាមួយ​នឹង​ផល​ប្រយោជន៍​ទាំងនោះ ហើយវាពិតជាទាក់ទាញពលរដ្ឋកម្ពុជាឱ្យចង់រៀនថែម​ទៀតអំពីប្រព័ន្ធ​បរិ​ស្ថាន អេកូឡូស៊ីដ៏សម្បូរបែបនៃមាតុភូមិរបស់ពួកគេ»

Leave a Reply

Your email address will not be published. Required fields are marked *